ស្រ្តីអាយុ ៣៥ ឆ្នាំម្នាក់ នៅក្នុងប្រទេសចិន ពិតជាឆ្អែតចិត្តយ៉ាងខ្លាំង បន្ទាប់ពីមិត្តភក្តិជិតស្និទ្ធដែលខំទុកចិត្តបំផុត បានក្បត់ចិត្ត ដោយលួចផិតក្បត់ជាមួយប្តីរបស់នាង ក្នុងអំឡុងពេលរូបនាងធ្វើការនៅឆ្ងាយពីផ្ទះ។
យោងតាម CT Want ប្តីប្រពន្ធនេះមានកូន១នាក់ ខណៈបុរសជាប្តីមិនសូវរកចំណូលបានច្រើនពីការងារបច្ចុប្បន្ននោះទេ ដោយគាត់គ្រាន់តែផ្តោតលើការរកលុយពីការវិនិយោគបន្ទាប់បន្សំប៉ុណ្ណោះ។
ទោះជាយ៉ាងណា ថ្មីៗនេះ ដោយសារស្រ្តីជាប្រពន្ធ ត្រូវបានក្រុមហ៊ុនផ្ទេរទៅធ្វើការកន្លែងឆ្ងាយពីផ្ទះ ហើយដោយសារព្រួយបារម្ភពីការលំបាកប្តីខ្លាំង ស្រ្តីជាប្រពន្ធក៏បានស្វែងរកជំនួយពីមិត្តភក្តិជិតស្និទ្ធ ឲ្យជួយមើលថែកូនរបស់ពួកនាង។
តែអ្វីដែលមិននឹកស្មានដល់នោះ គឺមិត្តភក្តិជិតស្និទ្ធនោះ បែរជាបានធ្វើរឿងក្បត់ចិត្តដ៏ធំ ដោយពុំត្រឹមតែបានឡើងគ្រែជាមួយប្តីរបស់នាងទេ ប៉ុន្តែ ស្រ្តីនោះសូម្បីតែមានភាពក្លាហាន បង្គាប់ឲ្យកូនរបស់ប្តីប្រពន្ធនេះ ហៅខ្លួនថាជា «ម្តាយ» ទៀតផង។
គួរបញ្ជាក់ថា កាលពី៥ឆ្នាំមុន ប្ដីប្រពន្ធមួយគូនេះបានជួលមេដោះឱ្យមើលថែកូនរបស់ពួកគេដែលនៅជាទារកទើបនឹងកើត។ ហើយចាប់តាំងពីពេលនោះ ប្រពន្ធក៏បានដំឡើងកាមេរ៉ា CCTV នៅផ្ទះដើម្បីឃ្លាំមើល ដែលប្រើប្រាស់រហូតដល់សព្វថ្ងៃ។
ប៉ុន្តែ ស្រ្តីជាប្រពន្ធពិតជាស្លុតចិត្ត ស្ទើរគាំងបេះដូង នៅពេលបានឃើញវីដេអូ «មិត្តភក្តិ» កំពុងដេកជាមួយប្តីរបស់ខ្លួនបែបនេះ ហើយភ្លាមៗនោះ នាងក៏បានត្រឡប់មកផ្ទះវិញ ជាមួយកំហឹងយ៉ាងខ្លាំង។
អ្វីដែលកាន់តែហួសចិត្តខ្លាំងទៀតនោះ គឺក្រោយចាប់បានភស្តុតាងស្តែងៗ បុរសជាប្តីនោះបានប្រាប់ប្រពន្ធបែបនេះថា៖ «ទុកពេលឲ្យខ្ញុំមួយរយៈ ខ្ញុំនឹងលែងលះអ្នកនៅពេលដែលការចែកទ្រព្យសម្បត្តិត្រូវបានដោះស្រាយ»។
តែជាសំណាងល្អ ដែលក្មេងតូចនោះ បានបដិសេធហៅស្រ្តីបំបែកបំបាក់ជីវិតគូគេនេះជា «ម្តាយ» ហើយស្រ្តីជាប្រពន្ធបាននិយាយថា នាងអាចលែងប្តីផិតក្បត់នេះបាន ប៉ុន្តែនាងនឹងយកកូនរបស់នាងទៅជាមួយ៕ រក្សាសិទ្ធិដោយ៖ លឹម ហុង


