Tuesday, May 13, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ពិតជាអព្ភូតហេតុមែន! ដើរ​បរបាញ់ វង្វេង​ក្នុង​ព្រៃ​អាម៉ាហ្សូន ១ខែ ជួបសត្វសាហា-វៗ តែអាច​នៅ​​រស់រានមានជីវិត ដោយសារ​បង្ខំចិត្ត​ហូប​តែ…

យោងតាមសារព័ត៌មាន CBS News បុរសម្នាក់ឈ្មោះ Jhonatan Acosta អាយុ ៣០ ឆ្នាំ ត្រូវបានរកឃើញកាលពីថ្ងៃសៅរ៍ (២៥ ខែកុម្ភៈ) បន្ទាប់ពីរស់នៅតែម្នាក់ឯងក្នុងតំបន់ភាគនិរតី ក្នុងព្រៃទឹកភ្លៀងដ៏ធំសម្បើមរបស់អាមេរិកខាងត្បូង។ គាត់​បាន​វង្វេង​ក្នុង​ដំណើរ​បរបាញ់​ជាមួយ​មិត្តភ័ក្តិ ៤ ​នាក់។

Jhonatan បាននិយាយថា គាត់បានយកទឹកពីស្បែកជើងកវែងរបស់គាត់ ហើយបានបង្ខំចិត្តផឹកកាកសំណល់របស់គាត់ដើម្បីរស់។ ឧប្បត្តិហេតុនេះ បានធ្វើឱ្យ Jhonatan ក្លាយជាអ្នករស់រានមានជីវិតយូរអង្វែងបំផុតនៃព្រៃអាម៉ាហ្សូន – ជាព្រៃដែលល្បីល្បាញគ្រោះថ្នាក់ និងគួរឱ្យភ័យខ្លាចបំផុតនៅលើផែនដី។

ប្រព័ន្ធផ្សព្វផ្សាយ Bolivian បានរាយការណ៍ថា Jhonatan ត្រូវបានរាយការណ៍ថា បានបាត់ខ្លួនដោយក្រុមគ្រួសាររបស់គាត់ នៅចុងខែមករា។ គាត់​កំពុង​ធ្វើ​ដំណើរ​បរបាញ់​ជាមួយ​មិត្តភ័ក្តិ​៤​នាក់​ នៅក្នុង​ព្រៃ​អាម៉ាហ្សូន ប៉ុន្តែ​បាន​បាត់​ខ្លួន​ពី​ក្រុម​កាល​ពី​ថ្ងៃ​ទី២៥ ខែ​មករា។

Jhonatan បានប្រាប់ទូរទស្សន៍ Unitel TV ថា «ខ្ញុំអាចមានជីវិតមកទល់ពេលនេះ គឺដោយសារខ្ញុំបង្ខំចិត្តហូបសត្វល្អិត ផឹកទឹកនោមខ្លួនឯង និងថែមទាំងហូបដង្កូវទៀតផង។ ខ្ញុំក៏ត្រូវបានសត្វព្រៃវាយប្រហារផងដែរ»។

បុរសជនជាតិបូលីវីរូបនេះ បាននិយាយថា គាត់បានប្រឈមមុខជាមួយសត្វខ្លារខិន ពេលដែលគាត់ជាប់គាំងតែម្នាក់ឯង ហើយប្រាប់ថា គាត់ងាកទៅហូបឫសដើមឈើឆៅ។ ប៉ុន្តែ​ពេល​ទឹក​អស់ គាត់​ត្រូវ​ផឹក​កាកសំណល់​ខ្លួនឯង។

Jhonatan បាន​និយាយ​ថា៖ «ខ្ញុំ​បាន​សុំ​ព្រះ​ឲ្យ​មាន​ភ្លៀង។ បើ​មិន​បាន​ភ្លៀង​ទេ ខ្ញុំ​មិន​រួច​ជីវិត​ទេ»។

ដោយ​ពិបាកចិត្ត លោក Jhonatan បាន​ដើរ​ប្រហែល ៤០ គីឡូម៉ែត្រ ដើម្បី​ស្វែងរក​កន្លែង​រស់នៅ ប៉ុន្តែ​គាត់​បាន​ដឹង​ភ្លាមៗ​ថា ​គាត់​កំពុង​ដើរ​វិលវល់ជុំវិញប៉ុណ្ណោះ។ នៅពេលយប់ Jhonatan ត្រូវបានសត្វគ្រប់ប្រភេទខាំ។

ទោះបីបាត់មុខយូរយ៉ាងនេះក៏ដោយ ក៏មិត្តភក្តិ និងក្រុមគ្រួសាររបស់ Jhonatan មិនដែលអស់សង្ឃឹម ក្នុងការជួបគាត់ម្តងទៀតឡើយ។ ហើយបន្ទាប់មក អព្ភូតហេតុបានលេចចេញមក។

មួយខែបន្ទាប់ពី Jhonatan បានបាត់ខ្លួន អ្នកដែលស្វែងរកគាត់ ស្រាប់តែឮសំឡេងស្រែករកជំនួយ៖ «សូមជួយយកខ្ញុំចេញពីទីនេះផង!»។

Jhonatan បានប្រាប់ពីពេលដែលគាត់ត្រូវបានគេជួយសង្គ្រោះថា គាត់បានលឺសំលេងនៃក្រុមស្វែងរក នៅជិតតំបន់ដែលគាត់បានបាត់ខ្លួន ហើយកំពុងព្យាយាមរកវិធីដើម្បីទទួលបានការចាប់អារម្មណ៍របស់ពួកគេ។

ដំបូងឡើយ អ្នកដែលកំពុងស្វែងរកគាត់គិតថា នោះគឺជាសមាជិកម្នាក់ទៀតនៃក្រុមដែលសុំជំនួយ ប៉ុន្តែពួកគេបានដឹងភ្លាមៗថាមិនមែនជាករណីនោះទេ នៅពេលដែលពួកគេឃើញ Jhonatan មានសក់រញ៉េរញ៉ៃ និងមុខមាត់ឡើងស្រមិះស្រមុះ។

យោងតាមប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក ក្រុមស្រាវជ្រាវ ដំបូងមានការភ័យខ្លាច ដោយសារតែ Jhonatan មើលទៅខុសប្លែកពីបុរសដែលបានបាត់ខ្លួនកាលពីមួយខែមុន ហើយមានកាំភ្លើងខ្លីនៅក្នុងដៃទៀតផង។ Jhonatan ត្រូវបានស្វាគមន៍មកផ្ទះជាមួយនឹងការអបអរសាទរ និងបាញ់កាំជ្រួចនៅក្នុងទីក្រុង Baures នៅយប់ថ្ងៃទី ២៥ ខែកុម្ភៈ ពោលគឺមួយខែបន្ទាប់ពីការបាត់ខ្លួនរបស់គាត់។

ប្រភពមួយបានប្រាប់ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកថា «យើងតែងតែមានជំនឿ។ ជាសំណាងល្អ គាត់មិនបានកាន់កាំបិតទេ ហើយកាំភ្លើងក្នុងដៃរបស់គាត់ ក៏ត្រូវបានខូចខាត ប៉ុន្តែគាត់អាចការពារខ្លួនឯងបាន» ។

ប្អូនប្រុសរបស់ Jhonatan ឈ្មោះ Horacio Acosta បានប្រាប់ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកថា «ថ្ងៃនោះ យើងបានទៅជាមួយជនជាតិដើមភាគតិច Ayoreos និងមនុស្សពីរបីនាក់ ដើម្បីជួយក្នុងការស្វែងរក។ មានមនុស្សប្រហែល ១៧ នាក់, យើងបំបែកការស្វែងរកនៅតំបន់ផ្សេងៗគ្នា។ ៤ នាក់មកពី ទីក្រុង​ បាន​រក​ឃើញ​គាត់ ដំបូង​ពួក​គាត់​ខ្លាច​មិន​ហ៊ាន​ចូល​ទៅ​ជិត​បង​ប្រុស​ខ្ញុំ​ទេ ព្រោះ​គាត់​មើល​ទៅ​មាន​សភាព​ទ្រុឌទ្រោម…»។

Horacio បាននិយាយថា វាគឺជា «អព្ភូតហេតុ» ។ គាត់បានបន្ថែមថា «ការពិត គឺថាខ្ញុំមានអារម្មណ៍សប្បាយរីករាយ ធូរស្រាល សំណាងខ្លាំងណាស់ នេះជាអព្ភូតហេតុមួយ យើងត្រូវគោរពឱកាសនេះ នៅពេលដែលបងប្រុសរបស់ខ្ញុំបានកើតជាថ្មី ពួកយើងត្រូវតែរួបរួមគ្នា កាន់តែជិតស្និទ្ធ។ អ្វីគ្រប់យ៉ាងដែលយើងធ្លាប់ឆ្លងកាត់ មិនមែន​ស្អាត​ទេ»។

Jhonatan ត្រូវ​បាន​គេ​យក​ទៅ​មន្ទីរពេទ្យ​ដើម្បី​ទទួល​ការ​ព្យាបាល​ដោយ​ខ្វះ​ជាតិ​ទឹក ខណៈរាងកាយ​របស់​គាត់ ​«ស្គម» ខ្លាំង។ គាត់បានប្រាប់ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកថា គាត់ហៀបនឹងបាត់បង់ក្តីសង្ឃឹមទាំងអស់ នៅពេលត្រូវបានរកឃើញ៕ រក្សាសិទ្ធិដោយ៖ លឹម ហុង

×