ប្រិយមិត្តជាច្រើន ជឿថាបានទទួលជ្រាបរួចហើយ កាលពីល្ងាចមិញនេះ (ថ្ងៃទី០២ ខែមីនា ឆ្នាំ២០២៣) គឺមានការរៀបចំពិធីអបអរសាទរទិវាវប្បធម៌ជាតិ ០៣ មីនា លើកទី២៥ និងពិធីសំណេះសំណាលពិសារអាហារសាមគ្គី រវាងប្រមុខរាជរដ្ឋាភិបាលកម្ពុជា ជាមួយសិល្បៈករ សិល្បៈការិនី ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នៅមជ្ឈមណ្ឌលពិព័ណ៍ និងសន្និបាតកោះពេជ្រ រាជធានីភ្នំពេញ។
ជាការពិតណាស់ នៅក្នុងពិធីអបអរសាទរទិវាវប្បធម៌ជាតិ ៣ មីនា លើកទី២៥ និងពិសាអាហារសាមគ្គី នេះផងដែរ សង្កេតឃើញថា មានសិល្បករ សិល្បការិនីយ៉ាងច្រើនកុះករប្រមាណជាង ៤០០០ នាក់ មកពីបង្ហាញផ្ទាំងទស្សនីយ៍ភាពសិល្បៈគ្រប់ទម្រង់តែម្តង។ ក្នុងនោះ ក៏មានវត្តមានរបស់រាជនីសំឡេងឯក អ្នកនាង ម៉េង កែវ ពេជ្ជតា និងកូនស្រីសំណព្វចិត្ត ម៉េង ពេជ្ជតាសង្វាពេជ្រ ហៅ (អូនផ្អែម) មកចូលរួមសម្តែងផងដែរ។
តែអ្វីដែលគួរឲ្យរំជួលចិត្តនោះ គឺនៅពេលដែល ម្តាយ និងកូនស្រីទាំងពីរ កំពុងសម្តែងនៅលើឆាក ក្នុងបទមនោសញ្ចេតនា «ចាប៉ីផ្អែម» ដ៏លន្លង់លន្លោច និងគួរឲ្យជក់ចិត្តខ្លាំងនោះ សម្តេចតេជោ ហ៊ុន សែន ក៏បានអញ្ជើញឡើងជូនផ្កា ទៅដល់កូនស្រីរបស់អ្នកនាង ដែលកំពុងប្រគំឧបករណ៍បុរាណចាប៉ីដងវែង ដែលធ្វើឲ្យអ្នកនាង ម៉េង កែវពេជ្ជតា ក្នុងនាមជាម្តាយរំភើបចិត្តខ្លាំង រហូតស្រក់ទឹកភ្នែកនៅលើឆាកតែម្តង ព្រោះមិននឹកស្មានទទួលបានកិត្តិយសដ៏មហាថ្លៃថ្លា ពីនាយករដ្ឋមន្រ្តី ជូនផ្កាផ្តល់ក្តីស្រលាញ់ចំពោះកូនស្រី។
ក្រោយពីបានឃើញបែបនេះ មហាជនអ្នកទស្សនា បានបញ្ចេញមតិរំភើបជំនួសផងដែរថា៖ «មហាកិត្តិយសណាស់ ដែលបានសម្តេចពុកឡើងជូនផ្កា, មើលទៅគាត់ ពិតជារំភើបខ្លាំងណាស់ ខ្ញុំក៏រំជួលចិត្តតាមដែរ,…»៕ រក្សាសិទ្ធិដោយ៖ លឹម ហុង






@rola8rola Replying to @Chan Rong ♬ original sound – Ro La

