Tuesday, May 13, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

មិន​នឹកស្មាន​សោះ! រឿងហេតុ​នៅ​ពីក្រោយ​ករណី​ឃា.ត​កម្ម​តារា​ម៉ូដែល​ហុង​កុង ដែល​ប៉ូលិស​រក​ឃើញ​បំណែ​កស.ពនៅ​ក្នុង​ទូទឹកកក និង​ឆ្នាំ​ងស៊ុ​ប

កាលពីថ្ងៃទី ២៧ ខែកុម្ភៈ ឆ្នាំ២០២៣ ជនសង្ស័យ ៤ នាក់ ក្នុងសំណុំរឿងឃាតកម្មលើតារាម៉ូដែលហុងកុង Abby Choi ដែលរួមមាន៖ ទី១-ឈ្មោះ Kwong Kau (អាយុ ៦៥ឆ្នាំ មន្ត្រីនគរបាលចូលនិវត្តន៍ អតីតឪពុកក្មេកជនរងគ្រោះ), ទី២-ឈ្មោះ Jenny Li (អាយុ ៦៣ ឆ្នាំ អតីតម្តាយក្មេកជនរងគ្រោះ, ទី៣-ឈ្មោះ Anthony (អាយុ ៣១ឆ្នាំ ត្រូវជាបងប្រុសរបស់អតីតប្តីជនរងគ្រោះ) និងទី៤-ឈ្មោះ Alex Kwong (អាយុ ២៨ ឆ្នាំ អត់ការងារធ្វើ អតីតប្តីជនរងគ្រោះ) ត្រូវបាននាំខ្លួនទៅកាន់តុលាការដំបូង។

គួររម្លឹកថា កាលពីថ្ងៃអាទិត្យ (ថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៣) ពេលឆែកឆេរផ្ទះនៅស្រុក Dai Bo កម្លាំងប៉ូលិសបានរកឃើញលលាដ៍ក្បាល និងឆ្អឹងជំនីមួយចំនួន ដែលគេជឿថាជាបំណែកសាកសពរបស់ជនរងគ្រោះ នៅក្នុងឆ្នាំងស៊ុបដ៏ធំមួយ។

តាមប្រភព​មួយ​បាន​និយាយ​ថា អំពើ​ឃាតកម្ម​នេះ​ត្រូវ​បាន​គេ​ជឿ​ថា ​ពាក់ព័ន្ធ​នឹង​ជម្លោះ​អចលនទ្រព្យ​រវាង​តារា​ម៉ូដែល​ស្រី​រូប​នេះ និង​គ្រួសារ​អតីត​ស្វាមីរបស់នាងតែម្តង។ ពិតណាស់ បើទោះបីជានាងបែកគ្នាជាមួយអតីតស្វាមីក៏ដោយ ក៏នាងនៅតែផ្គត់ផ្គង់កូនទាំង២នាក់ ដែលបច្ចុប្បន្នកំពុងរស់នៅជាមួយស្វាមី និងក៏បានទិញផ្ទះមួយខ្នងឱ្យឪពុកម្តាយអតីតស្វាមីទៀតផង។

ក្នុងឆ្នាំ២០២២ តារាម៉ូដែលវ័យ ២៨ ឆ្នាំ រូបនេះ គ្រោងនឹងលក់ផ្ទះល្វែងនោះ និងរៀបចំកន្លែងមួយទៀតសម្រាប់គ្រួសារអតីតស្វាមី។ ថ្វីត្បិតតែអតីតឪពុកក្មេករបស់នាងស្ថិតក្នុងឈ្មោះសៀវភៅក្រហមក៏ដោយ ដោយសារតែនាងជាអ្នកទិញអចលនទ្រព្យនោះ ហេតុនេះ នាងនៅតែអាចលក់ផ្ទះល្វែងបាន។ ទោះជាយ៉ាងណា ជម្លោះ​ប្រាក់​បាន​កើត​ឡើង​នៅ​ពេល​ដែល Abby ចង់​លក់​ផ្ទះ​ ដែលធ្វើឲ្យ​ឪពុក​របស់ Alex មិន​សប្បាយ​ចិត្ត។

ការ​សម្រេច​ចិត្ត​នេះ ក៏បាន​ប្រឈម​នឹង​ការ​ប្រឆាំង​យ៉ាង​តឹងរ៉ឹង ​ពី​អតីត​ឪពុក​ក្មេក​របស់​នាង គឺលោក Kwong Kau តែម្តង។ គាត់​ត្រូវ​បាន​គេ​សង្ស័យ​ថា ​ជា​មេខ្លោង​នៃ​អំពើ​ឃាតកម្ម។ ព្រោះថា អ្វី​ដែល​ពិសេស​ជាងនេះ​ទៅ​ទៀតនោះ គឺ​គាត់​ជា​អតីត​មន្ត្រី​ប៉ូលិស។

ដើមខែកុម្ភៈ ឆ្នាំ២០២៣ លោក Kwong Kau ជួលផ្ទះល្វែងមួយនៅភូមិ Long Vi។ អាផាតមិនមានទំហំប្រហែល ១៥២ ម៉ែត្រការ៉េ និងមានតម្លៃប្រហែល 10,000 HKD ($1,273) ក្នុងមួយខែ។

ប៉ុន្តែ ស្រាប់តែនៅថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៣ ជនរងគ្រោះត្រូវបានរាយការណ៍ថាបាត់ខ្លួនតែម្តង ព្រោះអ្នកបើកឡានផ្ទាល់របស់នាង បានបើកឡានទៅយកនាង ប៉ុន្តែ ថ្ងៃនោះ នាង​មិន​បាន​បង្ហាញខ្លួន និង​យក​កូន​នោះ​ទេ។ ក្រោយទទួលបានព័ត៌មានពីការបាត់ខ្លួននេះ កម្លាំងផ្នែកជំនាញបានទាក់ទងទៅបងប្រុសអតីតប្តីរបស់តារាម៉ូដែលរូបនេះ និងអតីតឪពុកម្តាយក្មេក ព្រោះពួកគេស្ថិតក្នុងបញ្ជីជនសង្ស័យខាងលើ។ ប៉ុន្តែ​មនុស្ស​ទាំង​បី​នាក់​នេះ​សុទ្ធ​តែ​បាន​ផ្តល់​សេចក្តីថ្លែងការណ៍​មិន​ច្បាស់លាស់ និង​បំភ័ន្ត ដែល​ធ្វើ​ឲ្យ​ការ​ស៊ើបអង្កេត​មាន​ការ​លំបាក។

ទោះជាយ៉ាងណា នៅថ្ងៃទី២៤ ខែកុម្ភៈ ប៉ូលីសបានរកឃើញផ្នែកខ្លះរបស់សាកសពជនរងគ្រោះមួយចំនួន នៅក្នុងអាផាតមិនដែលអតីតឪពុកក្មេករបស់នាងគឺលោក Kwong Kau បានជួលមុននេះ និងរកឃើញមានឧបករណ៍រៀបចំយ៉ាងប្រុងប្រយ័ត្ន សម្រាប់ការបំបែកសពទៀតផង។

ប៉ូលិសក៏បានរកឃើញម៉ាស៊ីនកិនសាច់១គ្រឿង ខ្សែភ្លើង១ និងឆ្នាំងស៊ុប២ ដែលមានសរីរាង្គមនុស្សនៅក្នុងនោះ រួមជាមួយនឹងកាំបិតកាប់២ប្រភេទ ញញួរ១ ស្រោមដៃពណ៌ខ្មៅ និងកាបូបដៃពណ៌ស្វាយ១ ដែលជាកម្មសិទ្ធិរបស់ Abby Choi តែម្តង។ ជើង​ជន​រង​គ្រោះ​ ក៏ត្រូវបានរកឃើញ​នៅ​ក្នុង​ទូរ​ទឹកកក ប៉ុន្តែ​រក​មិន​ឃើញ​សាកសព​ឡើយ។

ភ្លាមៗនោះ កម្លាំងសមត្ថកិច្ច​បាន​ចាប់​ខ្លួន​មនុស្ស​៣​នាក់​ នៃ​គ្រួសារនេះ ប៉ុន្តែ​អតីតស្វាមីរបស់នាងឈ្មោះ Alex Kwong មិន​ទាន់​ត្រូវ​បាន​ចាប់​ខ្លួន​នៅ​ឡើយ​ទេ។ ទោះជាយ៉ាងណា នៅថ្ងៃទី២៥ ខែកុម្ភៈ ប៉ូលីសបានចាប់ខ្លួន Alex Kwong នៅកំពង់ផែមួយកន្លែង នៅម៉ោងប្រហែល ១ រសៀលថ្ងៃសៅរ៍ បន្ទាប់ពីបានរកឃើញផែនការរត់គេចខ្លួនរបស់រូបគេ។

ជនសង្ស័យជាអតីតប្តីរូបនេះ ​បាន​នាំ​យក​លុយ​ចំនួន ៥០ ម៉ឺន​ដុល្លារ​ហុងកុង និង​នាឡិកា​ប្រណីត​មួយចំនួន​ ដែល​មាន​តម្លៃ​សរុប​ប្រហែល ៤ លាន​ដុល្លារ​ហុងកុង​។ រូបគេ​បាន​និយាយ​ថា សុខភាព​​មិន​ល្អ ដូច្នេះ​ រូបគេ​ត្រូវ​ទៅ​មន្ទីរពេទ្យ Queen Elizabeth។ នៅ​ថ្ងៃ​ដដែល​នោះ កម្លាំង​ប៉ូលិស​បាន​ដឹកនាំ​ឆ្កែ ទៅ​ហិត​ក្លិន​ទៅ​ស្វែងរក​បំណែក​សាកសព​ដែល​បាត់​ខ្លួន​នៅ​តំបន់កន្លែង​បញ្ចុះសព​ចិន Junk Bay។

អ្នកជំនាញផ្នែកកោសល្យវិច្ច័យ បានរកឃើញរន្ធមួយទំហំ 6.5cm x 5.5cm នៅខាងក្រោយលលាដ៍ក្បាល។ ប៉ូលិស​សង្ស័យ​ថា ​វា​អាច​ជា​ការ​វាយ​ប្រហារ​ដែល​បាន​សម្លាប់ Abby Choi ខណៈ​ឈាម​ប្រឡាក់នៅ​លើ​រថយន្ត​៧​កៅអី ដែលបង្ហាញ​ថា នាងប្រាកដណាស់​ត្រូវ​គេ​វាយ​នៅ​ក្នុង​រថយន្តតែម្តង។

អតីតប្តីជនរងគ្រោះ ឪពុកក្មេក និងបងថ្លៃប្រុស ត្រូវបានចោទប្រកាន់ពីបទមនុស្សឃាត នៅថ្ងៃជាមួយគ្នា ចំណែកស្រ្តីជាម្តាយឈ្មោះ Jenny Li ត្រូវបានចោទប្រកាន់ពីបទសមគំនិត ព្រោះគាត់បានដឹងពីផែនការនេះ ប៉ុន្តែមានចេតនាផ្តល់ព័ត៌មានមិនពិត ធ្វើឱ្យរាំងស្ទះដល់ដំណើរការរបស់ប៉ូលិស។

លើសពីនេះ ជន​សង្ស័យ​ទី៥ម្នាក់ទៀត គឺត្រូវ​បាន​គេ​និយាយ​ថា ជា​ស្រី​កំណាន់​របស់​អតីត​ឪពុក​ក្មេក Abby Choi។ ស្ត្រី​ម្នាក់នោះ​ធ្វើការ​ជា​អ្នក​ម៉ាស្សា និង​មាន​ទំនាក់ទំនង​ស្នេហា​ជាមួយ​ឪពុកក្មេក​ជនរងគ្រោះ​ប្រមាណ​៦​ខែមកហើយ។

ស្រ្តីរូបនេះ ក៏ត្រូវបានគេចោទប្រកាន់ថាបានជួយបុរសម្នាក់រូបនេះ ជួលអាផាតមិននៅភូមិ Long Vi ដើម្បីប្រព្រឹត្តបទឧក្រិដ្ឋ និងជួលផ្ទះល្វែងប្រណីតមួយនៅ West Kowloon ដើម្បីជួយលាក់បាំងកូនប្រុសរបស់គូស្នេហ៍របស់នាង។ ស្រ្តីរូបនេះ​ក៏ត្រូវ​បាន​ចាប់​ខ្លួន​នៅ​រសៀល​ថ្ងៃ​ទី​២៦ កុម្ភៈ ផងដែរ។

ដោយឡែក សម្រាប់ជនសង្ស័យចំនួន ៤ នាក់ រួមមាន៖ អតីតប្តី បងថ្លៃប្រុស និងឪពុកម្តាយក្មេករបស់តារាម៉ូដែលរូបនេះ ត្រូវបានឃុំខ្លួន ដោយគ្មានប្រាក់ធានានោះទេ។ ពួក​គេ​ត្រូវ​បាន​ចោទ​ប្រកាន់​ពី​បទ​មនុស្ស​ឃាត និង​រារាំង​យុត្តិធម៌៕ រក្សាសិទ្ធិដោយ៖ លឹម ហុង

×