ភោជនីយដ្ឋានចិន “Fish Village” (ភូមិត្រី) ក្នុងស្រុក Queens ទីក្រុងញូវយ៉ក ត្រូវបានក្រុមចោរវ័យក្មេងពាក់ម៉ាស់មួយក្រុម វាយកម្ទេចយ៉ាងសាហាវ។ ក្នុងនោះ ពួកវាបានលើកគ្រវែងតុអាហារ និងវាយកម្ទេចកៅអី ខណៈបុគ្គលិក និងអតិថិជន នៅក្នុងភោជនីយដ្ឋាន បានត្រឹមមើលក្នុងក្តីអស់សង្ឃឹម និងភាពភ័យខ្លាចយ៉ាងខ្លាំង។
យោងតាមរបាយការណ៍ “New York Post” សកម្មជនសហគមន៍ Zhu Yiting បានបង្ហោះវីដេអូនៃហេតុការណ៍នេះ នៅលើ Twitter ដោយបានបង្ហាញចោរវ័យក្មេងមួយក្រុម បានសម្រុកចូលក្នុងភោជនីយដ្ឋាន ហើយពួកវាចាប់ផ្តើមវាយកម្ទេចរបស់របរក្នុងហាងភ្លាមៗតែម្តង។
បុគ្គលិកភោជនីយដ្ឋានបាននិយាយថា ពួកគេមិនដឹងពីមូលហេតុ ពួកក្រុមក្មេងចោរវ័យក្មេងទាំងនោះ មកវាយបំផ្លាញរបស់របរក្នុងហាងនោះទេ និងថា ពួកគេពិតជាមានអារម្មណ៍គួរឱ្យខ្លាចណាស់ ខណៈដែលទីក្រុងកាន់តែគ្មានសុវត្ថិភាពបែបនេះ។
ស្ថាបនិក Guardian Angels លោក Curtis Sliwa បាននិយាយថា ក្រុមទាំងនោះគឺជា “ហ្វូងឆ្កែចចក” ដែលជាហ្វូងចោរវ័យជំទង់។ លោក Sliwa បានបន្តថា គ្មានអ្វីនឹងកើតឡើងចំពោះពួកគេទេ ដោយសារតែពួកគេជាអនីតិជន។
យោងតាមរបាយការណ៍ “Epoch Times” ថៅកែភោជនីយដ្ឋានលោក Tony Hu បាននិយាយថា គាត់បានបាត់បង់ប្រាក់សរុបចំនួន ២០,០០០ ដុល្លារអាមេរិក (ប្រហែល ៦១៥,០០០ ដុល្លារតៃវ៉ាន់) ខណៈដែលជញ្ជាំងកញ្ចក់ បានរងការខូចខាតជាច្រើនពាន់ដុល្លារ។ ពេលនោះមានអតិថិជនជាង ៣០ នាក់ នៅក្នុងភោជនីយដ្ឋាន ពួកគេភ័យខ្លាចគ្រប់គ្នា ហើយអ្នកខ្លះបានចាកចេញដោយមិនបង់ប្រាក់ទេ។
ទោះជាយ៉ាងណា លោក Hu បាននិយាយថា គ្មាននរណាម្នាក់រងរបួសទេ ប៉ុន្តែ អ្នកគ្រប់គ្នានៅភោជនីយដ្ឋានមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ពីឧប្បត្តិហេតុនេះ ដែលមានរយៈពេលជាងមួយនាទីប៉ុណ្ណោះ។ អ្នកគ្រប់គ្រងរូបនេះ បាននិយាយថា គាត់បានលាក់ខ្លួននៅខាងក្រោយតុគិតលុយ ហើយបានទូរស័ព្ទទៅប៉ូលីស ដោយប្រាប់បុគ្គលិករបស់គាត់កុំឱ្យតតាំងជាមួយពួកវា ព្រោះខ្លាចសុវត្ថិភាព។
ប៉ូលិសនិយាយថា ជនសង្ស័យបានសម្រុកចូលភោជនីយដ្ឋាន នៅផ្លូវលេខ១២៧ កាលពីល្ងាចថ្ងៃទី៤ ខែមីនា ដោយពួកវាបានវាយកម្ទេចតុ ចានអាហារ និងបង្អួចរងការខូចខាតយ៉ាងធំ។ ប៉ុន្តែ បាននិយាយថា ពួកគេមិនទាន់មានការចាប់ខ្លួនក្រុមចោរវ័យក្មេងទាំងនោះ ដើម្បីមកទទួលខុសត្រូវចំពោះការវាយប្រហារនេះនៅឡើយទេ៕ រក្សាសិទ្ធិដោយ៖ លឹម ហុង






This video is going viral on WeChat. Fish Village, a restaurant in College Point, Qns was ransacked by a gang of masked kids in hoodies.
— Yiatin Chu (@ycinnewyork) March 7, 2023
We’ve fallen so low that there’s no expectation of consequences for this horrific attack on private property. pic.twitter.com/DQdnHPR5r8