កណ្ដាលៈ នគរបាលស្រុកពញាឮ បានចាប់ខ្លួនបុរសម្នាក់ បន្ទាប់ពីធ្វើសកម្មភាព ចាប់រំលោភនារីម្នាក់ តែពុំបានសម្រេច ។ ការចាប់ខ្លួនជនសង្ស័យរូបនោះ យោងតាមពាក្យបណ្ដឹងរបស់ម្ដាយនារីរងគ្រោះ ។ ករណីប៉ុនប៉ងរំលោភសេពសន្ថវៈនេះ កើតឡើងនៅម៉ោង៧និង២០នាទី ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៨ ត្រង់ចំណុចក្នុងព្រៃ ស្ថិតក្នុងភូមិពាមល្វែក ឃុំកំពង់លួង ស្រុកពញាឮ ខេត្តកណ្តាល ។
មន្ដ្រីនគរបាលស្រុកពញាឮ បានឲ្យដឹងថា ជនសង្ស័យចាប់ខ្លួនឈ្មោះ សរ ទែល អាយុ៤៨ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ មានទីលំនៅភូមិពាមល្វែក ឃុំកំពង់លួង ស្រុកពញាឮ ខេត្តកណ្តាល រីឯស្ដ្រីរងគ្រោះ ច ថ អាយុ២៨ឆ្នាំ ជនជាតិខ្មែរ មុខរបរ កសិករ មានទីលំនៅភូមិពាមល្វែក ឃុំកំពង់លួង ស្រុកពញាឮ ខេត្តកណ្តាល ។
ប្រភពដដែលបន្ដថា នៅមុនពេលកើតហេតុនៅព្រឹកថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៨ ជនសង្ស័យនិងស្ដ្រីរងគ្រោះ បាននាំគ្នាដើរទៅព្រៃដើម្បីរកផ្សិត ។ លុះដើរមកដល់ព្រៃ ជនសង្ស័យនិងស្ដ្រីរងគ្រោះ បានបំបែកគ្នារកផ្សិតរៀងៗខ្លួន បានមួយសន្ទុះជនសង្ស័យ បានស្រែកហៅស្ដ្រីរងគ្រោះ ខណៈនោះស្ដ្រីរងគ្រោះបានឆ្លើយតបថា ខ្ញុំនៅដកឯកន្លែងនេះ បន្ទាប់មកជនសង្ស័យក៏បានដើរទៅរកស្ដ្រីរងគ្រោះ ភ្លាមនោះជនសង្ស័យ ក៏ប្រើល្បិចសុំមើលថង់ដាក់ផ្សិតរបស់ស្ដ្រីរងគ្រោះ ឆ្លៀតឱកាសទ្រាំពុំបានក៏ធ្វើសកម្មភាពចាប់ផ្តួលស្ដ្រីរងគ្រោះឲ្យដួលទៅនឹងដី រួចឡើងទ្រោបពីលើស្ដ្រីរងគ្រោះថើប យកដៃចាប់ច្របាច់សុដន់ និងប្រដាប់ភេទ ធ្វើឲ្យនារីរងគ្រោះរើបម្រាស់ រហូតរត់គេចខ្លួនទៅផ្ទះ រួចរៀបរាប់រឿងរ៉ាវទាំងអស់ ប្រាប់ម្ដាយរបស់ខ្លួន ។ ក្រោយពីម្ដាយស្ដ្រីរងគ្រោះបានស្ដាប់រួច ភ្លាមនោះក៏ទៅពាក្យបណ្ដឹងនៅប៉ុស្ដិ៍នគរបាលរដ្ឋបាលកំពង់លួង ធ្វើការអន្ដរាគមន៍ចាប់ខ្លួនជនសង្ស័យ ។ ក្រោយពីសមត្ថកិច្ចនគរបាល បានទទួលពាក្យបណ្ដឹងពីម្ដាយស្ដ្រីរងគ្រោះរួចមក សមត្ថកិច្ចក៏បានចុះទៅធ្វើការចាប់ខ្លួនជនសង្ស័យ យកមកប៉ុស្ដិ៍នគរបាលដើម្បីសួរនាំ រួចក៏សាងសំណុំរឿងបញ្ជូនទៅអធិការដ្ឋាននគរបាលស្រុក ដើម្បីចាត់ការតាមនីតិវិធីច្បាប់ ៕ ដោយ៖បញ្ញាស័ក្តិ