ប៉ូលីសបាននិយាយកាលពីថ្ងៃសៅរ៍ថា អតីតស្វាមីរបស់តារាម៉ូដែលដ៏ស្រស់ស្អាត និងល្បីនៅហុងកុង កំពុងស្ថិតនៅក្រោមការចាប់ខ្លួន បន្ទាប់ពីបំណែករាងកាយរបស់នាង ត្រូវបានរកឃើញនៅក្នុងទូទឹកកក ប៉ុន្មានថ្ងៃបន្ទាប់ពីនាងបានបាត់ខ្លួន។
នេះបើយោងតាមអធិការប៉ូលីស Alan Chung បានឲ្យដឹងថា ប៉ូលីសកំពុងស្វែងរកអតីតស្វាមីរបស់ Choi ប៉ុន្តែបានចាប់ខ្លួនឪពុកម្តាយ និងបងប្រុសរបស់គាត់។ ហើយពួកគេក៏នឹងត្រូវប្រឈមនឹងការចោទប្រកាន់មនុស្សឃាត។
ប៉ូលិសមិនបានបង្ហាញពីអត្តសញ្ញាណពេញលេញរបស់តារាស្រីរងគ្រោះរូបនេះ ក្រៅពីនាមត្រកូល Choi ប៉ុន្តែកាសែត South China Morning Post បានកំណត់អត្តសញ្ញាណនាងជាតារាម៉ូដែលមានឈ្មោះថា Abby Choi។
លោក Chung បាននិយាយថា ប៉ូលិសជឿថា តារាស្រីវ័យ ២៨ ឆ្នាំរូបនេះ មានវិវាទផ្នែកហិរញ្ញវត្ថុ ដែលពាក់ព័ន្ធនឹងលុយរាប់សិបលានដុល្លារហុងកុង ជាមួយអតីតស្វាមី និងគ្រួសាររបស់គាត់ ហើយថា «មនុស្សមួយចំនួន» មិនសប្បាយចិត្តនឹងរបៀបដែល Choi គ្រប់គ្រងទ្រព្យសម្បត្តិហិរញ្ញវត្ថុរបស់នាង។
លោក បានបន្តថា បន្ទាប់ពីឆ្មក់ចូលទៅក្នុងផ្ទះ ដែលជួលដោយឪពុករបស់អតីតប្តីរបស់ជនរងគ្រោះ កាលពីរសៀលថ្ងៃសុក្រ មន្រ្តីបានរកឃើញជើងពីរដែលជារបស់ស្ត្រីនៅក្នុងទូទឹកកក ព្រមទាំងអត្តសញ្ញាណប័ណ្ណរបស់ជនរងគ្រោះ ប័ណ្ណឥណទាន និងរបស់របរផ្សេងៗទៀតនៅក្នុងផ្ទះ។
លោក Chung បាននិយាយថា «ប៉ូលីសក៏បានរកឃើញថា ផ្ទះល្វែងនេះត្រូវបានរៀបចំដោយឃាតករឈាមត្រជាក់ ដែលធ្វើឡើងយ៉ាងយកចិត្តទុកដាក់។ ហើយឧបករណ៍ដែលប្រើសម្រាប់បំបែកសាកសពមនុស្ស ត្រូវបានគេរកឃើញនៅក្នុងផ្ទះល្វែង រួមមានម៉ាស៊ីនកិនសាច់ ច្រវាក់ ស្រោមដៃ មដ និងម៉ាស»។
លោក Chung បាននិយាយថា សរីរាង្គរបស់មនុស្ស ក៏ត្រូវបានរកឃើញនៅក្នុងឆ្នាំងស៊ុបផងដែរ។
ទោះជាយ៉ាងណា ប៉ូលិសមិនអាចរកឃើញក្បាល សាច់ដុំ ឬដៃរបស់ជនរងគ្រោះនៅកន្លែងកើតហេតុនោះទេ។
លោក Chung ក៏បានបញ្ជាក់ឲ្យដឹងថា ផ្ទះនេះត្រូវបានជួលដោយឪពុករបស់អតីតស្វាមីរបស់នាង កាលពីប៉ុន្មានសប្តាហ៍មុន៕ រក្សាសិទ្ធិដោយ៖ លឹម ហុង
















