មានពាក្យគេនិយាយថា នៅពេលសម្រេចចិត្តជ្រើសរើសយកអាជីពធ្វើជាចោរហើយ អ្នកអាចនឹងត្រូវចំណាយពេលដែលនៅសល់ក្នុងជីវិតដោយការរត់គេចខ្លួនរហូតដល់ថ្ងៃស្លាប់។
ដូចគ្នានឹងរឿងរ៉ាវរបស់បុរសម្នាក់ឈ្មោះ លីវ មូហ្វ៊ូ វ័យ ៣៦ឆ្នាំ ជាអ្នកស្រុកអ៊ើនស៊ី មណ្ឌលហ៊ូពើយ ដែលបានសម្រេចចិត្តប្លន់ហ្គារ៉ាសសាំងមួយ រួមជាមួយបងថ្លៃរបស់គេ និងអ្នកសមគំនិតម្នាក់ទៀតដែរ។ ពួកគេធ្វើបានសម្រេច ដោយប្លន់បានប្រាក់ ១៥៦យន់ ឬប្រមាណ ២១ដុល្លារ។
បន្ទាប់ពីនោះ ពួកគេចំណាយលុយអស់ ៦០យន់ទៅលើថ្លៃអាហារ និងកាំជ្រួច ខណៈនៅសល់ប៉ុន្មាន ពួកគេបានចែកគ្នាបានម្នាក់ ៣២យន់ ឬប្រមាណតែជាង ៣ដុល្លារប៉ុណ្ណោះ។

តមកបុរសទាំង៣ បានចែកផ្លូវគ្នាគេចខ្លួន តែមិនយូរប៉ុន្មាន ប៉ូលិសក៏អាចតាមចាប់ខ្លួនពួកគេបាន ២នាក់ តែបុរសឈ្មោះ លីវ មូហ្វ៊ូ បានគេចខ្លួនរួច។ មកដល់ចំណុចនេះ រូបគេបានដឹងខ្លួនយ៉ាងច្បាស់ថា ខ្លួនគេប្រហែលជាមិនអាចរស់នៅយ៉ាងមានសេរីភាពបានយូរទៀតទេ ដូច្នេះហើយ គេក៏សម្រេចចិត្តរត់គេច ទៅពួនសម្ងំឆ្ងាយពីមនុស្សម្នា ដោយមិនបានគិតឡើយថា អនាគតរបស់ខ្លួនឯងចាប៉ពីពេលនេះទៅ នឹងក្លាយជាយ៉ាងណាឡើយ។
លីវ មូហ្វ៊ូ ចំណាយពេលជាច្រើនថ្ងៃ ពួនសម្ងំនៅក្នុងព្រៃមួយ ខណៈដែលប៉ូលិស បាននាំគ្នាទៅឆែកឆេរផ្ទះ និងស៊ើបសួរគ្រួសាររបស់គេ។ ទីបំផុត គេក៏រកឃើញកន្លែងពួនសម្ងំរស់នៅ គឺនៅក្នុងល្អាងភ្នំតូចមួយ និងចាប់ផ្ដើមប្រមាញ់សត្វ និងស្វែងរកចំណីអាហារនៅក្នុងព្រៃ។ ពេលខ្លះ គេបានលបលួចចូលទៅក្នុងភូមិ ដើម្បីលួចចំណីអាហារ និងរបស់របរផ្សេងៗ ដូចជាដំឡូង និងសាច់សត្វជាដើម និងទៅជួបឪពុកម្ដាយរបស់គេបានត្រឹមតែប៉ុន្មាននាទីប៉ុណ្ណោះ។

លីវ រស់នៅក្នុងព្រៃតែម្នាក់ឯង ជាមួយសត្វឆ្កែអនាថា ២-៣ក្បាល ដែលគេនាំយកមករស់នៅជាមួយ ដើម្បីការពារខ្លួនពីសត្វព្រៃក្នុងពេលរាត្រី។ ការរស់នៅក្នុងព្រៃ ដំណើរការទៅមុខយ៉ាងរលូន ទោះជាមានអារម្មណ៍ថាអផ្សុក និងធុញថប់តានតឹងបន្តិចមែន តែអ្វីដែលគេខ្លាចខ្លាំងបំផុតនោះ គឺការត្រូវប៉ូលិសចាប់ខ្លួន។
ទោះជាឪពុកម្ដាយ និងប្រពន្ធរបស់គេអង្វរលួងលោម បញ្ចុះបញ្ចូលឱ្យគេចូលសារភាពខ្លួនជាច្រើនដងក្ដី តែក៏មិនបានសម្រេចដែរ។ ដូច្នេះហើយទើបគេរស់នៅក្នុងព្រៃនោះអស់រយៈពេល ១៤ឆ្នាំពេញ ដោយខកខានបាត់បង់ឱកាសរស់នៅជាមួយក្រុមគ្រួសារ ខកខានមិនបានទៅចូលរួមបុណ្យសពរបស់ឪពុក និងខកខាន មិនបានចូលរួមពិធីមង្គលការរបស់កូនប្រុស និងថែមទាំងមិនដែលបានជួបមុខចៅរបស់ខ្លួនឯងទៀតផង។
នៅទីបំផុត កាលពីខែកុម្ភៈកន្លងទៅ គេក៏សម្រេចចិត្តចេញមកសារភាពប្រគល់ខ្លួនជាមួយប៉ូលិស “ខ្ញុំអាយុ ៥០ឆ្នាំហើយ ភរិយារបស់ខ្ញុំក៏មានសុខភាពមិនសូវល្អ ហើយខ្ញុំក៏មានចៅប្រុសដ៏គួរឱ្យស្រឡាញ់ម្នាក់ដែរ” លីវ មូហ្វ៊ូ បន្តទៀតថា “ខ្ញុំចង់មានជីវិតរស់នៅធម្មតាដូចគេដូចឯង”។

លីវ មូហ្វ៊ូ បាននាំប៉ូលិសទៅឯល្អាងលាក់ខ្លួនរបស់គេ ដែលក្លាយជាផ្ទះអស់រយៈពេល ១៤ឆ្នាំកន្លងមកនោះ។ វាស្ថិតនៅជ្រៅ ចូលទៅក្នុងព្រៃលើភ្នំ ដែលឆ្ងាយដាច់ស្រយាលពីតំបន់ដែលមានមនុស្សរស់នៅរហូតដល់ទៅជាង ២០គីឡូម៉ែត្រ តែទោះជារូបគេចង់គេចខ្លួនពួនសម្ងំឆ្ងាយប៉ុនណាក្ដី តែពេលណាក៏ដោយ ដែលគេបានឮសំឡេងខុសប្រក្រតី ឬអ្វីគួរឱ្យសង្ស័យ គេនឹងរត់ចេញល្អាងនោះ ហើយចូលទៅពួននៅក្នុងព្រៃកាន់តែជ្រៅទៅទៀត។
ទោះជាកន្លងផុតយូរ ដល់ទៅ ១៤ឆ្នាំមែន តែរូបគេក៏នៅតែមិនអាចរត់គេចពីទោសទណ្ឌតាមផ្លូវច្បាប់របស់ប្រទេសចិនបានដែរ។ លីវ មូហ្វ៊ូ ត្រូវប្រឈមនឹងការចោទប្រកាន់ពីបទបង្កឧក្រិដ្ឋកម្ម ដែលអាចនឹងត្រូវជាប់គុកដល់ទៅ ៣ឆ្នាំ ហើយដោយសារតែគេ បានប្រើប្រាសអាវុធក្នុងពេលប្លន់ផងនោះ ទើបធ្វើឱ្យរូបគេអាចនឹងត្រូវរងទោសទណ្ឌជាប់ពន្ធនាគារយូរដល់ទៅ ១០ឆ្នាំ និងទោះជាលុយដែលគេប្លន់បាននោះ មានចំនួនតិចតួចមែន តែបទល្មើសប្លន់ គឺជាកំហុសខាងអាជ្ញាដែលធ្ងន់ធ្ងរបំផុត។
និងរឹតតែសំណាងអាក្រក់ទៅទៀត ព្រោះថា ការឃុំឃាំងខ្លួនឯងនៅក្នុងព្រៃអស់រយៈពេល ១៤ឆ្នាំនោះ មិនបានជួយសម្រាលទោសខាងអាជ្ញារបស់គេបានឡើយ សូម្បីតែបន្តិច៕

