វីដេអូ TikTok នៃពិធីមង្គលការមួយដែលគេជឿថា នៅក្នុងខេត្តសៀមរាប បានធ្វើឲ្យមហាជននៅលើបណ្តាញសង្គម ពិតជាមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ខណៈបានឃើញកូនកំលោះ ក្រាបថ្វាយបង្គំខមាលទោស ដល់បងស្រីបង្កើតរបស់ខ្លួនដែលមិនទាន់ដល់គូ ដែលមនុស្សជាច្រើនពុំធ្លាប់ឃើញពីមុនមក។
បើតាមអ្នកចូលរួមក្នុងពិធីបានឲ្យដឹងថា ការធ្វើបែបនេះ គឺដោយសារតែកូនកំលោះជាប្អូនប្រុស ឆាប់រៀបការមុនបងស្រី ហេតុដូច្នេះ ក៏រៀបចំធ្វើពិធីនេះ ឲ្យប្អូនសុំខមាលទោសបងស្រី និងជូនពរជ័យឲ្យបងឆាប់មានគូដូចគ្នាផងដែរ។ ម្យ៉ាងវិញទៀត បើតាមតាអាចារ្យ បានរៀបរាប់បែបអប៉ីជំនឿថា ការធ្វើបែបនេះ គឺដើម្បីជាការធ្វើកិច្ចកុំឲ្យថ្ងៃក្រោយទៅ មានកម្មពៀរវេរៀ ខ្លាចក្រែងលោធ្លាក់ទៅក្នុងអបាយភូមិ៤ នរគ ប្រេត អាសូរកាយ តរិច្ឆាន…។
តាមរយៈវីដេអូ បានបង្ហាញកូនកំលោះ ជាដំបូង ក្រាបថ្វាយបង្គំចំនួន៣ដង មុនពេលលើកជើងពាន់ជូនបងស្រី ហើយបន្ទាប់មក រវាងប្អូនប្រុស និងបងស្រី និយាយសុំទោស និងអធ្រាស្រ័យឲ្យគ្នាទៅវិញទៅមក ដោយធ្វើទៅតាមការណែនាំបង្គាប់បញ្ជារបស់លោកតាអាចារ្យ។
ទោះជាយ៉ាងណា ពិធីនេះពុំឃើញមានការសើចចំអក ឬរិះគន់ណាមួយពីមហាជននោះទេ និងផ្ទុយទៅវិញ គឺមានតែការលើកសរសើរថា «ធ្វើចឹងល្អប្រពៃណាស់! ព្រោះបងស្រីបងប្រុស គឺដូចជាម្តាយបង្កើតរបស់យើងដែរ»។ ហើយវិធីនេះផងដែរ ក៏មិនមែនទើបតែនឹកឃើញធ្វើនោះទេ នេះបើតាមអ្នកលេងបណ្តាញសង្គមម្នាក់ ក៏បានប្រាប់ឲ្យដឹងថា៖ «វាពិតជាកម្រណាស់ដែលគេធ្វើវិធីនេះ ព្រោះវិធីនេះមានតែតាំងពីបុរាណៗ ជំនាន់មុនៗ កាលខ្ញុំនៅក្មេងៗម្ល៉េះ តែមិននឹកស្មានថា បានឃើញដល់ជំនាន់នេះទេ»៕ រក្សាសិទ្ធិដោយ៖ លឹម ហុង





@chrikya ♬ original sound – Som Chakriya👩🏻