ភ្នំពេញ ៖ តន់ ច័ន្ទសីម៉ា បានសម្តែងក្តីរំភើបយ៉ាងខ្លាំង ក្នុងពេលដែលនាងត្រូវបានផ្តល់ឱកាសឲ្យច្រៀងរួមគ្នាជាមួយកំពូលតារាចម្រៀងនាង ឱក សុគន្ធកញ្ញា នៅក្នុងព្រឹត្តការណ៍កីឡាស៊ីហ្គេម ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។

សម្រាប់ព្រឹត្តការណ៍ដ៏ធំខាងលើនេះកម្ពុជាបានជ្រើសរើសកំពូលតារាចម្រៀងល្បីៗ ដើម្បីឡើងច្រៀងនាងឱកាសនោះ ដោយនៅក្នុងនោះកម្មវិធីក៏បានរៀបចំអោយមានការច្រៀងពីកំពូលតារាចម្រៀងមកពីផលិតកម្ម២ផ្សេងគ្នាផងដែរ។
ប្រធានគណះកម្មាធិការរៀបចំកីឡាស៊ីហ្គេមបានសម្រេចជ្រើសរើសតារាចម្រៀងនាង ឱក សុគន្ធកញ្ញា មកពីផលិតកម្មហង្សមាស និងតារាចម្រៀង
តន់ ច័ន្ទសីម៉ា មកពីផលិតកម្ម ហ្គាឡាក់ស៊ី ឡេងណាវ៉ាត្រា បកស្រាយចម្រៀងរួមគ្នានៅក្នុងបទស៊ីហ្គេមជាផ្លូវការ។
ក្រោយការផ្តល់ឱកាសនេះ តន់ ច័ន្ទសីម៉ា បានសម្តែងក្តីរំភើបជាយ៉ាងខ្លាំង ត្បិតនាងត្រូវបានជ្រើសរើសជាពិសេស និងចាប់ដៃគូច្រៀងជាលើកដំបូងជាមួយឱក សុគន្ធកញ្ញា ដែលធ្លាប់តែជាគ្រូ និងសិស្សនាពេលប្រឡងនៅក្នុងកម្មវិធីលំដាប់ពិភពលោកមួយ។
តន់ ច័ន្ទសីម៉ា បានបង្ហោះសារនៅលើបណ្តាញសង្គមថា
ខ្ញុំសូមគោរពអរគុណលោកអ៊ំឯកឧត្តមរដ្ឋមន្រ្តី ខ្ញុំពិតជាមានក្ដីរំភើបបំផុត ដែលលោកបានរៀបចំឲ្យនាងខ្ញុំ ច្រៀងជាមួយអ្នកគ្រូឱកសុគន្ធកញ្ញា ក្នុងបទស៊ីហ្គេមផ្លូវការ។

គួររំលឹកថា បើទោះបីជាមិនបានលើកពានក្នុងកម្មវិធី The Voice Cambodia រដូវកាលទី២ក៏ដោយ ប៉ុន្តែ តន់ ច័ន្ទសីម៉ា ក៏បានអភិវឌ្ឍន៍ខ្លួនកសាងភាពល្បីល្បាញនៅក្នុងវិថីសិល្បះចម្រៀងនាពេលបច្ចុប្បន្ននេះ។
តន់ ច័ន្ទសីម៉ា ត្រូវបានគេចាត់ទុកជាគ្រាប់ពេជ្រមួយគ្រាប់នៅក្នុងផលិតកម្មហ្គាឡាក់ស៊ី ឡេងណាវ៉ាត្រា បើទោះបីជាផលិតកម្មមួយនេះបានប្រមូលផ្តុំដោយកំពូលតារាចម្រៀងល្បីៗជាច្រើនរូបក៏ដោយ។
ទោះជាយ៉ាងណាការចាប់ឈោងភាពល្បីល្បាញនាពេលនេះក៏ដោយ តន់ ច័ន្ទសីម៉ា ហាក់មិនបានភ្លេចគុនដល់ ឱក សុគន្ធកញ្ញា ដែលធ្លាប់ជាគ្រូជួយបង្ហាត់បង្ហាញនាងនាពេលប្រឡងកន្លងមកនោះដែរ។

យ៉ាងណាគេជឿថា ព្រឹត្តការណ៍ស៊ីហ្គេមនៅកម្ពុជាដែលនឹងចូលមកដល់នាដើមខែឧសភាខាងមុខនេះ នឹងធ្វើឲ្យមានការផ្ទុះកក្រើក តាមរយៈឈុតឆាកសម្តែងនានា ជាពិសេសការឡើងច្រៀងរួមគ្នាពីសំណាក់កំពូលតារាចម្រៀងល្បីៗនាពេលនេះ៕ រក្សាសិទ្ធិដោយ ៖ សំណាង SV



















