កាសែត The Straits Times កាលពីថ្ងៃទី២ ខែកុម្ភៈ បានរាយការណ៍ថា ហេតុការណ៍នេះបានកើតឡើង ចំពោះគ្រួសារមួយ ខណៈពេលពួកគេរៀបចំធ្វើដំណើរពីទីក្រុង Tel Aviv ប្រទេសអ៊ីស្រាអែល ទៅកាន់ទីក្រុងប្រ៊ុចសែល ប្រទេសបែលហ្សិក។
ប្តីប្រពន្ធនោះ ដែលមានលិខិតឆ្លងដែនបែលហ្ស៊ិក ត្រូវបានជូនដំណឹងដោយបុគ្គលិកនៅកន្លែងឆែកឆេរថា ពួកគេត្រូវការទិញសំបុត្របន្ថែម សម្រាប់ទារកទើបនឹងកើតរបស់ពួកគេ។
ប៉ុន្តែ នៅពេលជិតដល់ម៉ោងហោះហើរ ប្តីប្រពន្ធមួយគូនេះ ស្រាប់តែទុកទារកដែលទើបនឹងកើត នៅកន្លែងដាក់ឥវ៉ាន់ នៃកន្លែងឆែកឆេរ រួចរត់កាត់សន្តិសុខ ដើម្បីឡើងយន្តហោះ Ryanair តែម្តង ។
នៅក្នុងវីដេអូដែលបានរីករាលដាលនៅលើបណ្តាញសង្គម បានបង្ហាញឲ្យឃើញបុគ្គលិកក្រុមហ៊ុន Ryanair បានលើកកន្សែងចេញពីរទេះរុញ ហើយបានរកឃើញទារកនៅខាងក្នុង។
មន្ត្រីអាកាសយានដ្ឋានបាននិយាយថា វាមិនច្បាស់ទេថា តើប្តីប្រពន្ធនេះមិនមានលទ្ធភាពទិញសំបុត្រ ឬពិតជាមិនចង់យកទារក ទៅជាមួយពួកគេ ឬយ៉ាងណានោះទេ។
ទោះជាយ៉ាងណា បុគ្គលិកក្រុមហ៊ុន Ryanair បានរត់ដេញតាម និងជំរុញឱ្យប្តីប្រពន្ធនេះ វិលត្រឡប់មកទទួលយកទារកវិញ។ បន្ទាប់មក ប្តីប្រពន្ធនេះ ត្រូវបានកម្លាំងសន្តិសុខ និងប៉ូលិសអ៊ីស្រាអែល ធ្វើការឃាត់ខ្លួន។
អ្នកគ្រប់គ្រងក្រុមហ៊ុន Ryanair បាននិយាយថា «បុគ្គលិករបស់យើងទាំងមូល ពិតជាមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង។ យើងមិនដែលឃើញអ្វីដូចនេះទេ វាស្ទើរតែមិនគួរឱ្យជឿ»។
យោងតាមគេហទំព័ររបស់ Ryanair ទារកអាចអង្គុយជាមួយឪពុកម្តាយរបស់ពួកគេ នៅលើយន្តហោះ ប៉ុន្តែ វានឹងនៅតែមានតម្លៃស្មើនឹង ៣៦ ដុល្លារ។
អ្នកនាំពាក្យប៉ូលិសអ៊ីស្រាអែល បាននិយាយថា បញ្ហាត្រូវបានដោះស្រាយពេលប៉ូលិសមកដល់ព្រលានយន្តហោះ។ អ្នកនាំពាក្យរូបនោះបានប្រាប់ CNN ថា៖ «កុមារនៅជាមួយឪពុកម្តាយរបស់គេ ហើយមិនចាំបាច់មានការស៊ើបអង្កេតបន្ថែមទៀតទេ»៕ រក្សាសិទ្ធិដោយ៖ លឹម ហុង



Arriving without a ticket for their baby, a couple left their infant at the check-in counter to catch their flight at Tel Aviv airport in Israel. https://t.co/DiIvb1yVfv pic.twitter.com/GnnmrF2Ivc
— Breaking Aviation News & Videos (@aviationbrk) February 2, 2023