ករណីអំពើហិង្សា និងការបំផ្លិចបំផ្លាញទ្រព្យសម្បត្តិគ្រួសារខ្លួនឯង គឺតែងតែកើតមានឡើង ជាពិសេសបង្កឡើងពីសំណាក់បុរសជាប្តីដែលទទួលរងឥទ្ធិពលអំណាច នៃគ្រឿងស្រវឹងជោគជាំ ដែលធ្វើឲ្យបាត់បង់សតិលែងស្គាល់អ្វីខុសត្រូវ។
តែដោយឡែក ករណីមួយនេះ បានធ្វើឲ្យអ្នកស្រុកអ្នកភូមិ ភ្ញាក់ផ្អើល និងជាហួសចិត្តខ្លាំង នៅពេលដែលបានឃើញបុរសជាប្តីម្នាក់ នៃគ្រួសារមួយនៅក្នុងឃុំសណ្តែក ស្រុកបាធាយ ខេត្តកំពង់ចាម បានប្រើអំពើហិង្សាបោកប្រាស់របស់ទ្រព្យក្នុងផ្ទះមិនអស់ចិត្ត ក៏បានប្រមូលខោអាវប្រពន្ធកូន យកទៅពង្រាយពាសពេញលើដងផ្លូវតែម្តង។
បើតាមស្រ្តីជាប្រពន្ធ បានរៀបរាប់ទាំងក្តីឈឺអួលដើមកថា ប្តីរបស់គាត់ដែលស្រវឹងខួប បានប្រើអំពើហិង្សា និងបោកបំផ្លាញរបស់ទ្រព្យចានឆ្នាំងខ្ទេចខ្ទីអស់ហើយ កាលពី ៣ ថ្ងៃមុន ហើយទៅរកអាជ្ញាធរមូលដ្ឋាន មកជួយដោះស្រាយឲ្យ ប៉ុន្តែ មេប៉ុស្តិ៍ មេឃុំសណ្តែក មិនអើពើនោះទេ។ ដោយសារតែអាជ្ញាធរមិនរវល់ ជាហេតុធ្វើឲ្យប្តីរូបនេះ បានចិត្តទាញកាំបិតច្រងេងច្រង៉ាងគំរាមសម្លាប់ និងកាប់ដើមស្វាយមុខផ្ទះចោល ហើយថែមទាំងប្រមូលខោអាវប្រពន្ធកូន និងរបស់របរផ្សេងៗទៀត យកទៅពង្រាយប៉ាយពេញផ្លូវ ដែលធ្វើឲ្យរូបគាត់ជាប្រពន្ធឆ្អែតចិត្តខ្លាំងបំផុត។
តែអ្វីដែលធ្វើឲ្យមហាជន សម្តែងការហួសចិត្តខ្លាំងជាងនេះនោះ គឺត្រង់ថា អាជ្ញាធរមូលដ្ឋាននៅទីនោះ មិនដឹងថាជាមន្រ្តីបំរើសុខទុក្ខប្រជាពលរដ្ឋបែបណាទេ!?? ខណៈប្រជាពលរដ្ឋ ស្នើសុំជំនួយអន្តរាគមន៍ បែរជាមិនអើពើ ផ្តល់ភាពកក់ក្តៅសោះឡើយ ដោយទុកឲ្យជនបង្កនៅបន្តធ្វើអ្វីតាមអំពើចិត្តបែបនេះ!!៕ រក្សាសិទ្ធិដោយ៖ លឹម ហុង











