ភ្នំពេញ៖ សេចក្តីប្រកាសព័ត៌មានផ្លូវការរបស់គ្រឹះស្ថានអង្គរ នៅព្រឹកថ្ងៃទី១ ខែកក្កដា ឆ្នាំ២០១៨នេះ បានឱ្យដឹងថា នៅក្នុងរយៈពេល៦ខែដើមឆ្នាំ២០១៨នេះ កម្ពុជាទទួលបានចំណូលជាង៦១លានដុល្លារអាមេរិក ពីការលក់ប័ណ្ណជូនភ្ញៀវទេសចរ ចូលទស្សនារមណីយដ្ឋានអង្គរ។
សេចក្តីប្រកាសព័ត៌មាន ស្តីពីស្ថិតិភ្ញៀវទេចរបរទេស ទិញប័ណ្ណ និងចំណូលដែលទទួលបានពីការលក់សំបុត្រ ចូលទស្សនារមណីយដ្ឋានអង្គរប្រចាំខែមិថុនា និងរយៈពេល៦ខែ ឆ្នាំ២០១៨ ។
គ្រឹះស្ថានអង្គរ បានបញ្ជាក់ថា ក្នុងខែមិថុនា ឆ្នាំ២០១៨ ចំនួនភ្ញៀវទេសចរ បរទេស បានទិញប័ណ្ណ ចំនួន១៥០.៧៧៣នាក់ បើធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០១៧ កើនឡើង៧,១១ភាគរយ រកចំណូលបានសរុបចំនួន៦.៤៧៨.៩៥៦ដុល្លារ កើនឡើង៣,៥ភាគរយ ធៀបនឹងខែមិថុនាឆ្នាំ២០១៧ និងបានឧបត្ថម្ភចូលមូលនិធីមន្ទីរពេទ្យគន្ធបុប្ផា ចំនួន៣០១.៥៤៦ដុល្លារ។ ប្រភពដដែល បានឲ្យដឹងថា ចាប់ពីខែមករា ដល់ ខែមិថុនា ឆ្នាំ២០១៨ មានភ្ញៀវទេសចរប្រមាណ ១.៣៥៦.៩៦១នាក់ បានទិញប័ណ្ណ ចូលទៅទស្សនារមណីយដ្ឋានអង្គ ដែលមានការកើនឡើង១០,០៤ភាគរយ ដោយទទួលបានចំណូល ៦១.៤៧២.៣៤៧ ដុល្លារ កើនឡើង១៧,៨៤ភាគរយ បើធៀបរយៈពេលដូចគ្នាឆ្នាំ២០១៧។ ហើយចំណូលត្រូវបានឧបត្ថម្ភមូលនិធិមន្ទីរពេទ្យគន្ធបុប្ផា រយៈពេល៦ខែកន្លងមកនេះ មានចំនួនសរុប ២.៧១៣.៩២២លានដុល្លារអាមេរិក៕ ដោយ៖កូឡាប