ប្រហែលជាមានខ្យល់ព្យុះបោកបក់ក្នុងបន្ទប់ទេដឹង?? ពេលគូស្នេហ៍ ១គូចាកចេញទៅ បុគ្គលិករៀបចំបន្ទប់សណ្ឋាគារដល់ថ្នាក់ឆួលចុងច្រមុះ និងលាន់មាត់ថា តាំងពីចេះធ្វើការមក ទើបឃើញបន្ទប់គួរឱ្យខ្លាចលើកនេះឯង ព្រោះនៅក្នុងបន្ទប់ ពោរពេញដោយភាពខ្ទេចខ្ទី រាយប៉ាយ និងយ៉ាប់យ៉ឺនពេញហ្នឹងទាំងអស់។

តាមរយៈផូស្តមួយនៅក្នុងបណ្ដាញសង្គមក្នុងប្រទេសចិន បានឱ្យដឹងថា ហេតុការណ៍នេះបានកើតឡើងនៅឯសណ្ឋាគារមួយកន្លែង ក្នុងទីក្រុងហាងចូវ មណ្ឌលជើចៀង ប្រទេសចិន ដោយស្ត្រីបុគ្គលិករបស់សណ្ឋាគារបានរៀបរាប់ថា កាលពីប៉ុន្មានថ្ងៃមុន មានគូស្នេហ៍ ១គូ បានចូលមកជួលបន្ទប់ស្នាក់នៅ។ គ្រប់យ៉ាងមើលទៅដូចប្រក្រតីធម្មតា រហូតទាល់តែអ្នកទាំង២នោះ បានឆេកអៅត៍ នាងក៏មានតួនាទីចូលទៅសម្អាត ប្ដូរកម្រាលពូក និងវត្ថុចាំបាច់ផ្សេងៗ រួមទាំងពិនិត្យរបស់របរក្នុងបន្ទប់ តើមានអ្វីខូចខាតបាត់បង់ដែរឬទេ ដើម្បីត្រៀមចាំទទួលភ្ញៀវថ្មីទៀតចូលមកស្នាក់នៅ។

តែយ៉ាងណាក៏ដោយ នៅពេលនាងបើកទ្វារបន្ទប់ដែលគូស្នេហ៍ ១គូនោះបានស្នាក់នៅ ១យប់នោះឡើង ក៏បានជួបនឹងទិដ្ឋភាពដ៏គួរឱ្យបះសក់ភ្ញាក់ផ្អើល អាចនិយាយបានថា គ្រប់យ៉ាងនៅក្នុងបន្ទប់ធ្វើឱ្យនាងមួម៉ៅ ភ្ញាក់ផ្អើល និងខឹងយ៉ាងខ្លាំង ព្រោះតាំងពីនាងធ្វើការនៅទីនេះ ២-៣ឆ្នាំមក នេះគឺជាលើកដំបូងហើយ ដែលនាងបានឃើញបន្ទប់ស្ថិតក្នុងសភាពបែបនេះ។
កម្រាលពូកពណ៌ស ត្រូវបានយកទៅក្រាលលើកម្រាលឥដ្ឋក្នុងបន្ទប់ទឹក ក្រដាសអនាម័យប្រើហើយ ត្រូវបានបោះចោលពេញក្នុងបន្ទប់ទឹក និងក្នុងអាងលប់មុខ។ ភួយពណ៌ស ត្រូវបានដាក់គរចោលនៅលើកម្រាលឥដ្ឋក្បែរគ្រែ និងសូម្បីតែលើពូក ក៏មានសភាពជ្រីវជ្រួញ ញីញក់ ប្រឡាក់ប្រឡូសខ្ទេចខ្ទីដែរ…តែប្រាកដណាស់ ដោយសារតែតួនាទីភារកិច្ច នាងចាំបាច់ត្រូវតែសម្អាត និងរៀបចំឡើងវិញគ្រប់យ៉ាងដោយអារម្មណ៍មួម៉ៅ។

នៅពេលរូបភាពដែលបុគ្គលិកអ្នកសម្អាតបន្ទប់នោះបានផូស្តនៅក្នុងហ្វេសប៊ុកភ្លាម មានអ្នកលេងបណ្ដាញសង្គមជាច្រើន បានចូលទៅបញ្ចេញយោបល់ និងខំមិនត៍តាមការយល់ឃើញ និងជជែកគ្នាអំពីហេតុការណ៍នោះ ដោយមនុស្សជាច្រើនយល់ឃើញថា អ្នកស្នាក់នៅមិនគួរបោះចោលវត្ថុរបស់របរ រាយប៉ាយនៅក្នុងបន្ទប់ដូច្នេះឡើយ តែខណៈពេលជាមួយគ្នា ក៏មានមនុស្សមួយចំនួនមើលឃើញថា វាជារឿងធម្មតា ដែលអ្នកស្នាក់នៅបានចាយលុយហើយ ពួកគេត្រូវតែប្រើប្រាស់របស់របរនៅក្នុងបន្ទប់តាមដែលគេត្រូវការ ដរាបណាមិនធ្វើឱ្យខូចខាតដល់ទ្រព្យសម្បត្តិរបស់សណ្ឋាគារ៕






