“ពិរ៉ាន់យ៉ា” ជាត្រីដែលល្បីឈ្មោះថា ជាសត្វដ៏គួរឱ្យខ្លាច និងគ្រោះថ្នាក់បំផុតនៅក្នុងពិភពលោក។ វារស់នៅរួមគ្នាជាហ្វូង និងសម្រុកចូលវាយប្រហារមុខសញ្ញាយ៉ាងលឿនរហ័សដោយធ្មេញដ៏មុតស្រួចរបស់ពួកវា។ អាចនិយាយបានថា ជាវិធីសម្លាប់គូសត្រូវយ៉ាងសាហាវ ក្នុងរយៈពេលតែ ១ប៉ប្រិចភ្នែកប៉ុណ្ណោះ។
ត្រីពិរ៉ាន់យ៉ា (Piranha) មានឈ្មោះខាងវិទ្យាសាស្ត្រ ហៅថា សេ-រ៉ា-សាល-ម៉ាស់ អេស ភី ភី (Serrasalmas spp) ជាត្រីទឹកសាប ១ក្រុម ដែលត្រូវបានចាត់ចូលទៅក្នុងត្រកូលត្រី សេ-រ៉ា-សាល-ម៉ាស់ (Serrasalmas) ដែលត្រីក្នុងក្រុមនេះ មានទាំងអស់ ២៥ប្រភេទ ប៉ុន្តែមានតែ ៤ប្រភេទប៉ុណ្ណោះ ដែលបង្កគ្រោះថ្នាក់ដល់មនុស្ស និងសត្វដទៃទៀត។

ត្រីពិរ៉ាន់យ៉ា ស៊ីសាច់ឆៅជាអាហារ ច្រើនតែរស់នៅរួមគ្នាជាហ្វូងធំៗ។ គេប្រទះឃើញមានច្រើន នៅក្នុងទន្លេអាម៉ាហ្សូន និងទន្លេជាច្រើនទៀតក្នុងទ្វីបអាមេរិកខាងត្បូង។ វាមានធ្មេញមុតស្រួចរាងត្រីកោណធំៗ ផ្នែកខាងក្បាលមានទំហំធំ មានសាច់ដុំបរិវេណថ្ពាល់ រឹងមាំ សម្រាប់ខាំស៊ីសាច់របស់សត្វណា ដែលធ្លាក់ចូលទៅជិតកន្លែងរស់នៅរបស់ពួកវា។ ជាពិសេសសត្វណាដែលកំពុងភ្ញាក់ផ្អើល ឬស្ថិតក្នុងសភាវទន់ខ្សោយ ឬមានរបួស។ សំឡេងគ្រុងគ្រាំងរបស់ទឹកដែលខ្ទាតខ្ចាយ បានទាក់ទាញត្រីពិរ៉ាន់យ៉ាឱ្យចូលមករកយ៉ាងឆាប់រហ័ស ដោយត្រីពិរ៉ាន់យ៉ានឹងប្រើធ្មេញដែលមុតស្រួចទាំងនោះ ខាំស៊ីសាច់របស់សត្វធំៗដែលធ្លាក់ចូលក្នុងទឹក រហូតនៅសល់តែឆ្អឹង ត្រឹមតែប៉ុន្មានវិនាទីប៉ុណ្ណោះ។ ភាពកាចសាហាវរបស់ត្រីពិរ៉ាន់យ៉ាខុសប្លែកពីគ្នាទៅតាមប្រភេទនីមួយៗ តែ គេជឿថា ត្រីពិរ៉ាន់យ៉ាគ្រប់ប្រភេទ អាចហិត និងចាប់ក្លិនឈាមនៅក្នុងទឹកបាន ដូចត្រីឆ្លាមដែរ។

ត្រីពិរ៉ាន់យ៉ាមានដងខ្លួនសំប៉ែត ពោះទូលាយ ស្រដៀងត្រីកន្ត្រប់របស់ខ្មែរយើងដែរ មានពណ៌អុចៗនៅលើដងខ្លួនខុសប្លែកពីគ្នា ស្រកានៅត្រង់បណ្ដោយពោះ មានរាងជាបន្លាៗ ស្រដៀងធ្មេញរណាចំនួន ២៤–៣១គ្រាប់។ វាមានអាវុធសំខាន់ គឺ “ធ្មេញ” ដែលមានតែ ១ជួរ ជារាងត្រីកោណ និងមុតខ្លាំងណាស់ អាចខាំសាច់ឆៅឱ្យដាច់យ៉ាងងាយស្រួល។ បបូរមាត់ខាងក្រោមលយចេញមកវែងជាងបបូរមាត់ខាងលើ តែនៅពេលបិទមាត់ទៅ ឃើញជិតឈឹងតែម្តង។
នៅពេលដែលត្រីពិរ៉ាន់យ៉ាចាប់ផ្តើមឃ្លានចំណី បើគ្មានសត្វអ្វីធ្លាក់ចូលក្នុងបរិវេណដែលពួកវារស់នៅទេ ត្រីពិរ៉ាន់យ៉ានឹងស៊ីត្រីផ្សេងទៀតជាអាហារ ដោយប្រើវិធីប្រមាញ់ចំណីដោយការស្ទុះចូលទៅទាំងហ្វូង ចោមរោមខាំហែកស៊ីយ៉ាងរហ័ស រហូតសឹងតែគ្មាននៅសល់បំណែក។ ដូច្នេះហើយទើបពួកវាទទួលបានរហស្សនាមថា “ពេជ្ឈឃាតនៃដងទន្លេទឹកសាប”

តែយ៉ាងណាក៏ដោយ ទោះជាល្បីឈ្មោះថា ជាត្រីដ៏កាចសាហាវមែនក្ដី ក៏ត្រីពិរ៉ាន់យ៉ា ជាត្រីដែលប៉ិនភ្ញាក់ផ្អើលណាស់ដែរ ដូច្នេះហើយទើបពួកវាត្រូវរស់នៅរួមគ្នាជាហ្វូងធំៗ ដើម្បីងាយស្រួលវាយសម្រុកទៅលើចំណី តែមានជាញឹកញាប់ណាស់ ដែលវាក៏ក្លាយជាចំណីរបស់សត្វ ដែលមានខ្នាតធំជាង ដូចជា ត្រីរ៉ស់យក្សអាម៉ាហ្សូន ឬត្រី អា-រ៉ា-ផៃ-ម៉ា ត្រីឡូម៉ាទន្លេ និងបក្សីស៊ីត្រីជាអាហាជារច្រើនទៀត រួមទាំងមនុស្សក្នុងតំបន់ ដែលនិយមស៊ីត្រីពិរ៉ាន់យ៉ាជាអាហារផងដែរ។
សម្រាប់ប្រភេទត្រីពិរ៉ាន់យ៉ា ដែលមានឈ្មោះល្បីថាកាចសាហាវបំផុតនោះគឺ ត្រីពិរ៉ាន់យ៉ាក្រហម ឬពិរ៉ាន់យ៉ាពោះក្រហម។ វាមានស្រកាតូចៗ ពណ៌ក្រហមលាយផ្កាឈូកចាំងផ្លេកៗដូចកាកពេជ្រ ទំហំខ្លួនធំពេញទំហឹងប្រមាណជា ៣៣សង់ទីម៉ែត្រ ឬជាង ៣តឹក មានទម្ងន់ប្រមាណជា ៣គីឡូកន្លះ និងថែមទាំងមានអាយុវែងទៀតផង ព្រោះវាអាចរស់នៅលើគោក ដោយគ្មានត្រូវទឹកសោះ បានយូរដល់ទៅ ២ម៉ោងឯណោះ៕




























