Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ប្លែកៗ និងចំណេះដឹង៖ ជីវិតកម្សត់ហួសនឹងថ្លែង! ស្ត្រីជរាម្នាក់ញ៉ាំតែមីកៀវ និងបន្លែ លុះស្លាប់ទៅទើបអ្នកជិតខាងដឹងថា មានលុយនៅក្នុងផ្ទះ $១៥ម៉ឺន ពេលដឹងពីប្រភពលុយ ស្ទើរតែទ្រហោយំ…

spot_img

រឿងរ៉ាវរបស់ស្ត្រីចំណាស់ម្នាក់ ដែលបានស្លាប់ដោយសាររោគាពាទ ដោយគ្មានស្វាមី និងកូនៗនៅក្បែរ លុះអ្នកជិតខាងបានដឹង ក៏ជួយរៀបចំពិធីបុណ្យសព និងចាត់ការរឿងផ្សេងៗជូនគាត់ ក៏ស្រាប់តែភ្ញាក់ផ្អើលយ៉ាងខ្លាំង នៅពេលចូលទៅរៀបចំប្រមែប្រមូលអីវ៉ាន់ក្នុងផ្ទះ ក៏បានឃើញកាបូបស្ពាយចំនួន៥ ដែលខាងក្នុងពេញទៅដោយលុយ។

តាមរបាយការណ៍បានឱ្យដឹងថា កាលពីខែវិច្ឆិកា ឆ្នាំ២០១៨ បុគ្គលិករបស់ធនាគារមួយនៅក្នុងមណ្ឌលក្វាងស៊ី ប្រទេសចិន បានទទួលភារកិច្ចពិសេសពីថ្នាក់ដឹកនាំ ឱ្យពួកគេធ្វើដំណើរទៅភូមិដាច់ស្រយាលមួយ ដើម្បីពិនិត្យ និងរាប់លុយដែលអ្នកភូមិនៅទីនោះបានរកឃើញ។

ពេលទៅដល់ ពួកគេក៏ត្រូវភ្ញាក់ផ្អើលយ៉ាងខ្លាំង ពេលបានឃើញថា ជាផ្ទះចំណាស់ ១ខ្នងនោះងងឹតឈឹង និងពោរពេញដោយធូលីដី មិនគួរណាមានទ្រព្យសម្បត្តិអ្វីមានតម្លៃស្ថិតនៅខាងក្នុងនោះឡើយ មានតែកាបូបស្ពាយចំនួន៥ ដាក់គរគ្នានៅកណ្ដាលផ្ទះ។ ពេលបើកកាបូបឡើង ពួកគេក៏ត្រូវភ្ញាក់ផ្អើលយ៉ាងខ្លាំង នៅពេលឃើញថា ខាងក្នុងពោរពេញទៅដោយក្រដាសប្រាក់ដ៏ច្រើន មានតាំងពីកាក់ ១សេន រហូតដល់ក្រដាស ១០០យន់។ ទាំងអស់ប្រឡាក់ប្រឡូស និងញីញក់ តែអាចយកទៅចាយបាន។ បន្ទាប់ពីពិនិត្យ និងរាប់ចំនួនអស់ជាង ៣ម៉ោងរួចមក ក៏បានដឹងថា វាមានចំនួនទាំងអស់ជាង ៩៧០ ០០០យន់ ឬប្រមាណជា ១៥ម៉ឺនដុល្លារ។

ម្ចាស់ផ្ទះ ១ខ្នងនេះ គឺជាស្ត្រីចំណាស់ម្នាក់ដែលអ្នកភូមិហៅគាត់ថា “យាយវ៉ុង” តាមរយៈការរៀបរាប់ពីអ្នកជិតខាង បានឱ្យដឹងថា យាយវ៉ុង មិនសូវចេញមកទំនាក់ទំនងជាមួយអ្នកជិតខាងប៉ុន្មានទេ ហើយនិយាយជាមួយអ្នកដទៃមិនលើសពី ៣ម៉ាត់ឡើយ និងមើលទៅពិភពផ្ទាល់ខ្លួនរបស់គាត់ គឺស្ថិតនៅក្នុងផ្ទះស្ងាត់ៗតែម្នាក់ឯង គ្មានសាច់ញាតិ ឬអ្នកណារស់នៅជាមួយគាត់ឡើយ។

ខាងក្នុងផ្ទះរបស់យាយវ៉ុង មិនសូវមានពន្លឺប៉ុន្មានឡើយ ដូចគ្នានឹងនៅលើតុដែលមានតែស្បោងដាក់មីកៀវ និងបន្លែជ្រក់តែប៉ុណ្ណោះ។ គាត់ស្លៀកតែខោអាវដែលរហែក និងមានបំណះ ហើយកាលពីពេលមុននេះ អ្នកភូមិនាំគ្នាអាណិត និងតែងតែជួយយកអាសាដោយការផ្ដល់អាហារ និងសំពត់អាវ តែត្រូវគាត់បដិសេធជានិច្ច។ ខណៈដែលរដ្ឋបាលតំបន់ ក៏ព្យាយាមជួយសង្គ្រោះគាត់ ដោយការផ្ដល់ប្រាក់ជំនួយ តែបានត្រឹមតែ ១ផ្នែកតូចប៉ុណ្ណោះ។

នៅពេលយាយវ៉ុងឈឺ គាត់មិនព្រមទៅមន្ទីរពេទ្យឡើយ រហូតដល់ត្រូវខ្យល់គនៅក្នុងផ្ទះតែម្នាក់ឯង។ អ្នកជិតខាងបានដឹង ក៏នាំគាត់ទៅមន្ទីរពេទ្យដើម្បីសង្គ្រោះបន្ទាន់ តែនៅពេលគាត់ដឹងខ្លួនឡើង គាត់ក៏តវ៉ា និងទាមទារត្រឡប់ទៅផ្ទះវិញ ដោយនិយាយថា គាត់មិនត្រូវការការមើលថែទាំពីអ្នកណាឡើយ ហើយទីបំផុត គ្រប់គ្នាក៏ត្រូវជូនគាត់ត្រឡប់ទៅផ្ទះវិញទាំងអាការទ្រុឌទ្រោមខ្លាំងជាងមុនទៅទៀត។

ដូច្នេះហើយ ពេលយាយវ៉ុងស្លាប់ និងប្រទះឃើញលុយដ៏ច្រើននោះ មនុស្សជាច្រើនបានកើតមានសំណួរមួយឡើងថា តើអ្នកទីទ័លក្រ និងសន្សំសំចៃដូចយាយវ៉ុង ហេតុម្ដេចបានមានលុយសន្សំច្រើនដល់ថ្នាក់ហ្នឹង? និងនៅពេលដែលគាត់មានប្រាក់ច្រើនយ៉ាងហ្នឹងហើយ តើហេតុអីគាត់ត្រូវរស់នៅដ៏គួរឱ្យវេទនាបែបហ្នឹងធ្វើអី??…រហូតដល់គេបានដឹងពីចម្លើយតាមរយៈប្រអប់ក្រដាស ២ប្រអប់នៅក្នុងផ្ទះរបស់គាត់ ដែលខាងក្នុងផ្ទុកពេញដោយសំបុត្រដែលត្រូវបានថែទាំយ៉ាងស្អាត ដែលបង្ហាញឱ្យដឹងថា គាត់ស្រឡាញ់ និងហួងហែងសំបុត្រទាំងនោះខ្លាំងណាស់…គឺជាសំបុត្រឆ្លើយឆ្លងគ្នារវាងយាយវ៉ុង និងស្វាមីរបស់គាត់។

ថយត្រឡប់ទៅកាលពីឆ្នាំ១៩៣៤ ដែលជាឆ្នាំកំណើតរបស់យាយវ៉ុង។ ក្នុងអំឡុងពេលមានសង្គ្រាម ក្រុមគ្រួសាររបស់គាត់ទីទ័លក្រខ្លាំងណាស់។ ការចាប់កំណើតរបស់កូនស្រីម្នាក់នេះ ធ្វើឱ្យឪពុកម្ដាយរបស់នាង មានអារម្មណ៍អាណោចអធមកាន់តែខ្លាំងឡើង ព្រោះពួកគេសង្ឃឹមចង់បានតែកូនប្រុសខ្លាំងជាង។ ក្នុងឋានៈជាកូនស្រីទី៣ របស់គ្រួសារ យាយវ៉ុងត្រូវរកស៊ីចិញ្ចឹមខ្លួនឯងតាំងពីតូច គ្មានអាហារបរិភោគ សម្លៀកបំពាក់មិនមានគ្រប់គ្រាន់ មិនអាចទៅសាលារៀនបាន ហើយឪពុកម្ដាយស្រឡាញ់តែប្អូនប្រុសនាងខ្លាំងជាងរូបនាង។

ពេលធំឡើង យាយវ៉ុងត្រូវបានបង្ខំឱ្យរៀបការជាមួយស្វាមី។ ទាំង ២នាក់រៀបការនៅឆ្នាំ១៩៥៤ រស់នៅក្នុងតំបន់ភឹងឆៀង។ សំណាងល្អណាស់ ដែលស្វាមីម្នាក់នោះ ប្រតិបត្តិចំពោះនាងយ៉ាងទន់ភ្លន់។ ទាំង ២នាក់ឧស្សាហ៍ព្យាយាមធ្វើការរកស៊ីដោយសង្ឃឹមថា នឹងមានអនាគតល្អប្រសើរឡើង។ បន្ទាប់ពីនោះមិនយូរប៉ុន្មាន នាងក៏មានផ្ទៃពោះដោយគិតថា ការមានកូន នឹងធ្វើឱ្យគ្រួសារកាន់តែមានសេចក្ដីសុខឡើង តែដោយសារតែនាងផ្ដល់កំណើតកូនស្រីដល់ទៅ ២នាក់ ទើបធ្វើឱ្យគ្រួសារខាងប្ដី មិនសូវជាពេញចិត្តប៉ុន្មានឡើយ តែទោះជាយ៉ាងនោះក្ដី ក៏ស្វាមីរបស់នាងនៅតែមើលថែទាំនាង និងកូនៗជានិច្ច ហើយស្រឡាញ់នាង និងកូនៗយ៉ាងពេញទំហឹងដដែល។


យ៉ាងណាក៏ដោយ ថ្ងៃមួយកូនស្រីបង បានថ្ងូរប្រាប់យាយវ៉ុងថា ចុកពោះ…ពីដំបូងនាងគិតថា កូនស្រីប្រហែលជាឈឺពោះរាក ក៏ទៅទិញថ្នាំយកមកឱ្យលេបតាមធម្មតា។ ដោយមិនបាននឹកស្មានដល់ សុខៗស្រាប់តែ ស្ថានការណ៍បែរជាអាក្រក់ទៅៗ។ ទម្រាំនឹងនាំកូនស្រីទៅដល់មន្ទីរពេទ្យ អ្វីៗក៏ហួសពេលអស់ទៅហើយ។ យាយវ៉ុង ស្ទើរតែមិនអាចទទួលយកការពិតមួយនេះឡើយ គាត់ស្រែកយំ និងខ្យល់គ ដួលសន្លប់នៅពេលត្រូវបាត់បង់កូនស្រីម្នាក់។ គាត់ធ្លាក់ក្នុងសភាវសោកសៅយ៉ាងធ្ងន់ធ្ងរ តែសំណាងល្អណាស់ដែលស្វាមី និងកូនស្រីម្នាក់ទៀត នៅជួយមើលថែទាំគាត់ រហូតជាដូចប្រក្រតីឡើងវិញ។ ក្នុងពេលនោះ យាយវ៉ុង បានព្យាយាមប្រគល់សេចក្ដីស្រឡាញ់ និងការយកចិត្តទុកដាក់ទាំងអស់ទៅលើកូនស្រីដែលនៅសល់តែម្នាក់នោះយ៉ាងពេញទំហឹង ដើម្បីជួសជុលភាពខូចចិត្តទាំងប៉ុន្មាន។

តែគួរឱ្យស្ដាយ ដែលសោកនាដកម្មបានវិលមកជាថ្មីម្ដងទៀត…កូនស្រីពៅ ក៏ឃ្លាតចេញទៅយ៉ាងថ្ងៃត្រឡប់ ដូចបងស្រីរបស់នាងដែរ។ យាយវ៉ុងត្រូវរងទុក្ខវេទនាជាបន្តបន្ទាប់ដោយសារតែក្ដីឈឺចាប់ពីការបាត់បង់កូន ដល់ថ្នាក់ធ្លាប់គិតបញ្ចប់ជីវិតខ្លួនឯង តែពាក្យសម្ដីរបស់ស្វាមី ធ្វើឱ្យគាត់តាំងសតិស្មារតីឡើងវិញបាន។ ប្ដីគាត់ប្រាប់ថា គាត់ក៏ខូចចិត្ត និងសោកស្ដាយដូចគ្នាចំពោះការបាត់បង់កូនស្រីទាំង២ ហើយបើគាត់អាត្មានិយម គិតតែពីខ្លួនឯង ភរិយារបស់គាត់ នឹងគ្មាននៅសល់នរណាម្នាក់ឡើយក្នុងលោកនេះ។

ប៉ុន្មានឆ្នាំតមក ស្វាមីបានសម្រេចចិត្តទៅរកការងារធ្វើនៅឯការដ្ឋានរ៉ែថ្ម ដោយនឹកសង្ឃឹមថា នឹងជួយឱ្យភរិយាមានជីវិតល្អប្រសើរឡើង បើទោះជាការងារធ្ងន់ធ្ងរ និងគ្រោះថ្នាក់ប៉ុនណាមែន តែក៏បានទទួលប្រាក់ពលកម្មខ្ពស់ដែរ។ រៀងរាល់ខែ ពេលដែលគាត់បានទទួលប្រាក់ គាត់តែងផ្ញើវាទៅឱ្យយាយវ៉ុងភ្លាមតែម្ដង។ ក្នុងអំឡុងឆ្នាំតៗមកទៀត ទាំង ២នាក់បានទំនាក់ទំនងគ្នាតាមរយៈសំបុត្រ។ ពាក្យពេចន៍ផ្អែមល្ហែមដែលពោរពេញដោយសេចក្ដីស្រឡាញ់ បានជួយឱ្យទាំង ២នាក់លួងលោមគ្នាបានខ្លះដែរ។ រហូតដល់ថ្ងៃមួយ យាយវ៉ុងក៏លែងបានទទួលសំបុត្រពីស្វាមីដូចសព្វដង គាត់មានប្រផ្នូលក្នុងចិត្តថា ដូចជាមានរឿងអាក្រក់អ្វីមួយកើតឡើង…រួចហើយវាក៏ដូចអ្វីដែលគាត់បានគិតមែន។ នៅពេលព្រឹកឡើង គាត់បានទទួលដំណឹងថា ប្ដីរបស់គាត់ ត្រូវស្លាប់ និងកប់នៅក្នុងរ៉ែថ្ម ដែលបាក់រលំចុះមកសង្កត់ពីលើ។

ការបាត់បង់ដ៏សំខាន់បំផុតក្នុងជីវិតម្ដងម្នាក់ៗនេះ ធ្វើឱ្យយាយវ៉ុងហាក់ដូចជាបាត់បង់ស្មារតី និងចិត្តវិញ្ញាណទៅជាមួយដែរ។ គាត់មិនដែលមានស្នាមញញឹមទៀតឡើយ និងសូម្បីតែសេចក្ដីស្លាប់ ក៏គាត់លែងខ្វល់តទៅទៀតដែរ។ ចំណែកលុយដែលស្វាមីផ្ញើមកឱ្យទាំងប៉ុន្មាន ក៏គាត់មិនបានចាយដែរ ព្រោះគ្រប់ពេលដែលមើលឃើញវា គាត់តែងនឹករឭកដល់ស្វាមីជានិច្ច ដូច្នេះហើយទើបគាត់ទុកដាក់វានៅក្នុងកាបូបស្ពាយចំនួន៥ នៅក្នុងផ្ទះ និងរាល់ថ្ងៃ គាត់ទទួលទានតែអាហារដដែលៗ រស់នៅប្រៀបដូចជារូបគាត់គ្រាន់តែជាស្រមោលមួយប៉ុណ្ណោះ។

ក្នុងឆ្នាំ២០១៨ យាយវ៉ុងបានលាចាកលោកនេះទៅយ៉ាងស្ងប់ ដោយសារជំងឺ។ ពេលរៀបចំពិធីបុណ្យសពរបស់គាត់ អ្នកជិតខាងក៏បានរកឃើញការពិតមួយនេះ ហើយដោយសារតែគាត់គ្មានសាច់ញាតិបងប្អូន លុយចំនួនដ៏ច្រើនទាំងនោះ ក៏ត្រូវបាននាំយកទៅផ្ដល់ជូនមូលនិធិជួយសង្គមនៅក្នុងតំបន់…៕

spot_img
×