រូបភាព២សន្លឹក បង្ហាញពីបុរសម្នាក់ដេកនៅលើភ្លើងឆេះសន្ធោសន្ធៅ ថ្មីៗនេះ បានរីករាលដាលពេញបណ្តាញសង្គម ជាមួយហេតុផលដ៏ហួសចិត្តថា បុរសរូបនេះកំពុងព្យាយាមដុតបំផ្លាញជាតិខ្លាញ់ក្នុងខ្លួនរបស់គាត់។
រូបភាពនេះ ដែលត្រូវបានចែករំលែក នៅលើ Group ហ្វេសប៊ុក ‘B40 Buat Perangai Apa Harini’ បានបង្ហាញបុរសម្នាក់ ដេកនៅលើបន្ទះឈើ ខណៈដែលភ្លើងឆេះនៅក្រោមគាត់។ ចំណងជើងនៃការបង្ហោះ បានសរសេរថា គាត់កំពុងព្យាយាម «ដុត» យកខ្លាញ់ក្នុងខ្លួនចេញ ហើយបានសម្រេចចិត្តធ្វើដូច្នេះដោយដេកលើភ្លើងដែលកំពុងឆេះតែម្តងទៅ។
ការបង្ហោះនេះ បានទទួលការចាប់អារម្មណ៍ជាខ្លាំង ពីអ្នកនិយមលេងអ៊ីនធឺណិត ដែលបានចែករំលែកគំនិតរបស់ពួកគេលើរូបភាពនេះ។ ក្នុងនោះ អ្នកលេងជាច្រើនបាននិយាយលេងសើចចំពោះទង្វើដ៏ហាក់ឆ្កូតឡប់របស់បុរសនោះថា «សូមពាក់កណ្តាលឆ្អិន, គាត់កំពុងចូលរួមក្នុងការហាត់សមអំពីអ្វីដែលនឹងកើតឡើងបន្ទាប់ពីស្លាប់, គាត់កំពុងរៀបចំខ្លួនក្នុងករណីដែលគាត់ត្រូវធ្លាក់ក្នុងនរក ដូច្នេះគាត់នឹងមិនភ្ញាក់ផ្អើលពេកទេ»។
ទោះជាយ៉ាងណា អ្នកនិយមលេងអ៊ីនធឺណេតដទៃទៀត បាននិយាយថា វាជាខ្លឹមសារដ៏គួរឲ្យអាណោចអាធ័ម ហើយទង្វើដែលគ្មានការទទួលខុសត្រូវបែបនេះ មិនគួរត្រូវបានផ្សព្វផ្សាយ និងចែករំលែកឡើយ៕ រក្សាសិទ្ធិដោយ៖ លឹម ហុង


