មន្ត្រីនៃទីក្រុង Hyderabad ភាគខាងជើងប្រទេសឥណ្ឌាមានគំរោងផ្តល់ប្រាក់រង្វាន់ចំនួន ៧,៦ដុល្លាអាមេរិច ទៅដល់ប្រជាពលរដ្ឋណាដែលបានរាយការណ៍ថាមានអ្នកសុំទាន ដែលវិធានការនេះធ្វើឡើងដើម្បីលុបបំបាត់អ្នកសុំទាននៅក្នុងទីក្រុងឲ្យបានក្រោយថ្ងៃទី ១៥ខែធ្នូ។ នេះបើតាមការចុះផ្សាយរបស់ ប៊ីប៊ីស៊ី (BBC) នៅយប់ថ្ងៃច័ន្ទម្សិលមិញនេះ។
ស្នងការប៉ូលីសនៃទីក្រុង Hyderabad ក៏បានប្រកាសផងដែរពីបំរាមមិនឲ្យមានការសុំទានរយៈពេល ២ខែ។
ប៉ុន្តែអ្នករិះគន់បាននិយាយថា វិធានការរបស់អាជ្ញាធរក្រុងធ្វើឡើងដោយសារតែមានដំណើរទស្សនៈកិច្ចរបស់កូនស្រី ប្រធានាធិបតីអាមេរិច ឈ្មោះ អ៊ីវ៉ាន់កា ត្រាំ (Ivanka Trump) តែអាជ្ញាធរបដិសេធការអះអាងនេះ។
អ្នកស្រី Ivanka Trump នឹងធ្វើដំណើរមកកាន់ទីក្រុង Hyderabad ដើម្បីចូលរួមកិច្ចប្រជុំកំពូលភាពជាសហគ្រិនពិភពលោកនៅថ្ងៃទី ២៨ និង ២៩ ចុងខែវិច្ឆការនេះ។
កាលពីសប្តាហ៍មុនប៉ូលីសនៅក្នុងក្រុងត្រូវបានគេមើលឃើញថាបោសសំអាតអ្នកសុំទាននៅខាងក្រៅ កន្លែងទីសក្ការៈបូជា មួយចំនួន នៅស្ថានីយ៍រថយន្តក្រុង និងស្ថានីយ៍រថភ្លើង៕ សុភ័ក្ត្រ