ក្លាយជារឿងរ៉ាវស្នេហាល្បីល្បាញពេញពិភពលោកទៅហើយ ក្រោយពីបុរសម្នាក់ចាប់បានថា ភរិយារបស់ខ្លួនបានក្បត់ចិត្ត និងរត់ទៅនៅជាមួយប្រុសសាហាយ និងបន្ទាប់ពីនោះ ១ឆ្នាំ ភរិយារបស់ប្រុសសាហាយនោះ បានក្លាយជាភរិយារបស់គេវិញ។
តាមរយៈទិន្នន័យរបស់ Etvbharat រឿងរ៉ាវស្នេហាដ៏គួរឱ្យញាប់ញ័រនេះ បានកើតឡើងនៅក្នុងរដ្ឋ ភិ-ហាន របស់ប្រទេសឥណ្ឌា នៅពេលដែលភរិយារបស់លោក នីរ៉ាត់ ស៊ិង បានរត់ចោលប្ដីទៅជាមួយប្រុសសាហាយរបស់នាង និងដើម្បីសងសឹក និរាត់ បានរៀបការជាមួយប្រពន្ធរបស់ប្រុសសាហាយនោះវិញ។
កាលពីឆ្នាំ២០០៩ និរ៉ាត់ បានរៀបការជាមួយ រូ-ប៊ី ធេ-វី ភរិយារបស់គេ មានកូនជាមួយគ្នា ៤នាក់។ រហូតមកដល់ឆ្នាំកន្លងទៅ និរ៉ាត់បានដឹងថា ភរិយារបស់គេ លួចមានសម្ព័ន្ធភាពផិតក្បត់ជាមួយបុរសមានប្រពន្ធហើយម្នាក់ ឈ្មោះ មូ-ខេច និងជាការចៃដន្យខ្លាំងណាស់ ដែលភរិយារបស់មូ-ខេច ក៏មានឈ្មោះថា រូ-ប៊ី ធេ-វី ដូចគ្នា។

នៅក្នុងខែកុម្ភៈ ឆ្នាំ២០២២ ភរិយារបស់និរ៉ាត់ បានរត់ចោលប្ដីទៅនៅជាមួយមូ-ខេច ដោយយកកូន ៣នាក់ទៅជាមួយ ហើយបន្ទាប់ពីនោះមិនយូរប៉ុន្មាន ពួកគេទាំង២ ក៏រៀបការជាមួយគ្នា។
អ្នកស្រុកបាននិយាយថា កាលពីពេលមុន ពួកគេទាំង២ (មូខេច និងប្រពន្ធរបស់និរ៉ាត់) ធ្លាប់ជាគូស្នេហ៍ដែលស្រឡាញ់គ្នាខ្លាំងណាស់ ពួកគេសេពគប់គ្នាជាច្រើនឆ្នាំ មុននឹងទាំង ២នាក់ បានបែកគ្នា និងបានរៀបការរៀងៗខ្លួន។
នៅពេលបានដឹងរឿងនេះ និរ៉ាត់ ខឹងខ្លាំងណាស់ គេបានដាក់ពាក្យបណ្ដឹង ប្ដឹងមូខេច ពីបទចាប់ពង្រត់ភរិយារបស់គេ តែ ត្រឹមប៉ុណ្ណឹង គេមិនអស់ចិត្តទេ។ គេបានរិះរកវិធីសងសឹកប្រពន្ធ និងប្រុសសាហាយនោះថែមទៀត។
ខណៈពេលជាមួយគ្នា ខាងភរិយារបស់មូខេច ក៏ខូចចិត្តខ្លាំងដូចគ្នា នៅពេលដឹងថា ស្វាមីរបស់នាងនាំស្រីផ្សេង រត់ទៅរស់នៅជាមួយគ្នា ទុកកូនចោល ២នាក់ឱ្យនៅជាមួយនាង ធ្វើឱ្យនាងត្រូវចិញ្ចឹមមើលថែទាំកូនតែម្នាក់ឯងយ៉ាងលំបាក។
បន្ទាប់ពីនោះ និរ៉ាត់បានរកឃើញលេខទូរស័ព្ទរបស់ភរិយារបស់មូខេច និងចាប់ផ្ដើមទំនាក់ទំនងស្ត្រីម្នាក់នេះ។ ទាំង ២នាក់តែងតែទូរស័ព្ទជជែកគ្នា រួចហើយក៏ណាត់ទៅដើរលេងជាមួយគ្នា។
ក្រោយមក និរ៉ាត់បានរៀបការជាមួយប្រពន្ធរបស់ប្រុសសាហាយមូខេច បន្ទាប់ពីប្រពន្ធរបស់គេរត់ចោលបាន ១ឆ្នាំ។
រឿងរ៉ាវស្នេហា ដូរប្ដី ដូរប្រពន្ធគ្នាទៅមករបស់បុ្រស ២នាក់ដែលរៀបការជាមួយភរិយាមានឈ្មោះដូចគ្នានេះ បានទទួលការចាប់អារម្មណ៍យ៉ាងខ្លាំងពីអ្នកលេងបណ្ដាញសង្គម។ ពួកគេនាំគ្នាចូលទៅបញ្ចេញយោបល់ និងខំមិនត៍តាមការគិតឃើញយ៉ាងច្រើននៅពេលក្រោយមក៕

