ប៉ុន្មានថ្ងៃមកនេះ រឿងនាង «អំបិលម្ទេស» ក៏បង្ករលកកម្តៅមិនស្ទើរនោះទេ ដោយមហាជនជាច្រើន នាំគ្នារិះគន់មិនសំចៃមាត់ ក្រោយពីបានឃើញអ្នកបង្កើតមាតិកាវីដេអូដ៏មិនធម្មតារូបនេះ បានយកពោះវៀនម៉ូតូ ជ្រលក់អំបិលម្ទេស ដ៏ហួសចិត្តបំផុត។
អ្វីដែលធ្វើឲ្យមហាជន មិនពេញចិត្តខ្លាំងនោះ គឺត្រង់ថា បើទោះជានាងយករបស់ឆៅ មកជ្រលក់អំបិលម្ទេស ធ្វើដូចឆ្ងាញ់ខ្លាំង ដើម្បីទាក់ទាញការចូលមើល ជាសិទ្ធិរបស់នាងក៏ពិតមែន តែដល់ថ្នាក់យក ស្បែកជើង ដុំឥដ្ឋ និងពោះវៀនកង់ ដូចខ្វះរបស់ «ស៊ី» បែបនេះ គឺជាការប្រើសិទ្ធិលើសព្រំដែន ដោយមិនខ្វល់ធ្វើឲ្យប៉ះពាល់មុខមាត់សង្គមជាតិ រហូតជាតិសាសន៍ដទៃ (ថៃ) ប្រមាថដល់ប្រជាជនខ្មែរទូទាំងប្រទេសទៀតផង។
ទោះជាយ៉ាងណា ក្រោយពីបានឃើញមហាជន ពីមួយថ្ងៃទៅមួយ បន្តផ្ទុះការរិះគន់មិនស្ងប់ គ្រប់បណ្តាញសង្គម ទាក់ទងទៅនឹងទង្វើដ៏ជ្រុលហួសបំផុតនេះ នៅពេលនេះ នាង «អំបិលម្ទេស» បានចេញវីដេអូ សុំទោសជាសាធារណៈហើយ។ ក្នុងនោះ នាង «អំបិលម្ទេស» បានលើកម្រាមដៃដប់ សូមប្រមុខថ្នាក់ដឹកនាំ និងគ្រប់ជាន់ថ្នាក់ទាំងអស់ អភ័យទោសដល់រូបនាងផង ដោយសារភាពថា ខ្លួនធ្វើវីដេអូទាំងនោះពុំបានគិត និងគ្មានបំណងបង្ខូចមុខមាត់ប្រទេសជាតិនោះទេ។ តែទោះជាយ៉ាងណា នាង «អំបិលម្ទេស» បានសន្យាថា នឹងឈប់ធ្វើវីដេអូប្លែកៗរបៀបនេះតទៅទៀត។
គួរបញ្ជាក់ថា នេះជាលើកទី២ហើយ ដែលនាង «អំបិលម្ទេស» បានចេញមុខលើកដៃសុំទោសជាសាធារណៈបែបនេះ ខណៈលើកទី១ បានត្រឹមបង្ហោះសារ ក្រោយមហាជនរិះគន់ខ្លាំង ទាក់ទងរឿងយកនំទៅច្នៃធ្វើជារូបរាងគ្រាប់បែក មកចុចជ្រលក់ហូបជាមួយអំបិលម្ទេស ដើម្បីទាក់ទាញចំណាប់អារម្មណ៍អ្នកទស្សនា៕ រក្សាសិទ្ធិដោយ៖ លឹម ហុង









