មួយរយៈចុងក្រោយនេះ ខេត្តតាកែវ បានល្បីល្បាញខ្លាំងណាស់ គឺផ្តើមចេញពីរឿងពួកក្រុមក្មេងពាលគប់ដុំថ្ម ទៅលើឡានអ្នកដំណើរ បណ្តាលឲ្យគ្រោះថ្នាក់ធ្ងន់ធ្ងរ និងចាក់សម្លាប់គ្នាគ្មានញញើតដៃ។ ហើយតាមរយៈទង្វើដ៏គួរឲ្យស្អប់បំផុតនេះ គឺឲ្យតែមានរឿងប្លែកៗ ឬទង្វើដ៏គួរហួសចិត្តណាមួយ កើតឡើង នោះនៅលើបណ្តាញសង្គម នឹងលឺពាក្យថា «តាកែវទៀតហើយ»។
ដោយឡែក តាមរយៈការចែករំលែកវីដេអូនៅលើបណ្តាញសង្គម នាពេលថ្មីៗនេះ ដែលមហារោងការមួយកន្លែង ស្ថិតក្នុងភូមិកំពង់លួង (ទីរួមស្រុកអង្គរបុរី) ដែលត្រូវបានធ្វើបិទផ្លូវស្ទើរទាំងស្រុង បានបង្កការការភ្ញាក់ផ្អើល និងហួសចិត្តយ៉ាងខ្លាំងតែម្តង។
តាមរយៈវីដេអូ បានបង្ហាញរោងការនេះ ត្រូវបានធ្វើរហូតដល់២ជួរ គ្របដណ្តប់លើផ្លូវទាំងមូលស្ទើរទាំងស្រុង ពោលគឺត្រូវបានទុកចន្លោះធ្វើដំណើរ អាចនៅសល់ប្រហែលជាង១ម៉ែត្រប៉ុណ្ណោះ។ ហើយបើពិនិត្យជាក់ស្តែង ការសង់រោងការបិទផ្លូវបែបនេះ នោះសម្រាប់រថយន្តតូច នឹងបើកធ្លាក់ផ្លូវម្ខាង ប៉ុន្តែ សម្រាប់ប្រភេទឡានធុនធំជាងនេះ គឺច្បាស់ណាស់ជាមិនអាចបើករួចនោះទេ ពោលគឺមានតែរកផ្លូវវៀង។
ដោយឡែក បើតាមប្រជាពលរដ្ឋដែលជាអ្នកថតសួរនាំ អាជ្ញាធរមូលដ្ឋានបានប្រាប់ថា រោងការសង់បិទផ្លូវស្ទើរទាំងស្រុងនេះ ត្រូវបានលោកអភិបាលស្រុកអង្គរបុរី អនុញ្ញាតឲ្យធ្វើ។
ក្រោយពីបានឃើញបែបនេះ មហាជនអ្នកលេងបណ្តាញសង្គម បានផ្ទុះការវែកញែក ដោយក្នុងនោះ អ្នកខ្លះកាន់ជើងម្ចាស់រោងការ ដោយលើកឡើងហេតុថា «ម្តងគេម្តងយើង គួរអនុគ្រោះខ្លះទៅមិនមែនការមួយខែឯណា»។ តែទោះជាយ៉ាងណា មតិជាច្រើនយល់ឃើញថា ការសង់រោងការបិទផ្លូវធំរបៀបនេះ គឺបង្ហាញពីការមិនគោរពសិទ្ធិអ្នកដទៃ ដោយបានលើកឡើងថា «ចុះបើធ្វើមួយចំហៀងតគ្នា ទុកមួយចំហៀងអោយគេធ្វើដំណើរទៅវាថី ធ្វើអីទៅតាមតែចិត្តនឹកឃើញ មិនគិតពីអារម្មណ៍អ្នកដទៃ,…»៕ រក្សាសិទ្ធិដោយ៖ លឹម ហុង


