ស្ត្រីទេសចរជនជាតិចិន២នាក់ ដែលបានធ្វើទង្វើខុសឆ្គង មិនគោរព តាមរយៈការឡើងរាំលើរបងមុខនៃវិហារអ៊ិស្លាមមួយ នៅ Sabah ប្រទេសម៉ាឡេស៊ី នៅទីបំផុត ត្រូវបានរកឃើញ និងបង្គាប់ឲ្យបង់ប្រាក់ពិន័យ ៦.២០ ដុល្លារ ក្នុងម្នាក់ៗ ។
Wan Han អាយុ ៣៧ ឆ្នាំ និង Zhang Na ២៥ ឆ្នាំ ត្រូវបានគេប្រទះឃើញនៅក្នុងវីដេអូ ឡើងរាំនៅលើរបងមុខនៃវិហារអ៊ិស្លាមនោះ នៅវេលាម៉ោង ៤ និង ៣០ នាទីល្ងាច ថ្ងៃទី២៣ មិថុនា ។
សារព័ត៌មាន The Star បានរាយការណ៍ថា ក្រសួងទេសចរណ៍ វប្បធម៌ និងបរិស្ថានរបស់ Sabah បានចាត់វិធានការដើម្បីកំណត់អត្តសញ្ញាណស្ត្រី បន្ទាប់ពីវីដេអូនោះបង្ករលកកំហឹងយ៉ាងខ្លាំងនៅលើអ៊ីនធឺណិត ។
ប៉ូលីសបានគ្រប់គ្រងស្វែងរកស្ត្រីទេសចរ២នាក់នេះ រយៈពេលពីរបីថ្ងៃ បន្ទាប់ពីវីដេអូនេះបានរីករាលដាលនៅលើអ៊ិនធឺណិត ។ ពួកគេត្រូវបានរកឃើញទោសកំហុសពីអាកប្បកិរិយាមិនសមរម្យ នៅទីសាធារណៈ ហើយត្រូវបានស្នើឲ្យបង់ប្រាក់ពិន័យ កាលពីថ្ងៃទី២៧ មិថុនា ។
ប្រសិន Wan និង Zhang ខកខានបង់ប្រាក់ពិន័យនេះ នោះអ្នកទាំងពីរនឹងប្រឈមមុខជាប់ពន្ធនាគារ ៧ ថ្ងៃ ៕ ឧត្តម