Monday, September 15, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ភ្ញាក់ផ្អើល​ខ្លាំង! ប្រទះឃើញ «វត្ថុចម្លែក» ដ៏​ធំ បោកបក់​លើ​ឆ្នេរសមុទ្រ អ្នកខ្លះ​ថា UFO ខ្លះទៀត​ថា ពង​នាគ…

ប៉ូលិស និង​អ្នក​ស្រុក នៅ​ក្នុង​ទីក្រុង Hamamatsu របស់​ជប៉ុន ពិតជាមានការ​ងឿងឆ្ងល់យ៉ាងខ្លាំង ​ចំពោះ​គ្រាប់​ដែក​ដ៏​ធំ​មួយ ​ដែល​បាន​បោកបក់​លើ​ឆ្នេរសមុទ្រ Enshu ក្នុង​តំបន់។

វត្ថុដ៏ធំចម្លែកនេះ ដែលមានអង្កត់ផ្ចិតប្រហែល ១.៥ ម៉ែត្រ និងប្រហោងខាងក្នុង និងពណ៌ត្នោតទឹកក្រូច ជាមួយនឹងបំណះច្រែះនៅលើនោះ ត្រូវបានរកឃើញដោយស្ត្រីម្នាក់ ខណៈវានៅលើដីខ្សាច់ត្រឹមតែប៉ុន្មានម៉ែត្រពីច្រាំង កាលពីដើមសប្តាហ៍នេះ (១២ កុម្ភៈ) ។ ចំណែកអាជ្ញាធរ​បាន​និយាយ​ថា ពួកគេ​មិន​បាន​ដឹង​ថា​វា​ជា​អ្វី​ទេ គ្រាន់តែ​ថា​វា​មិន​ផ្ទុះ​។

ក្តីបារម្ភដំបូងមួយចំនួនដែលថាវាអាចជាអណ្តូងរ៉ែ ឬ torpedo គឺត្រូវបានច្រានចោល បន្ទាប់ពីអ្នកជំនាញបានប្រើប្រាស់បច្ចេកវិទ្យាកាំរស្មីអ៊ិច ដើម្បីពិនិត្យមើលផ្នែកខាងក្នុងរបស់វត្ថុនេះ និងបានរកឃើញថាវាជាប្រហោង ហើយ​បាន​បញ្ជាក់​ថា ​វាមិន​ជាប់​ពាក់ព័ន្ធ​នឹង​សកម្មភាព​ចារកម្ម​ពី​បរទេស​នោះដែរ។

យោងទៅតាមអ្នកដែលមានបទពិសោធន៍មួយចំនួន បានឲ្យដឹងថា វត្តមានរបស់ដៃលើកពីរនៅលើផ្ទៃរបស់វា (ដែលបង្ហាញថាវាអាចត្រូវបានភ្ជាប់ទៅនឹងអ្វីផ្សេងទៀត) បានជំរុញឱ្យមានការពន្យល់ដ៏សាមញ្ញ និងគួរឱ្យជឿជាក់ជាងនេះ ថាវាគ្រាន់តែជាយុថ្កាដែលរសាត់ប៉ុណ្ណោះ។

ទោះជាយ៉ាងណា មន្ត្រីជប៉ុននៅតែបិទតំបន់នោះ ហើយបានហៅអ្នកជំនាញគ្រឿងផ្ទុះដែលមានឈុតការពារ ដើម្បីស៊ើបអង្កេតបន្ថែមទៀត។ ប៉ុន្តែ​ក្រោយ​មក ​សេចក្តីរាយការណ៍​បាន​និយាយ​ថា អាជ្ញាធរ​នៅ​មិន​ទាន់​ដឹង​ថា វត្ថុ​នោះ​ជា​អ្វី និង​មក​ពី​ណា​នោះ​ទេ។

បុរសក្នុងតំបន់ម្នាក់ដែលតែងតែដើរលេងនៅលើឆ្នេរខ្សាច់ បាននិយាយថា គាត់មិនយល់ថាហេតុអ្វីបានជាបាល់ដែកនេះ ក្លាយជាចំណុចនៃការចាប់អារម្មណ៍យ៉ាងដូច្នេះ។ គាត់បានប្រាប់ទូរទស្សន៍ NHK ថា «វាបាននៅទីនោះអស់រយៈពេលមួយខែហើយ។ ខ្ញុំ​ព្យាយាម​រុញ​វា​ទៅ​ហើយ ប៉ុន្តែ​វា​មិន​កម្រើកសោះ»។

តែយ៉ាង​ណា អ្នក​និយម​លេង​អ៊ីនធឺណិត​​មិន​ទទួល​យក​ការ​ពន្យល់​សាមញ្ញ​នេះ​ទេ។ មនុស្ស​ជា​ច្រើន​បានគិត​ថា ​វា​ស្រដៀង​នឹង​យាន​អវកាស Xayda ក្នុង​រឿង​កំប្លែង​ដ៏​ល្បី Dragon Ball ។ រីឯអ្នកផ្សេងទៀតក៏ជឿថា វាជា UFO ដែលធ្លាក់ពីលើមេឃ។ លើសពីនេះ ក៏នៅមានអ្នកទ្រឹស្តីផ្សេងៗទៀតថា វាជាស៊ុត Godzilla ឬ​អាច​ជា​ពង​នាគ។

ទោះជាយ៉ាងណា សម្រាប់ពេលនេះ បាល់ដែកដ៏អាថ៌កំបាំងមួយនេះ ត្រូវបានបញ្ជូនទៅកាន់កន្លែងផលិតក្នុងស្រុក ហើយ​វា​នឹង​ត្រូវ «​វិនាស» បើ​គ្មាន​អ្នក​ណា​មក​ទាមទារនោះទេ៕ រក្សាសិទ្ធិដោយ៖ លឹម ហុង

×