ឃាតកម្មដ៏សាហាវរបស់ Abby Choi នៅទីក្រុងហុងកុង កាលពីពេលថ្មីៗនេះ បានធ្វើឱ្យពិភពលោកភ្ញាក់ផ្អើល ហើយមនុស្សជាច្រើន កំពុងអំពាវនាវឱ្យមានការត្រឡប់មកវិញនូវទោសប្រហារជីវិត ដែលត្រូវបានលុបចោលក្នុងប្រទេសនេះ កាលពីឆ្នាំ១៩៩៣។ ប្រសិនបើអ្នកឆ្ងល់ថា តើទណ្ឌកម្មអ្វីខ្លះដែលកំពុងរង់ចាំសម្រាប់ឪពុកក្មេករបស់ Abby, នោះអ្វីដែលសំខាន់គឺស្ថិតនៅក្នុងការរកឃើញផ្នែករាងកាយដែលនៅសល់របស់ Abby។
ឥឡូវនេះ សាកសពគ្មានក្បាលរបស់ Abby ត្រូវបានគេរកឃើញនៅក្នុងទូទឹកកកនៅបន្ទប់ផ្ទះល្វែងមួយ ហើយលលាដ៍ក្បាលរបស់នាង ត្រូវបានរកឃើញនៅក្នុងឆ្នាំងស៊ុប ដែលមានបន្លែ និងសាច់ត្រូវកាប់ចិញ្ច្រាំ។ ប៉ុន្តែ អ្វីដែលនៅសេសសល់សម្រាប់ប៉ូលិសក្នុងស្វែងរកឲ្យឃើញ គឺដងខ្លួន និងដៃរបស់ Abby ប៉ុណ្ណោះ ហើយពួកគេកំពុងធ្វើការគ្រប់ម៉ោង ដើម្បីកំណត់ទីតាំងផ្នែករាងកាយ។
ប្រសិនបើសាកសពដែលនៅសេសសល់ មិនត្រូវបានរកឃើញ ហើយប្រសិនបើជនសង្ស័យសារភាពថា មិនបានប្រព្រឹត្ត ហើយត្រូវបានកាត់ទោសពីបទមនុស្សឃាត ពួកគេអាចនឹងរួចផុតទោស ដោយគ្រាន់តែទទួលការផាកពិន័យប៉ុណ្ណោះ។
សម្រាប់អ្នកដែលមិនបានដឹង នោះពាក្យថា «មនុស្សឃាត (manslaughter)» ត្រូវបានកំណត់ថា ជាការសម្លាប់អ្នកដ៏ទៃដោយអចេតនា, ចំណែកពាក្យថា «ឃាតកម្ម ឬ ធ្វើឃាត (murder)» ត្រូវបានកំណត់ថាជាមនុស្សម្នាក់សម្លាប់អ្នកដ៏ទៃដោយចេតនាអាក្រក់ ដូចដែលបានពន្យល់ដោយ The Law Office of Stein & Markus។ តើមេខ្លោងយកដំណើរការច្បាប់មកពិចារណា មុននឹងសម្លាប់ Abby និងចោលផ្នែករាងកាយរបស់នាងដែរឬទេ? ហេតុនេះ មានតែពេលវេលាទេដែលនឹងប្រាប់។
ទាំងសារព័ត៌មាន China Press និង Sin Chew បានរាយការណ៍ថា ប្រសិនបើសាកសពរបស់ Abby មិនត្រូវបានរកឃើញទេ នោះនឹងមានការខ្វះខាតភស្តុតាង ដើម្បីចោទប្រកាន់ឪពុកក្មេករូបនេះ ពីបទឃាតកម្ម។ ម៉្យាងវិញទៀត ផ្នែករាងកាយដែលត្រូវបានរកឃើញ គឺមិនអាចជួយអ្វីបានច្រើនឡើយ ជាពិសេសត្រូវបានចម្អិនម្ហូប ខណៈដែលអ្នកជំនាញផ្នែកកោសល្យវិច្ច័យ បាននិយាយថា DNA អាចបំផ្លាញបានយ៉ាងងាយ ដោយសារកម្ដៅ។
ហេតុនេះ ប្រសិនបើអ្នកមិនអាចកំណត់អត្តសញ្ញាណជនរងគ្រោះបាន តើអ្នកនឹងស្វែងរកអត្តសញ្ញាណឃាតករ ដោយរបៀបណា? អ្នកជំនាញផ្នែកកោសល្យវិច្ច័យបាននិយាយ ហើយបានបដិសេធថា Abby មិនត្រូវបានចម្អិនដើម្បីបរិភោគនោះទេ។
យោងតាមសារព័ត៌មាន Channel News Asia គិតត្រឹមព្រឹកថ្ងៃទី១ ខែមីនានេះ ប៉ូលីសក្នុងទីក្រុងហុងកុងបាននិយាយថា ពួកគេមិនទាន់រកឃើញអ្វីជាដុំកំភួននៅឡើយទេ ប៉ុន្តែពួកគេបានរកឃើញឆ្អឹងមួយចំនួន ដែលពួកគេមិនអាចសន្និដ្ឋានថាជារបស់សត្វ ឬមនុស្ស។
ទោះជាយ៉ាងណា អតីតស្វាមី ឪពុកក្មេក ប្អូនថ្លៃ និងម្តាយក្មេករបស់ Abby បច្ចុប្បន្នកំពុងស្ថិតក្នុងការឃុំឃាំងរបស់ប៉ូលីស ហើយពួកគេនឹងមិនត្រូវបានដោះលែងឱ្យនៅក្រៅឃុំនោះទេ។ សំណុំរឿងនេះនឹងត្រូវបានបើកសវនាការជំនុំជម្រះ នៅថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២៣ នេះ៕ រក្សាសិទ្ធិដោយ៖ លឹម ហុង











