Friday, July 25, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ប្លែកៗ និងចំណេះដឹង៖ “ពិធីបណ្ដេញវិញ្ញាណខ្មោចនៅប្រទេសអេត្យូពី” តើមានវិញ្ញាណខ្មោចសណ្ឋិតក្នុងខ្លួនមនុស្សមែន ឬគ្រាន់តែជាការប្រឌិត?

លោក ដេវិត តេស៊ីនស្គី ជាអ្នកថតរូបអាជីព បានសម្រេចចិត្តធ្វើដំណើរទៅកាន់ប្រទេសអេត្យូពី ជាប្រទេសមួយ ដែលមានមនុស្សតិចណាស់ចង់ធ្វើដំណើរទៅ ហើយអ្វីដែលគាត់បានជួប គឺជាទិដ្ឋភាពដែលមនុស្សតិចណាស់ធ្លាប់បានឃើញ…នោះគឺ ពិធីបណ្ដេញវិញ្ញាណខ្មោចរបស់ប្រជាជនអេត្យូពី។

លោកដេវិត បានធ្វើដំណើរទៅដល់ទីក្រុង Addis Ababa ដើម្បីទៅកាន់កន្លែងធ្វើពិធីបណ្ដេញវិញ្ញាណខ្មោច ដែលស្ថិតនៅមិនឆ្ងាយពីទីក្រុងប៉ុន្មាន។ ពីដំបូងមនុស្សនៅទីនេះ មិនសូវជាស្វាគមន៍ និងមានមិត្តភាពជាមួយលោកប៉ុន្មានទេ ហើយលោកប៊ិះតែត្រូវគេប្លន់នៅក្នុងទីប្រជុំជនអនាធិបតេយ្យមួយ ពេលដែលលោកឈប់សម្រាកនៅពេលរាត្រី តែទីបំផុតរឿងរ៉ាវនោះក៏ត្រូវបញ្ចប់ទៅវិញ ដោយបុរស ២នាក់ ដែលប្រុងប្លន់លោកនោះ បែរជាឈ្លោះគ្នាឯង រួចហើយរូបលោកក៏បានគេចខ្លួនរួច។

លោកដេវីត ត្រូវក្រោកតាំងពីព្រលឹម ម៉ោង ៤-៥ភ្លឺ រៀងរាល់ថ្ងៃ ដើម្បីធ្វើដំណើរទៅកាន់ព្រះវិហារជាច្រើនកន្លែង និងរង់ចាំមើលថា តើមានអ្នកស្រុកដែលត្រូវខ្មោចចូលដែរឬទេ? លោកចំណាយពេលជាង ២សប្ដាហ៍ រហូតទាល់តែបានជួបនឹងមនុស្សដែលត្រូវខ្មោចចូល និងសាច់ញាតិរបស់គេ ដែលអនុញ្ញាតឱ្យគាត់អាចថតរូបបាន។

វាមិនមែនជាពិធីតូចតាចឡើយ ព្រោះថា មានមនុស្សម្នាមកចូលរួម និងមកមើលពិធីនេះ ច្រើនដល់ទៅជាង ១៥០នាក់ឯណោះ ហើយពេលនោះ បព្វជិត Memehir គឺជាអ្នកទទួលខុសត្រូវ ក្នុងការបណ្ដេញវិញ្ញាណខ្មោចចង្រៃចេញពីរាងកាយមនុស្ស ដែលរូបលោកមិនមែនជាអ្នកបួសនៅក្នុងព្រះវិហារណាមួយឡើយ។ មូលហេតុគឺ ដោយសារតែបព្វជិត Memehir ត្រូវបានព្រះវិហារទាំងប៉ុន្មាននៅក្នុងទីប្រជុំជននោះ បណ្ដេញចេញទាំងអស់ ដោយសារតែរូបលោក តែងបានទទួលប្រាក់ឈ្នួលថ្លៃធ្វើពិធី ច្រើនជាងខាងព្រះវិហារ ទើបធ្វើឱ្យលោក Memehir ត្រូវបានគេបដិសេធ និងប្រាក់ឈ្នួលដែលបានពីការធ្វើពិធីនេះ ធ្វើឱ្យរូបលោកមានឋានៈជីវភាពធូរធារជាងពួកអ្នកស្រុកនៅក្នុងតំបន់នោះ។

ពេលនេះបព្វជិត Memehir កំពុងស្ថិតនៅក្នុងផ្ទះ ដែលប្រៀបដូចជាអាស្រម សម្រាប់ធ្វើពិធីបណ្ដេញខ្មោច និងមានមនុស្សជាច្រើន បានមករង់ចាំការសូត្រមន្តអាគមគាថា និងស្រោចទឹកមន្តអំពីលោក។ ពួកគេទាំងអស់ នាំគ្នាស្រែកទ្រហោយំយ៉ាងគ្រលួច ព្រមទាំងស្រែកថ្ងួចថ្ងូរដង្ហោយ ប្រៀបដូចជាមនុស្សបាត់បង់ស្មារតីដូច្នោះដែរ។ ក្នុងអំឡុងពេលធ្វើពិធី បព្វជិត Memehir តែងសួររកប្រាក់ថ្លៃឈ្នួលគ្រប់ពេលវេលា។

ស្ត្រីជរាម្នាក់ បានឱ្យប្រាក់ទៅបព្វជិត Memehir ប្រមាណជា ១០០ដុល្លារអាមេរិក ជាចំនួនប្រាក់ដែលស្ត្រីជរារូបនោះរកបានក្នុង ១ខែ តែបព្វជិត Memehir នៅតែត្រូវការប្រាក់ច្រើនជាងនោះទៀត។

ទាំងអស់នេះ គឺជារឿងរ៉ាវការបណ្ដេញវិញ្ញាណខ្មោចនៅក្នុងប្រទេសអេត្យូពី ជាប្រទេសមួយ ដែលក្រីក្របំផុតនៅក្នុងទ្វីបអាហ្វ្រិក ហើយប្រាកដណាស់ថា ពិធីបណ្ដេញវិញ្ញាណខ្មោចចេញពីរាងកាយមនុស្សបែបនេះ មិនមែនមានតែនៅក្នុងបណ្ដាប្រទេសក្នុងទ្វីបអាហ្វ្រិកប៉ុណ្ណោះទេ តែនៅក្នុងប្រទេសជាច្រើន រួមទាំងប្រទេសយើងផង ក៏នៅមានការធ្វើពិធីបណ្ដេញវិញ្ញាណខ្មោចក្នុងលក្ខណៈនោះដូចគ្នា ហើយក៏នៅតែមានការជជែកវែកញែកគ្នាដែរថា តើការធ្វើពិធីបណ្ដេញវិញ្ញាណខ្មោចបែបនេះ វាជារឿងរបស់ខ្មោចព្រាយបិសាច វត្ថុអពមង្គលមែនទែន ឬគ្រាន់តែជាការប្រឌិតឡើង?

×