ពិតមែនហើយ គូស្វាមីភរិយាថ្មីថ្មោង ត្រូវបានសន្មត់ថា ជាអ្នកដែលទទួលបានការចាប់អារម្មណ៍បំផុត នៅក្នុងពិធីមង្គលការ។ ប៉ុន្តែសម្រាប់រូបភាពក្នុងពិធីមង្គលការមួយនេះក្នុងប្រទេសចិន បានប្រែក្លាយជាការភ្ញាក់ផ្អើល និងស្រឡាំងកាំងតែម្តង ព្រោះតែមិននឹកស្មានថា សម្រស់ម្ដាយក្មេកស្ទើរតែលើសកូនក្រមុំ ដែលធ្វើឲ្យមនុស្សជាច្រើន កោតសរសើរមិនដាច់ពីមាត់នោះទេ។
នេះបើតាមគេហទំព័រ Phu Nu & Phap Luat នៅថ្ងៃទី៥ ខែមីនា ឆ្នាំ២០២៣ បានរាយការណ៍ថា ពិធីមង្គលការមួយបានប្រព្រឹត្តទៅនៅទីក្រុង Henan ប្រទេសចិន ខណៈដែលកូនក្រមុំស្លៀកពាក់យ៉ាងស្រស់ស្អាតក្នុងឈុតអាពាហ៍ពិពាហ៍ប្រពៃណី ដោយតុបតែងជាមួយគ្រឿងលម្អមើលទៅដ៏អស្ចារ្យ។ ប៉ុន្តែភាពលេចធ្លោរបស់កូនក្រមុំ ហាក់ត្រូវបានគ្របដណ្ដប់ នៅក្នុងទិដ្ឋភាពដែលនាងបានថតជាមួយម្តាយក្មេករបស់នាង។ នោះក៏ព្រោះតែសម្រស់ម្ដាយក្មេកម្នាក់នេះ ធ្វើឱ្យទាក់ភ្នែកខ្លាំង បូករួមទាំងនាងមើលទៅក្មេងជាងអាយុមិនគួរឱ្យជឿ រហូតដល់មនុស្សពិបាកទាយអាយុពិតរបស់នាង។
ទោះជាយ៉ាងណា សាច់ញាតិ និងមិត្តភ័ក្តិ បានបង្ហើបថា ម្តាយក្មេករបស់កូនក្រមុំ តាមពិតមានអាយុជាង ៤០ ឆ្នាំ ហើយ ប៉ុន្តែរូបភាពដែលបង្ហាញនោះ បានធ្វើឲ្យមនុស្សគិតថា នាងមានអាយុប្រហែលខ្ទង់ជាង ២០-៣០ឆ្នាំ ប៉ុណ្ណោះ ពោលគឺរូបភាពដែលនាងថតជាមួយកូនក្រមុំ គឺមើលទៅមិនដូចម្តាយ និងកូនប្រសារទាល់តែសោះ។ ប៉ុន្តែមើលទៅដូចជាមិត្តភក្តិដែលមានអាយុស្របាលគ្នា ហើយប្រសិនបើអ្នកដែលទើបតែឃើញ និងមិនបានដឹង នោះប្រាកដជាពិបាកនឹងស្មានអាយុពិតហើយ។
លើសពីនេះ អ្នកលេងអ៊ីនធើរណែត ក៏បានសរសើរថា សូម្បីតែការស្លៀកពាក់របស់ម្តាយក្មេករូបនេះ ក៏ស្លៀករ៉ូបពណ៌ខ្មៅដ៏សាមញ្ញ និងការតុបតែងខ្លួនតិចតួច ដើម្បីចង់ឲ្យកូនក្រមុំ និងកូនកំលោះ កាន់តែលេចធ្លោ។
ក្នុងនោះ មានមតិលើកសរសើរ និងលេងសើចត្រង់ៗថា៖ «ម្តាយក្មេកនៅក្មេង ហើយស្រស់ស្អាត។ ខ្ញុំច្រណែននឹងនាង ដោយគ្រាន់តែសម្លឹងមើលនាង, ខ្ញុំឆ្ងល់ថាតើកូនក្រមុំមានអារម្មណ៍សំពាធទេន៎? ដែលត្រូវរស់នៅជាមួយម្តាយក្មេកសម្រស់ខ្ចីញ៉ិញបែបនេះ»៕ រក្សាសិទ្ធិដោយ៖ លឹម ហុង



