Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឯកឧត្ដមរដ្ឋមន្ត្រី ថោង ខុន ចាត់ទុកព្រឹត្តិការណ៍ទេសចរណ៍នានាជួយផ្សពផ្សាយផលិតផលកសិកម្ម បរិស្ថាន និងវប្បធម៌ទៅដល់ទេសចរផ្ទាល់

spot_img

កំពង់ធំ ៖ ការរៀបចំឱ្យមានពិធីបុណ្យទន្ល បុណ្យសមុទ្រ ពិព័រណ៍ទេសចរណ៍ ក៏ដូចជាព្រឹត្តិការណ៍ទេសចរណ៍នានា ត្រូវបានចាត់ទុកថាបានរួមចំណែកជួយផ្សព្វផ្សាយពីផលិតផលកសិកម្ម ផ្សព្វផ្សាយពីវិស័យវប្បធម៌ និងគោលដៅទេសចរណ៍បេតិកភណ្ឌ ក៏ដូចជាជួយអប់រំណែនាំពីវិស័យបរិស្ថានជាដើម។

តាមរយៈពិធីបុណ្យទន្លេលើកទី៧ នៅខេត្តកំពង់ធំ ឯកឧត្ដម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានកត់សម្គាល់ពីសកម្មភាពចូលរួមទស្សនារបស់ប្រជាពលរដ្ឋយ៉ាងកុះករ សកម្មភាពទិញលក់ផលិតផលក្នុងស្រុកនៅស្ដង់ពិព័រណ៍ក៏មមាញឹក អមដោយការសម្ដែងសិល្បៈ របាំ ចម្រៀង តន្ត្រីសម័យ ការប្រកួតនិងលេងកីឡា ព្រមជាមួយទស្សនីយភាពជាច្រើនទៀតសម្រាប់ផ្ដល់ជូនប្រជាពលរដ្ឋ និងភ្ញៀវទេសចរដែលមកលេងកម្សាន្តនាឱកាសពិធីបុណ្យនេះ។

ក្នុងកម្មវិធីបិទពិធីបុណ្យទន្លេលើកទី៧ រាត្រីថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៣ ឯកឧត្ដមរដ្ឋមន្ត្រី ថោង ខុន បានបញ្ជាក់ថា ទេសចរណ៍គឺជាការនាំចេញនៅនឹងកន្លែង ពីព្រោះកាលណាមានការរៀបចំព្រឹត្តិការណ៍ទេសចរណ៍នានា គឺមានការចូលរួមផ្សព្វផ្សាយពីសឹងគ្រប់វិស័យ ដូចជា វិស័យកសិកម្ម សិប្បកម្ម និងសហគ្រាស, វិស័យបរិស្ថាន សហគមន៍, វិស័យវប្បធម៌ សិល្បៈ, វិស័យកីឡា ព្រមទាំងការអប់រំ ណែនាំ ផ្សព្វផ្សាយជាច្រើនទៀត។

លោកថ្លែងថា «វិស័យទេសចរណ៍ជាអ្នកលក់, វិស័យកសិកម្ម គឺជាអ្នកផលិត, វិស័យបរិស្ថាន គឺជាអ្នកផលិតផង និងការពារផង, រីឯវិស័យវប្បធម៌ គឺជាការពារផង និងផ្សព្វផ្សាយផង ដូច្នេះការផ្សព្វផ្សាយផលិតផលទាំងនោះគឺតាមរយៈព្រឹត្តិការណ៍ទេសចរណ៍នេះឯង»។

ឯកឧត្ដម ថោង ខុន បានបន្តថា ការអភិវឌ្ឍវិស័យទេសចរណ៍ ក៏ដូចជាការរៀបចំឱ្យមានព្រឹត្តិការណ៍ទេសចរណ៍នានា គឺខិតខំប្រឹងប្រែងជួយដល់ការអភិវឌ្ឍកសិកម្ម វិស័យបរិស្ថាន វិស័យវប្បធម៌។ លោកថា សម្ដេចតេជោនាយករដ្ឋមន្ត្រីតែងមានប្រសាសន៍រាល់ពេលថា ទេសចរណ៍គឺជាការនាំចេញនៅនឹងកន្លែង ផលិតផលទាំងអស់គឺយកមកដាក់តាំងលក់ក្នុងពិព័រណ៍ផលិតផលក្នុងស្រុក ដើម្បីឱ្យប្រជាជនទិញប្រើប្រាស់បាន។

ឯកឧត្ដមបានបន្តថា វិស័យវប្បធម៌ គឺពង្រឹងការគ្រប់គ្រងតំបន់បេតិកភណ្ឌ សហគមន៍របស់ប្រជាពលរដ្ឋ របស់របរប្រើប្រាស់ជាប្រពៃណី ពង្រឹងសមត្ថភាពការសម្ដែងរបស់ក្រុមសិល្បៈ ដើម្បីបង្ហាញដល់ភ្ញៀវទេសចរជាតិ-អន្តរជាតិតាមរយៈព្រឹត្តិការណ៍ទេសចរណ៍។

ឯកឧត្ដមរដ្ឋមន្ត្រី ថោង ខុន បានបន្ថែមដែរថា ប្រទេសកម្ពុជាមានសក្ដានុពលវប្បធម៌យ៉ាងច្រើន ទាំងវប្បធម៌រូបី-អរូបី ប្រវត្តិសាស្ត្រ បេតិកភណ្ឌ និងភាពសម្បូរបែបផ្សេងទៀតនៃវិស័យវប្បធម៌ខ្មែរ។ កម្ពុជាគឺមានបណ្ដាញទេសចរណ៍បេតិកភណ្ឌពិភពលោកនៅជាប់ៗគ្នា ដែលមិនមានប្រទេសណាងាយមានដូចនោះទេ។

ឯកឧត្ដមបន្តទៀតថា វិស័យបរិស្ថានក៏ដូច្នេះដែរ កាលណាមានការរៀបចំព្រឹត្តិការណ៍ទេសចរណ៍នានា គឺជាឱកាសសម្រាប់ផ្សព្វផ្សាយផលិតផលរបស់សហគមន៍ព្រៃឈើ សហគមន៍អេកូទេសចរណ៍ និងសហគមន៍ផ្សេងទៀតដែលនៅក្រោមការគ្រប់គ្រងរបស់ក្រសួងបរិស្ថាន និងអង្គការនានា។ ព្រឹត្តិការណ៍ទេសចរណ៍ក៏ជាឱកាសសម្រាប់អប់រំ ណែនាំ ផ្សព្វផ្សាយដល់ប្រជាពលរដ្ឋ យុវជន និស្សិត សិស្សានុសិស្សឱ្យចូលរួមថែរក្សាការពារព្រៃឈើ បរិស្ថាន អនាម័យ ភាពបៃតង ការទុកដាក់សំរាមនិងកាកសំណល់ ពីព្រោះភាពស្អាតជាភាពទាក់ទាញមួយ។

ចំពោះរដ្ឋបាលខេត្តម្ចាស់ផ្ទះនៃការរៀបចំព្រឹត្តិការណ៍នីមួយៗក៏ខិតខំអភិវឌ្ឍហេដ្ឋារចនាសម្ពន្ធ តុបតែងរៀបចំសោភ័ណភាព និងអប់រំផ្សព្វផ្សាយជូនប្រជាពលរដ្ឋយ៉ាងសកម្មផងដែរ។ នេះបើតាមការបន្ថែមរបស់ឯកឧត្ដមរដ្ឋមន្ត្រីទេសចរណ៍។

គួរជម្រាបថា នាឱកាសរៀបចំពិធីបុណ្យទន្លេលើកទី៧ នៅខេត្តកំពង់ធំ ចាប់ពីថ្ងៃទី៨-១០ ខែមីនា ឆ្នាំ២០២៣ គឺមានផលិតផលខ្មែរជាង៥០០មុខ ត្រូវបាននាំមកបង្ហាញ ផ្សព្វផ្សាយ និងដាក់លក់នៅតាមស្ដង់ពិព័រណ៍ដែលផលិតបានក្នុងស្រុក និងដោយស្នាដៃកូនខ្មែរសុទ្ធសាធ។ ឯកឧត្ដមរដ្ឋមន្ត្រី ថោង ខុន និងលោក ងួន រតនៈ អភិបាលខេត្តកំពង់ធំ ព្រមទាំងគណៈកម្មាធិការជាតិជំរុញចលនាភូមិមួយផលិតផលមួយក៏បានកត់សម្គាល់ដែរថា ប្រជាពលរដ្ឋមានការចាប់អារម្មណ៍ច្រើននឹងផលិតផលក្នុងស្រុកយ៉ាងខ្លាំងដែរ ដោយពួកគាត់កាន់តែស្គាល់ពីឈ្មោះផលិតផល ដឹងពីគុណភាពប្រើប្រាស់ រួមជាមួយតម្លៃសមរម្យ សន្សំសំចៃជាងការទិញទំនិញនាំចូលទៀតផង៕ រក្សាសិទ្ធិដោយ ៖ សុទ្ធលី

spot_img
×