ធាត់ និងក្បាលពោះហើមស្គុយ មិនត្រឹមតែអាក្រក់ចំពោះសុខភាពប៉ុណ្ណោះទេ ប៉ុន្តែក៏ចាត់ទុកថាមិនល្អក្នុងជីវិតទំនើបដែរ។ ទោះបីជាយ៉ាងណាក៏ដោយ នៅតំបន់ដាច់ស្រយាលនៃជ្រលងភ្នំ Omo នៅភាគខាងត្បូងប្រទេសអេត្យូពី បុរសធាត់ត្រូវបានគេមើលឃើញថា គួរឱ្យចាប់អារម្មណ៍ខ្លាំង និងថែមទាំងមានភាពទាក់ទាញទៀតផង។
Bodi – កុលសម្ព័ន្ធកសិកម្ម និងចិញ្ចឹមគោ – នឹងបង្ហាញសេចក្តីស្រឡាញ់របស់ពួកគេ ចំពោះមនុស្សដែលមានក្បាលពោះធំ នៅក្នុងពិធីបុណ្យប្រចាំឆ្នាំដែលមានឈ្មោះថា Ka’el ។ ជាពិសេស បុរសដែលមានក្បាលពោះធំជាងគេ បានទទួលងារជាបុរសធាត់ប្រចាំឆ្នាំ និងទទួលបានការគោរពពីកុលសម្ព័ន្ធទាំងមូលពេញមួយជីវិត។
ទោះយ៉ាងណាក៏ដោយ ដើម្បីទទួលបានកិត្តិយសនេះ បុរសត្រូវតែធ្វើតាមរបបអាហារដ៏លំបាក ដោយពួកគេត្រូវញ៉ាំទឹកដោះគោ ឬទឹកដោះគោជូរ ទឹកឃ្មុំ ឬសូម្បីតែឈាមគោស្រស់រយៈពេលប៉ុន្មានខែ មុនពេលពិធីបុណ្យនេះកើតឡើង។
៦ខែមុនពិធីបុណ្យ Ka’el បុរសនៃកុលសម្ព័ន្ធ Bodi ចាប់ផ្តើមបញ្ឈប់សកម្មភាពរាងកាយទាំងអស់ និងងាកមកទទួលទានអាហារដែលមានកាឡូរីច្រើនបំផុត -ដែលជាធម្មតា គឺទឹកដោះគោ និងឈាមគោ។ សម្រាប់កុលសម្ព័ន្ធ Bodi សត្វគោគឺជាសត្វពិសិដ្ឋ ដូច្នេះពួកគេមិនសម្លាប់សត្វគោដើម្បីឈាមទេ។ តែផ្ទុយទៅវិញ ពួកគេបានចាក់យកឈាមគោ រួចបិទមុខរបួសរបស់ពួកវាដោយដីឥដ្ឋ។
ក្នុងអំឡុងពេលធាត់ បុរស «បដិសេធ» ពីសកម្មភាពរាងកាយស្ទើរតែទាំងអស់។ ពួកគេរស់នៅក្នុងខ្ទមមួយ ហើយស្ត្រីនៃកុលសម្ព័ន្ធទទួលបន្ទុកមើលថែបុរសដែលរៀបចំការប្រកួត។
នៅពេលថ្ងៃរះ ពួកគេនឹងផឹកទឹកដោះគោប្រហែល ១ ទៅ ២ លីត្រ និងឈាមគោ ហើយត្រូវផឹកច្រើនចានទៀតនៅពេលថ្ងៃ ប្រសិនបើពួកគេចង់មានឱកាសឈ្នះពិធីបុណ្យ Ka’el ។ មនុស្សមួយចំនួនបានតស៊ូជាមួយនឹងរបបអាហារដែលមានជាតិប្រូតេអ៊ីនខ្ពស់នេះ ប៉ុន្តែ បានក្អួតយ៉ាងវេទនា។
បុរសក្នុងកុលសម្ព័ន្ធ Bodi ជាធម្មតាមានរាងស្គម ប៉ុន្តែមានភាពស្វាហាប់។ ក្នុងអំឡុងពេលរបបអាហារពិសេស មនុស្សខ្លះឡើងទម្ងន់ខ្លាំងរហូតដល់ដើរមិនរួច។ ប៉ុន្តែពួកគេសុខចិត្តលះបង់ ដើម្បីទទួលបានការគោរពពីប្រជាជនកុលសម្ព័ន្ធ។
នៅថ្ងៃនៃពិធីបុណ្យ Ka’el ដែលជាធម្មតាធ្វើឡើងក្នុងខែមិថុនា ឬខែកក្កដា ជារៀងរាល់ឆ្នាំ បុរសដែលគ្របដណ្ដប់ដោយដីឥដ្ឋ និងផេះ នឹងបង្ហាញក្បាលពោះខ្លាញ់របស់ពួកគេ ឱ្យគ្រប់គ្នាបានឃើញ។ ប្រជាជននៅក្នុងកុលសម្ព័ន្ធ នឹងបោះឆ្នោតឱ្យអ្នកដែលមានក្បាលពោះធំជាងគេ។ បន្ទាប់ពីពិធីបុណ្យនេះ ពោះរបស់ពួកគេ ក៏បានវិលត្រលប់មកទំហំធម្មតាវិញផងដែរ ក្នុងរយៈពេលពីរបីសប្តាហ៍។
រង្វាន់តែមួយគត់សម្រាប់អ្នកឈ្នះក្នុងការប្រកួតនេះ គឺកេរ្តិ៍ឈ្មោះ និងការគោរព។ នេះជាកិត្តិយសដ៏ថ្លៃថ្នូរសម្រាប់ជនជាតិបូឌី ព្រោះជ័យជំនះនេះមានន័យថា ពួកគេត្រូវបានផ្តល់កិត្តិយសជាវីរបុរស នៃកុលសម្ព័ន្ធអស់មួយជីវិត៕ រក្សាសិទ្ធិដោយ៖ លឹម ហុង


