រឿងរ៉ាវពលករខ្មែរ ចាក់សម្លាប់គ្នានៅក្នុងប្រទេសថៃ ល្បីឡើងកក្រើក ដោយសារស្នេហាត្រីកោណ រវាងបុរសជាប្តី និងប្រុសស្នេហ៍របស់នារីជាប្រពន្ធឈ្មោះថា ស្រីលក្ខណ៍ ឃើញថាក្នុងរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ មានការតាមដានជាខ្លាំង ពីសំណាក់បងប្អូនមហាជនអ្នកប្រើប្រាស់បណ្តាញសង្គម។
យ៉ាងណាមិញ ក្រឡេកទៅមើលវីដេអូហេតុការណ៍ដ៏រន្ធត់ និងអាសូរខ្លាំងបំផុត នៅយប់ថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២៣ គឺនារីជាប្រពន្ធផិតក្បត់ ត្រូវទទួលការរិះគន់គន់យ៉ាងខ្លាំងពីសំណាក់មហាជន ព្រោះថា ក្នុងអំឡុងពេលនោះ ប្តីរបស់ខ្លួនត្រូវបក្ខពួកប្រុសស្នេហ៍ចាក់ប្រហារ តែបែរជានាងបានត្រឹមឃាត់ និងរត់តាមប្រុសស្នេហ៍ ដោយមិនខ្វល់ពីប្តីដែលកំពុងតែស្រែកហៅអោយជួយហៅឡានពេទ្យ មកយកទៅសង្គ្រោះបន្ទាន់សោះឡើយ រហូតប្តីដេកដួលស្លាប់នៅនឹងកន្លែង។
ដោយឡែក ថ្មីៗនេះ បានបែកធ្លាយវីដេអូទៀត បានបង្ហាញប្រពន្ធរូបនេះ ទ្រហ៊ោយំស្តាយស្រណោះប្តី និងដឹងពីកំហុសរបស់ខ្លួន ក្រោយប្តីត្រូវបានបក្សពួក ប្រុសស្នេហ៍ចាក់សម្លាប់។ បើមើលតាមទិដ្ឋភាពជាក់ស្តែង ស្រីលក្ខណ៍ ត្រូវបានយំឡើងទន់ខ្លួន ហើយត្រូវបានមិត្តភក្តិមួយក្រុមជួយគ្រា និងយកប្រេងខ្យល់ឲ្យហិត និងរូបមួយទៀត នាងទៅអង្រួនហៅប្តីឲ្យងើបឡើង ដែលឃើញហើយពិតជាគួរឲ្យអាណិតផងដែរ។
តែទោះជាយ៉ាងណា មហាជនជាច្រើនមិនអាចទទួលយកបានឡើយ ដោយចោទឡើងថា រូបនាងធ្វើជាយំទួញសោកបែបនេះ ដើម្បីឲ្យរួចផុតទុក្ខទោសប៉ុណ្ណោះ។ ក្នុងនោះ ម្នាក់ៗបានដាក់ឲ្យធ្ងន់ៗបែបនេះថា «ពេលប្តីស្រែកឱ្យរកឡានពេទ្យ ម៉េចក៏នាងឯង មិនងាកយកភ្នែកមើលគាត់ផង! ឥឡូវមកធ្វើយំដូចមនុស្សឆ្កួតប៉ិនសម្ដែងណាស់ហង, ឃើញគេខំមិនជេរមួយប្រទេសអត់នាង អត់ចេះអាណិតប្ដី ប្ដីឱ្យជួយហៅឡានពេទ្យផង រត់តាមប្រុសបាត់ មនុស្សខ្លាំងជាងសត្វទៀត ពេលក្រចេះស្រលាញ់គ្នា លុះពេលរាងធូរធារចេះក្បត់ប្តី ខ្ញុំនិយាយមែននាងអន់ឆ្កែទៀត រកប្តីណាល្អដូចគាត់បានទៅ!,…»។
គួរបញ្ជាក់ថា ករណីនេះផងដែរ ខាងប៉ូលិសថៃ ក៏បានយកចិត្តទុកដាក់យ៉ាងខ្លាំងផងដែរ ដោយចាប់បានជនដៃដល់ជាបក្ខពួកចំនួន ៣ នាក់ ដើម្បីដាក់ទោសតាមច្បាប់ ខណៈនៅសល់ម្នាក់ទៀតដែលជាសង្សារ ស្រីលក្ខណ៍ ឈ្មោះ សុខ វីត បានកំពុងរត់គេចខ្លួនមានសេរីភាពនៅឡើយ ដែលបើតាមមិត្តភក្តិជនរងគ្រោះ បានប្រាប់ឲ្យដឹងថា ប្រុសស្នេហ៍រូបនេះ បានរត់គេចចេញពីប្រទេសថៃបាត់ហើយ និងជឿថា អាចកំពុងសម្ងំលាក់ក្នុងខ្លួននៅក្នុងប្រទេសកម្ពុជា៕ រក្សាសិទ្ធិដោយ៖ លឹម ហុង













