នេះជារូបភាពដ៏ភ្ញាក់ផ្អើលយ៉ាងខ្លាំង គ្រាដែលបានឃើញភ្ញៀវទេសចរបរទេសរាប់រយនាក់ នាំគ្នាអង្គុយក្នុងពោងកង់ឡាន បណ្តែតខ្លួនឡើងត្រៀបត្រា លើផ្ទៃទឹកដងទន្លេ ដែលប្រសិនក្រឡេកពីចម្ងាយ នោះជឿថាមនុស្សជាច្រើនអាចគិតថាជាហ្វូងទាតែម្តងហើយ។
នេះបើតាមគណនី TikTok ឈ្មោះ Roritarkratair បានបញ្ជាក់ប្រាប់ឲ្យដឹងថា ភ្ញៀវទេសចរបរទេសរាប់រយនាក់ បាននាំគ្នាជិះពោងកង់ឡាន នៅតាមដងទន្លេ Pai, ខេត្ត Mai Hong Song ដែលបរិយាកាសពោរពេញទៅដោយសំណើច និងស្នាមញញឹម ជាមួយទេសភាពធម្មជាតិបៃតងដ៏ស្រស់បំព្រង។
ទាក់ទងរឿងដ៏ចម្លែកនេះ ព័ត៌មានប៉ុស្តិ៍លេខ៣ ថៃ បានរាយការណ៍នៅថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៣ ថា បុគ្គលិកសណ្ឋាគារ Rim Pai បានផ្តល់ព័ត៌មានថា ចាប់ពីខែមករា ដល់ខែកុម្ភៈ គឺមានភ្ញៀវទេសចរបរទេសមកទស្សនាស្រុក Pai គួរឲ្យកត់សម្គាល់ ដែលស្មើនឹង ៩០ ភាគរយនៃភ្ញៀវទេសចរទាំងអស់។
វីដេអូឃ្លីបដែលត្រូវបានបង្ហោះដោយសណ្ឋាគារ អ្នកអាចឃើញថា មានអ្នកទេសចរជាច្រើនក្រុម ដែលចាប់អារម្មណ៍ចង់ជិះពោងកង់ឡាន លេងកម្សាន្តនៅតាមដងទន្លេ Pai។ ក្បូននេះចាប់ផ្តើមពីផែរបស់សណ្ឋាគារប្រវែងប្រហែល ២ គីឡូម៉ែត្រ ទៅដល់ចំណុចគោលដៅជម្រៅត្រឹមចង្កេះនៃទន្លេ។
ចំពោះអ្នកទេសចរដែលបានឃើញនេះ គឺពួកគេពុំមានជាលក្ខណៈដើរទេសចរណ៍ជាក្រុមទេ ប៉ុន្តែ ពួកគេមកពីប្រទេសជាច្រើនផ្សេងៗគ្នា ហើយបានចូលមកកាន់ទីនេះ ជារៀងរាល់ថ្ងៃ។ បុគ្គលិកសណ្តាគារបាននិយាយថា រូបភាពនេះបានឆ្លុះបញ្ចាំងពីការត្រឡប់មកវិញនៃទេសចរណ៍នៅ Pai ដែលបានងើបឡើងវិញយ៉ាងខ្លាំង បន្ទាប់ពីការបើកប្រទេស៕ រក្សាសិទ្ធិដោយ៖ លឹម ហុង




