ជឿថាប្រិយមិត្តអ្នកលេងបណ្តាញសង្គមជាច្រើន បានទទួលជ្រាបរួចហើយ ពីព្រឹត្តិការណ៍ប្រកួតប្រជែងមិនធ្លាប់ឃើញពីមុនមក «បីស្រ្តីបានយូរបំផុត» ដោយសេចក្តីស្រលាញ់ពេញបេះដូង ដែលត្រូវបានធ្វើឡើងដោយក្រុមហ៊ុនភេសជ្ជៈប៊ូសស្រ្តង ស្ថិតនៅមុខមហោស្រពទីក្រុងកោះពេជ្រ កាលពីល្ងាចថ្ងៃទី៨ ខែមីនា ឆ្នាំ២០២៣។
ក្នុងព្រឹត្តិការណ៍ដ៏មិនធម្មតានេះ ត្រូវបានដឹងថា មានគូស្នេហ៍ និងជាប្តីប្រពន្ធប្រមាណ ៥០០ គូ មកចូលរួមប្រកួត ដើម្បីដង្ហើមយកជ័យលាភីឈ្នះរង្វាន់ឡានទំនើបថ្មី១គ្រឿង។ អ្វីដែលធ្វើឲ្យមហាជនចាប់អារម្មណ៍ខ្លាំងនោះ គឺក្នុងចំណោមគូស្នេហ៍ទាំង ៥០០ គូនោះ ក៏មានប្តីប្រពន្ធកីឡាករ ព្រំ សំណាង ចូលរួមប្រកួតផងដែរ។
ពិតណាស់ បន្ទាប់ការប្រកួតប្រជែងដ៏ស្វិតស្វាញ និងតស៊ូអត់ធ្មត់ខ្លាំងបំផុត អស់រយៈពេល ៨ ម៉ោង ចុងក្រោយ នៅសល់តែ២គូប៉ុណ្ណោះ គឺគូប្តីប្រពន្ធកីឡាករ ព្រំ សំណាង និងគូស្នេហ៍១គូទៀតមកពីខេត្តតាកែវ ដែលត្រូវប្រជែងគ្នាដង្ហើមយកជ័យលាភីលេខ១។ ទោះជាយ៉ាងណា លទ្ធផលចុងក្រោយ ដោយសារតែកីឡករ ព្រំ សំណាង ធ្វើខុសលក្ខខណ្ឌបច្ចេកទេស ក៏ត្រូវធ្លាក់មកលេខ២ បានរង្វាន់ម៉ូតូ១គ្រឿង ខណៈគូស្នេហ៍មកពីខេត្តតាកែវ ជាប់លេខ១ ឈ្នះរង្វាន់រថយន្ត១គ្រឿងនោះ។ ប៉ុន្តែ ដោយសារតែមានក្តីអាណិតខ្លាំង ក្រុមហ៊ុន ក៏បានផ្តល់រថយន្ត១គ្រឿង ដល់កីឡាករ ព្រំ សំណាង ផងដែរ។
តែដោយឡែក ក្រឡេកមកមើលវីដេអូ ក្រោយការប្រកួតនេះវិញ ឃើញថា កីឡាករ ព្រំ សំណាង ហាក់មានស្ថានភាពទ្រុឌទ្រោមដុនដាបខ្លាំង ដែលឃើញហើយពិតជាគួរឲ្យអាណិតណាស់។ ហើយជាមួយស្ថានភាពនេះផងដែរ បានធ្វើឲ្យមហាជនជាអ្នកគាំទ្រ ពិតជាមានការព្រួយបារម្ភដល់កីឡាករជើងខ្លាំងរូបនេះជាខ្លាំង ព្រោះគិតថា ការខំប្រឹងឈរលើកទម្ងន់មនុស្សស្រីម្នាក់ រហូតដល់ ៨ ម៉ោង បែបនេះ នឹងអាចធ្វើប៉ះពាល់ដល់សុខភាពធ្ងន់ធ្ងរ មិនអាចឡើងប្រកួតនៅថ្ងៃខាងមុខនេះបាន។
ជុំវិញរឿងនេះ អ្នកលេងបណ្តាញសង្គមជាច្រើន បាននាំគ្នាលើកឡើងតាមការយល់ឃើញយ៉ាងដូច្នេះថា «ជិតដល់ថ្ងៃប្រកួតហើយ ចប់បាត់, បើតាមស្ថានភាពនេះ ព្រុំ សំណាង អាចបាក់កំលាំងមិនអាចធ្វើការប្រកួតកីឡាប្រដាល់បានទៀតទេ។ រង្វាន់ឡានមួយគ្រឿងមិនអាចប្រៀបធៀបកេរ្តិ៍ឈ្មោះលើការឈ្នះការប្រដាល់បានឡើយ, ព្រំ សំណាង អាចនឹងជាប់ការពិន័យរបស់សហព័ន្ធ បើសិនរកឃើញការប៉ះពាល់សុខភាពធ្ងន់ធ្ងរ តាមរយៈការប្រកួតនេះ»។ តែទន្ទឹមនឹងការយល់ឃើញបែបនេះ ក៏មានអ្នកយល់ឃើញផ្ទុយ បានលើកហេតុផលនេះមកពន្យល់ថា «ឱកាសមានទាំងគាត់ទាំងយើង តែងតែស្រវ៉ាចាប់ហើយបង ឡាន១គ្រឿង តើគាត់វ៉ៃប៉ុន្មានប្រកួតទើបបានទៅ, មែនហើយបងខ្ញុំក៏បារម្ភពីសុខភាពគាត់ដែរ ឈរយូបែបហ្នឹង ប៉ុន្តែវាជាឱកាសសម្រាប់គាត់ ដូចបងថាវ៉ៃប៉ុន្មានដងទើបបានឡានមួយ ត្រូវតែស្រវ៉ាហើយ, ខ្ញុំជឿថា គាត់ខំហូបប៉ូវ និងសំរាកឲ្យបានច្រើន នឹងមានកំលាំងវិញហើយ!»៕ រក្សាសិទ្ធិដោយ៖ លឹម ហុង










