កាលពីពេលថ្មីៗនេះ ពិធីមង្គលការមួយដែលមានអាយុខុសគ្នារហូត ៣២ ឆ្នាំ បានបង្កការភ្ញាក់ផ្អើលជាសាធារណៈ និងទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំង ពីអ្នកភូមិនៅតំបន់ជនបទក្នុងខេត្ត Guangdong ប្រទេសចិន។ កូនកំលោះជាបុរសចំណាស់អាយុ ៥៦ ឆ្នាំ ចំណែកកូនក្រមុំជានិស្សិតសាកលវិទ្យាល័យអាយុ ២៤ ឆ្នាំ មានសម្រស់ដ៏ស្រស់ស្អាត។
នៅក្នុងរូបថតដែលផ្សព្វផ្សាយនៅលើបណ្តាញសង្គម គេអាចឃើញយ៉ាងច្បាស់ថា នៅពេលដែលកូនក្រមុំ និងកូនកំលោះដើរទន្ទឹមគ្នានោះ គម្លាតអាយុ និងរូបរាងរវាងពួកគេ បើអ្នកណាមិនស្គាល់ នោះនឹងគិតថាកូនកំលោះជាឪពុកកូនក្រមុំហើយ។ តែតាមពិត កូនកំលោះមានអាយុច្រើនជាងឪពុកកូនក្រមុំដល់ទៅ៤ឆ្នាំទៀតផង។
អ្វីដែលកាន់តែភ្ញាក់ផ្អើលនោះ គឺថានេះមិនមែនជាការរៀបការដោយស្ម័គ្រចិត្តទេ។ ដំបូងឡើយ ពេលណែនាំអំពីកូនកំលោះនេះ កូនក្រមុំបដិសេធ ព្រោះអាយុខុសគ្នាខ្លាំងពេក។ ទោះជាយ៉ាងណា ដោយសារតែកូនកំលោះអាយុ ៥៦ ឆ្នាំ បានផ្តល់អត្ថប្រយោជន៍យ៉ាងច្រើន ដែលធ្វើឱ្យកូនក្រមុំ និងក្រុមគ្រួសាររបស់នាងគិតពិចារណាឡើងវិញ។
កូនកំលោះបាននិយាយថា ប្រសិននារីនោះយល់ព្រមរៀបការជាមួយគាត់ គាត់នឹងផ្តល់ឱ្យគ្រួសារកូនក្រមុំនូវថ្លៃបណ្ណាការចំនួន 480,000 យ័ន (ជិត ៧ ម៉ឺនដុល្លារ) ទិញផ្ទះ១ខ្នងឲ្យកូនក្រមុំ (ដាក់ឈ្មោះតែឯង)។ លើសពីនេះទៀត ក៏បានរៀបចំសម្រាប់ប្អូនប្រុសរបស់កូនក្រមុំ ដើម្បីឡើងតំណែងសមរម្យនៅក្នុងក្រុមហ៊ុនរបស់គាត់ទៀតផង។
ជាមួយនឹងលក្ខខណ្ឌដ៏គួរឱ្យទាក់ទាញខ្លាំងនេះ គ្រួសារកូនក្រមុំ ក៏បានព្យាយាមបញ្ចុះបញ្ចូលកូនស្រី រៀបការឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន ព្រោះមានតែផលប្រយោជន៍ដ៏មិនធម្មតានេះ។ បន្ទាប់មក កូនក្រមុំក៏ចាប់ផ្តើមផ្លាស់ប្តូរអាកប្បកិរិយា និងលែងរេរែកចិត្ត យល់ព្រមរៀបការជាមួយកូនកំលោះតែម្តង។
សាច់ញាតិក្នុងគ្រួសារកូនកំលោះបានបន្ថែមថា កូនកំលោះអាយុ៥៦ឆ្នាំ ធ្លាប់រៀបការម្តងរួចមកហើយ មានកូនស្រី២នាក់ជាមួយអតីតប្រពន្ធ ប៉ុន្តែបានលែងលះគ្នាជាច្រើនឆ្នាំមកហើយ។ ពេលនេះគាត់ចង់មានប្រពន្ធនៅខាងគាត់ ដើម្បីរក្សាក្រុមហ៊ុន ចែករំលែកក្នុងជីវិត ហើយមានបំណងចង់បានកូនប្រុសម្នាក់ទៀត ដើម្បីស្នងមរតក។
ទោះជាយ៉ាងណា រូបថតនៃពិធីមង្គលការនេះ បានបង្កឱ្យមានការភ្ញាក់ផ្អើលក្នុងសហគមន៍អនឡាញរបស់ចិន ។ ក្នុងនោះ មនុស្សជាច្រើនដែលបានមិនពេញចិត្ត បានធ្វើការរិះគន់ដោយលើកឡើងថា ការរៀបការនេះប្រៀបដូចជាការលក់ដូរតែម្តង។ ព្រោះថា កូនក្រមុំយល់ព្រមរៀបការ ទាំងដែលគ្មានចិត្តស្រលាញ់ តែដោយសារគ្រួសារគិតតែពីប្រយោជន៍ផ្ទាល់ខ្លួន លោភលន់ចង់បានលុយ ទើបបង្ខិតបង្ខំកូនស្រីរៀបការប្តីប្រៀបស្មើឪពុកបែបនេះ៕ រក្សាសិទ្ធិដោយ៖ លឹម ហុង


