ប្រិយមិត្តជាច្រើន បានទទួលជ្រាបរួចហើយ ពីព្រឹត្តិការណ៍ប្រកួតប្រជែងមិនធ្លាប់មានពីមុនមក «បីស្រ្តីបានយូរបំផុត» ដែលត្រូវបានរៀបចំធ្វើឡើងដោយក្រុមហ៊ុនភេសជ្ជៈ ប៊ូសស្រ្តង ស្ថិតនៅមុខមហោស្រពទីក្រុងកោះពេជ្រ កាលពីល្ងាចថ្ងៃទី៨ ខែមីនា ឆ្នាំ២០២៣។
ព្រឹត្តិការណ៍ដ៏មិនធម្មតានេះ ត្រូវបានដឹងថា មានគូស្នេហ៍ និងជាប្តីប្រពន្ធប្រមាណ ៥០០ គូ មកចូលរួមប្រកួត ដើម្បីដង្ហើមយកជ័យលាភីឈ្នះរង្វាន់ឡានទំនើបថ្មី១គ្រឿង។ ទោះជាយ៉ាងណា លទ្ធផលនៃពេលវេលាចុងក្រោយ បានរកឃើញគូស្នេហ៍២គូ ដែលអាចទទួលបានជ័យលាភីរថយន្តលេខ១ និងលេខ២ ឈ្នះរង្វាន់រថយន្តទំនើបថ្មីសន្លាងម្នាក់១គ្រឿង គឺគូកីឡាករ ព្រំ សំណាង និងគូប្តីប្រពន្ធបុរសម្នាក់ ដែលត្រូវបានដឹងថាមកពីខេត្តតាកែវ។
តែយ៉ាងណាមិញ ជុំវិញជ័យជំនះនេះផងដែរ ក៏បានធ្វើឲ្យមហាជនជាច្រើន នាំគ្នាងឿងឆ្ងល់ និងកោតសរសើរយ៉ាងខ្លាំង ចំពោះប្តីប្រពន្ធមកពីខេត្តតាកែវ ព្រោះថាបុរសរូបនោះមានរូបរាងសាមញ្ញធម្មតា ហើយក៏មិនមែនជាអ្នកហ្វឹកហាត់អ្វីនោះទេ ប៉ុន្តែ អាចផ្តួលកីឡាករ ព្រំ សំណាង ស្ទើរមិនគួរឲ្យជឿ។ តែទោះជាយ៉ាងណា មានមតិមួយចំនួន បានលើកឡើងថា នារីដែលបុរសរូបនោះបីគឺតូច មិនដូចដៃគូ កីឡាករ ព្រំ សំណាង នោះទេ ហើយ ព្រំ សំណាង ក៏យល់ឃើញយ៉ាងដូច្នេះដែរ ប៉ុន្តែ សូមសរសើរដល់គាត់ដែលអាចធ្វើបាន ពិតជាមិនធម្មតានោះទេ។
ទោះជាយ៉ាងណា ក្រោយមក ទើបគេបានដឹងថា បុរសដែលទទួលបានជ័យលាភីលេខ១ មកពីខេត្តតាកែវ រូបនោះ តាមពិត គាត់គឺជាអតីតព្រះសង្ឃ ដែលបានបួសអស់រយៈពេលជិត ២០ ព្រះវស្សា ឯណោះ។
នេះបើតាមព្រះតេជគុណមួយអង្គ មានគណនីហ្វេសប៊ុកឈ្មោះ «Sophea S. KH» ដែលជាមិត្តភក្តិធ្លាប់រួមថ្នាក់ជាមួយគ្នា បានបង្ហោះរូបថតជាក់ស្តែង និងភ្ជាប់សាររៀបរាប់យ៉ាងដូច្នេះថា៖ «យកប្តីអន្ទិតគឺស្មោះ និងលះបង់ចឹងញោម បើមិនជឿមានភស្តុតាងឱ្យមើលសូម្បីបងកីឡាករ ព្រំ សំណាង ក៏ដួលបោះគាត់ដែរ ធ្លាប់ជាមិត្តរួមថ្នាក់ជាមួយគ្នានៅសាលាអង់គ្លេសអន្តរជាតិអាត់ឡងតា នៅផ្សារកាប់គោ។ អបអរសាទរ បងប្រុសអន្ទិត យិន សំអុល ដែលបានទទួលជ័យជម្នះឡានមួយគ្រឿង ក្នុងការប្រកួតបីស្រ្តីពីក្រុមហ៊ុនប៊ូសស្រ្តង។ បីតាំងពីម៉ោង៥ល្ងាចដល់ម៉ោង២ភ្លឺ»។
ដោយឡែក នៅពេលអ្នកលេងបណ្តាញសង្គម បានសួរនាំថា គាត់អាចធ្វើបានបែបនេះ ប្រហែលកាលនៅបួសជាព្រះសង្ឃ គាត់ធ្លាប់តាំងសមាធិ? ព្រះតេជគុណខាងលើ ក៏បានបញ្ជាក់ឲ្យដឹងថា លោក យិន សំអុល បានបួសជាព្រះសង្ឃអស់រយៈពេលចូល ២០ ព្រះវស្សា ខណៈមិត្តម្នាក់ទៀតដែលក៏ធ្លាប់រៀនអនុវិទ្យាល័យជាមួយគ្នាផងដែរ បានប្រាប់ថា គាត់ជាអ្នកភូមិកន្ទុយដំរី (ស្រុកព្រៃកប្បាស) បានបួសរៀនសូត្រនៅវត្តស្វាយពពៃ៕ រក្សាសិទ្ធិដោយ៖ លឹម ហុង





