ជឿជាក់ថា ប្រិយមិត្តអ្នកនិយមតាមដានព័ត៌មាននៅលើបណ្ដាញសង្គម ពិតជាបានជ្រាបរួចមកហើយថា កាលពីថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៣ កន្លងទៅថ្មីៗនេះ មានករណីអំពើឃាតកម្មដ៏ភ្ញាក់ផ្អើល និងរន្ធត់បំផុតមួយ បានកើតឡើងនៅក្នុងសង្កាត់ Tai Po នៃទីក្រុងហុងកុង បន្ទាប់ប៉ូលិសបានប្រកាសថា តារាម៉ូដែលស្រីដ៏ល្បីដែលស្គាល់ឈ្មោះថា នាង Abby Choi ដែលត្រូវបានគេសម្លាប់ដោយបំបែកសាកសព ទៅរក្សាទុកក្នុងទូទឹកកក និងសូម្បីឆ្នាំងស៊ុប ដែលធ្វើឲ្យករណីនេះផ្ទុះកក្រើកនៅលើបណ្ដាញសង្គមចិន។
ទោះយ៉ាងណា នៅទីបំផុត ប៉ូលីសក្នុងទីក្រុងហុងកុង បានចាប់ខ្លួនជនសង្ស័យសំខាន់ៗចំនួន ៤ នាក់ គឺរួមឪពុកម្តាយក្មេករបស់ Abby, បងថ្លៃ និងអតីតប្តីរបស់នាងឈ្មោះ Alex Kwong ។
ជុំវិញរឿងនេះ ក៏សូមឲ្យដឹងថា តើពួកគេជានរណា ហើយតើពួកគេមានសមត្ថភាពយ៉ាងណា មានបញ្ហាអ្វី ក្នុងការសម្លាប់ដ៏សាហាវឃោរឃៅ និងអមនុស្សធម៌បែបនេះ? ។
ជាដំបូង អ្នកត្រូវដឹងអំពីប្រវត្តិអតីតគ្រួសារក្មេក របស់ Abby ប៉ុន្តែសូមចាប់ផ្តើមជាមួយ Alex Kwong ដែលជាអតីតប្តីរបស់នាងមុនគេ៖
១- Alex Kwong Kong-chi (អាយុ ២៨ ឆ្នាំ) អតីតស្វាមីរបស់ Abby, យោងតាមសារព័ត៌មាន China Times លោក Alex គឺជាឧក្រិដ្ឋជនដែលប៉ូលិសចង់បានអស់រយៈពេល ៨ ឆ្នាំមកហើយ ហើយរូបគេត្រូវបានគេចាប់ខ្លួនពីបទឆបោកជាច្រើនករណី។
Alex នឹងប្រើកម្មវិធីណាត់ជួប និងបញ្ចុះបញ្ចូលមនុស្ស ដែលរូបគេជួបឱ្យវិនិយោគលើមាស។ ប៉ុន្តែ រយៈពេលពេញមួយឆ្នាំ រូបគេអាចបោកប្រាស់មនុស្សរាប់លាននាក់ ហើយនឹងបាត់ខ្លួន នៅពេលដែលប្រតិបត្តិការរបស់ប៉ូលិសត្រូវបានធ្វើឡើង។ ជាក់ស្តែង នៅពេលត្រូវបានចាប់ខ្លួន Alex ពុំមានការងារធ្វើច្បាស់លាស់នោះទេ។
២- ឪពុករបស់ Alex លោក Kwong Kau (អាយុ ៦៥ ឆ្នាំ) អតីតឪពុកក្មេករបស់ Abby និងត្រូវបានគេចោទប្រកាន់ថា ជាមេក្លោងនៃអំពើឃាតកម្មនេះ គឺមានតួនាទីជាអតីតមេប៉ូលីសស៊ើបអង្កេតនៅម៉ុងកុក កាលពីឆ្នាំ ២០០៥។ ក្នុងឆ្នាំដដែលនោះ គាត់កំពុងស៊ើបអង្កេតករណីដែលពាក់ព័ន្ធនឹងជនរងគ្រោះជានារីរង។
លោក Kwong Kau ត្រូវបានគេសន្មត់ថាបម្រើ និងការពារ ប៉ុន្តែជាអកុសល ឪពុករបស់ Alex រូបនេះ បានឆ្លៀតឱកាសជួបជាមួយនារីៗរងគ្រោះជាច្រើនដង ក្រោមលេស «ការស៊ើបអង្កេត»។ ប៉ុន្តែ ក្រោយពីទទួលបានការទុកចិត្តហើយ គាត់ក៏បានចាប់រំលោភនារីរងគ្រោះនៅផ្ទះរបស់នាង។ តែទោះជាយ៉ាងណា ក្រោយមកគាត់ ត្រូវបានដោះលែងឱ្យនៅក្រៅឃុំ នេះបើយោងតាមសារព័ត៌មាន Liberty Times Net ។
China Times ក៏បានរាយការណ៍ផងដែរថា ទោះបីជាត្រូវបានលែងលះគ្នាក៏ដោយ ក៏ Abby នៅតែមើលថែអតីតគ្រួសារក្មេករបស់នាង ហើយថែមទាំងអនុញ្ញាតឱ្យពួកគេស្នាក់នៅផ្ទះដែលនាងបានទិញ (ប៉ុន្តែចុះឈ្មោះក្រោមឈ្មោះ Alex) ។ ជម្លោះប្រាក់បានកើតឡើង នៅពេលដែល Abby ចង់លក់ផ្ទះដែលជាហេតុធ្វើឲ្យលោក Kwong Kau (ឪពុករបស់ Alex) មិនសប្បាយចិត្តតែម្តង។
នៅពេលដែល Abby ត្រូវបានគេសម្លាប់ អ្នកជិតខាងបានអះអាងថា ពួកគេបានឮសំឡេងខ្លាំងៗពីម៉ាស៊ីនកិនសាច់ ហើយបានឃើញឪពុករបស់ Alex កំពុងដើរល្បាតក្នុងតំបន់ ដោយមើលយ៉ាងសាហាវ។
៣- Anthony (អាយុ ៣១ ឆ្នាំ) អតីតបងថ្លៃរបស់ Abby បានធ្វើការជាអ្នកបើកបររបស់ Abby មុនពេលការស្លាប់ចុងក្រោយនេះ។ របៀបរស់នៅរបស់គាត់បានធ្វើឱ្យគាត់ជាប់ក្នុងបំណុលជាច្រើន ជាមួយធនាគារ។ ជាក់ស្តែង Hong Kong 01 បានរាយការណ៍ថានៅឆ្នាំ ២០១៩ ធនាគារ Citibank នៅហុងកុង បានប្តឹងលោក Anthony ដោយសារតែបំណុលច្រើនជាង 230,000 HKD (២៣០ ពាន់ដុល្លារហុងកុង)។
៤- អ្នកស្រី Lee (អាយុ ៦៣ ឆ្នាំ ) ម្តាយរបស់ Alex អតីតម្ដាយក្មេករបស់ Abby មិនមែនជាអ្នករៀបចំផែនការឧក្រិដ្ឋកម្មនោះទេ ប៉ុន្តែ News HNR បានរាយការណ៍ថា Lee ពិតជាដឹងពីអ្វីដែលកំពុងកើតឡើង។
ទោះបីជាយ៉ាងណា អ្នកស្រី Lee ត្រូវបានចាប់ខ្លួនពីបទរារាំងប៉ូលិសក្នុងការបំពេញភារកិច្ចរបស់ពួកគេ។ ប៉ូលិសក៏បាននិយាយថា វាហាក់ដូចជាមានបញ្ហាហិរញ្ញវត្ថុ នៅក្នុងគ្រួសារកាលពីប៉ុន្មានឆ្នាំមុន ព្រោះអ្នកស្រី Lee ត្រូវបានតុលាការប្រកាសថាក្ស័យធន៕ រក្សាសិទ្ធិដោយ៖ លឹម ហុង















