ប៉ុន្មានថ្ងៃនេះ មានរឿងក្តៅគគុកមួយបានផ្ទុះឡើង ខណៈជនជាតិថៃជាច្រើន បានបង្ហាញអារម្មណ៍មិនសប្បាយចិត្តយ៉ាងខ្លាំង ទៅនឹងឯកអគ្គរាជទូតអង់គ្លេសប្រចាំនៅកម្ពុជា លោក Dominic Williams ដែលបានបង្ហោះរូបថតមួយសន្លឹកបង្ហាញ «នំបង្អែម» ជាច្រើនមុខ នៅលើទំព័រហ្វេសប៊ុកផ្លូវការរបស់លោក ដោយបានដាក់ចំណងជើងថា «បង្អែមខ្មែរ (Khmer dessert)»។
នំបង្អែមក្នុងរូបដែល លោក Dominic Williams បានបង្ហោះ នាំឲ្យពលរដ្ឋថៃយល់ច្រឡំថាជារបស់ប្រពៃណីជនជាតិថៃមានដូចជា៖ បាយដំណើបខ្នុរ ត្រាវកូរ ត្រាវខ្ទិះ សង់ខ្យាល្ពៅ សង់ខ្យាកាត់ អាកោខ្ទិះ នំច័ក្កច័ន នំផ្លែអាយ នំទ្រាបតើយ នំសរសៃមាស និងនំជាច្រើមុខផ្សេងទៀត ដែលសុទ្ធតែជានំបុរាណរបស់ខ្មែរ។
នេះបើតាមគេហទំព័រ The Thaiger បានចុះផ្សាយឲ្យដឹងថា អ្នកនិយមលេងអ៊ីនធឺណិតថៃ ដែលខឹងសម្បារ បានផ្ដល់គំនិតយោបល់ផ្សេងៗទៅដល់លោក Williams។ ក្នុងនោះ ពួកគេបានចង្អុលបង្ហាញថា ស្ត្រីម្នាក់ឈ្មោះ Marie Guimar ដែលមានដើមកំណើតជប៉ុន ព័រទុយហ្គាល់ និងជនជាតិបង់ក្លាដែស បានបង្កើតបង្អែម Khanom Tong yip និងបង្អែមផ្សេងៗទៀត នៅក្នុងប្រទេសថៃ តាំងពីសម័យអយុធ្យា មកម្ល៉េះ។
អ្នកនិយមលេងអ៊ីនធឺណិតជនជាតិថៃទាំងនោះ ក៏បានជំរុញឱ្យ Williams ធ្វើការស្រាវជ្រាវឡើងវិញ ដោយលើកឡើងថា ព្រោះអ្នកការទូតគួរតែយល់ពីសារៈសំខាន់ នៃការទំនាក់ទំនង។
ទោះជាយ៉ាងណា ឆ្លើយតបនឹងប្រតិកម្មរបស់ជនជាតិថៃ ឯកអគ្គរាជទូតអង់គ្លេសរូបនេះ ក៏បានបង្ហោះសារមួយទៀតនៅលើទំព័រ Facebook របស់លោកថា រូបថតនេះជានិមិត្តរូបនៃក្តីស្រឡាញ់របស់លោកចំពោះកម្ពុជា ប៉ុន្តែ ប្រទេសថៃ និងប្រជាជនថៃ ក៏អស្ចារ្យដែរ ហើយបានអំពាវនាវឱ្យគ្រប់គ្នាស្ងប់ស្ងាត់ និងគោរពគ្នាទៅវិញទៅមក។ តែក្រោយកើតមានរឿងនេះឡើង ទំព័រហ្វេសប៊ុករបស់ឯកអគ្គរដ្ឋទូត ក៏ត្រូវបានគេបិទជាបណ្ដោះអាសន្នផងដែរ។
គួរបញ្ជាក់ថា ហេតុការណ៍ថ្មីនេះបានកើតឡើង គឺស្របពេលមានភាពតានតឹងរវាងប្រទេសថៃ និងកម្ពុជា បន្ទាប់ពីមានរឿងរ៉ាវនៅពេលដែលប្រទេសថៃ ចោទប្រកាន់កម្ពុជា ពីបទលួចវប្បធម៌របស់ពួកគេ។
ជាក់ស្តែង កាលពីអំឡុងខែមករា កម្ពុជាដែលរៀបចំធ្វើជាប្រទេសម្ចាស់ផ្ទះស៊ីហ្គេមឆ្នាំ២០២៣ បានសម្រេចប្តូរឈ្មោះប្រដាល់សេរីពី Muay Thai ទៅជា Kun Khmer ហើយបានបញ្ជាក់ថា កីឡាប្រដាល់សេរីនេះ គឺជាដើមកំណើតខ្មែរ។ ជាលទ្ធផល ថៃបានដកខ្លួនចេញពីការប្រកួតកីឡាអាស៊ីអាគ្នេយ៍ (ស៊ីហ្គេម)។
ទោះជាយ៉ាងណា នាយករដ្ឋមន្ត្រីថៃ លោក ប្រាយុទ្ធ ចាន់អូចា បានប្រាប់អ្នករាល់គ្នាឲ្យស្ងប់ចិត្ត បន្ទាប់ពីមានជម្លោះពាក្យសម្តីដាក់គ្នានេះ។ លោក ប្រាយុទ្ធ បានបន្ថែមថា ការជជែកគ្នាអំពីដើមកំណើតរបស់ Muay Thai នៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមគឺ «គ្មានន័យ» នោះឡើយ៕ រក្សាសិទ្ធិដោយ៖ លឹម ហុង






