Monday, September 15, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ស្ទើរ​មិន​គួរឲ្យ​ជឿ! បុរស​ឥណ្ឌា​ម្នាក់ ហូប​តែ​ដូ​ង អស់​រយៈពេល ២៨ ឆ្នាំ ដោយសារតែ​មូលហេតុ​មួយ​នេះ…

គំនិតនៃការដាក់កម្រិតរបបអាហាររបស់មនុស្សម្នាក់ ចំពោះអាហារតែមួយមុខ អស់រយៈពេលរហូតដល់ទៅជាង ២ ទសវត្សរ៍ ស្តាប់ទៅស្ទើរតែមិនគួរឲ្យជឿ ប៉ុន្តែបុរសជនជាតិឥណ្ឌាម្នាក់ បានអះអាងថា គាត់អាចទៅរួច ហើយវាក៏បានធ្វើឱ្យគាត់មានសុខភាពល្អផងដែរ។

លោក Balakrishnan Palayi មកពី Chandera ក្នុង Kasaragod ត្រូវបានគេធ្វើរោគវិនិច្ឆ័យថា មានជម្ងឺច្រាលក្រពះពោះវៀន (GERD) ដែលជាស្ថានភាពមួយបណ្តាលឱ្យគាត់បាត់បង់កម្លាំងទាំងអស់ រហូតដល់គាត់ស្ទើរតែមិនអាចផ្លាស់ទីបាន។ ជាផ្នែកមួយនៃការព្យាបាលជំងឺនេះ គាត់ក៏បានចាប់ផ្តើមហូបដូង ហើយជាលទ្ធផលបង្ហាញថា គាត់មានអារម្មណ៍ធូរស្រាលយ៉ាងខ្លាំង ហើយបន្ទាប់មក គាត់បានសម្រេចចិត្តថា វាជា«របបអាហារ»តែមួយគត់ ដែលគាត់នឹងហូបរហូត។

Shenaz ដែលជា Vlogger ល្បីម្នាក់ បាននិយាយក្នុងអំឡុងពេលធ្វើបទសម្ភាសន៍ជាមួយលោក Balakrishnan ថា «ដូងមានសារធាតុរ៉ែដូចជា កាល់ស្យូម ម៉ាញេស្យូម សូដ្យូម និងប៉ូតាស្យូម។ ហេតុនេះ វា​បាន​ជួយ​គាត់​ឱ្យ​មាន​កម្លាំង​ឡើង​វិញ ហើយ​ឥឡូវ​គាត់​មាន​សុខភាព​ល្អ​ហើយ​។ ហើយសព្វថ្ងៃនេះ​ គាត់ចាត់ទុកដូងជារបបអាហារដ៏តឹងរឹង»។

ក្នុងវ័យកុមារ លោក Balakrishnan គឺជាកីឡាករបាល់ទាត់នៅក្នុងក្លឹបក្នុងស្រុក។ ប៉ុន្តែ ឈានចូលអាយុ ៣៥ ឆ្នាំ គ្រូពេទ្យបានធ្វើរោគវិនិច្ឆ័យថា គាត់មានជម្ងឺច្រាលក្រពះពោះវៀន។ ហើយរាល់ពេលដែលគាត់ហូបអាហារធម្មតា គឺតែងតែច្រាលពីក្រពះចូលទៅក្នុងបំពង់អាហាររបស់គាត់ ដែលធ្វើឲ្យគាត់ក្អួតរហូត។ គាត់បានសាកល្បងរបបអាហារជាច្រើនមុខ ប៉ុន្តែទឹកដូង និងសាច់ទឹកដូង គឺជាវត្ថុតែមួយគត់ដែលធ្វើអោយគាត់មានអារម្មណ៍ធូរស្រាល ដូច្នេះគាត់ក៏បាន «ជាប់គាំង» ជាមួយអាហារដូងនេះ អស់រយៈពេល ២៨ ឆ្នាំ មកទល់ពេលនេះ។

លោក Balakrishnan បាននិយាយថា «ខ្ញុំហូបដូងរាល់ថ្ងៃ។ គ្រួសារខ្ញុំក៏ប្តូរមកដាំដូងដែរ។ ខ្ញុំបានរស់នៅបែបនេះ អស់រយៈពេល ២៤ ឆ្នាំមកហើយ»។

នៅអាយុ ៦៤ ឆ្នាំ លោក Balakrishnan Palayi មានសុខភាពល្អជាងមនុស្សភាគច្រើន ដែលមានអាយុស្របាលគាត់។ គាត់​ធ្វើ​ការ​នៅ​កសិដ្ឋាន​ជា​លក្ខណៈ​គ្រួសារ ហែល​ទឹក និង​ធ្វើ​លំហាត់​ប្រាណ​ជា​រៀង​រាល់​ថ្ងៃ ហើយ​មិន​មាន​បញ្ហា​សុខភាព​ធ្ងន់ធ្ងរ​ទេ។

តែទោះបីជាមានរឿងជោគជ័យបែបនេះក៏ដោយ ក៏លោកវេជ្ជបណ្ឌិត Tushar Tayal បាននិយាយថា ករណីរបស់គាត់គឺប្លែក ហើយថា គាត់មិនណែនាំនរណាម្នាក់ឱ្យសាកល្បងរបបអាហារដូងនោះទេ៕ រក្សាសិទ្ធិដោយ៖ លឹម ហុង

×