ព្រះសីហនុ៖ ប្រតិភូយុវជន នៃកម្មវិធីនាវាយុវជនអាស៊ីអាគ្នយ៍ និងជប៉ុន ដែលមានយុវជនមកពី ១១ប្រទេសចូលរួម បានបញ្ចប់ដំណើរទស្សនៈកិច្ចរយៈពេល ៤ថ្ងៃ នៅកម្ពុជា ចាប់ពីថ្ងៃទី១០ ដល់ថ្ងៃទី១៣ ខែវិច្ឆិកាជាស្ថាពរ និងបានចាកចេញពីកំពង់ផែអន្តរជាតិ ក្រុងព្រះសីហនុ កាលពីរសៀលថ្ងៃចន្ទ ទី១៣ ខែវិច្ឆិកា ដោយភាពរីករាយ។
លោក ហ៊ុន ម៉ានី តំណាងរាស្ត្រមណ្ឌលកំពង់ស្ពឺ និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពជា និងលោក យន្ត មីន អភិបាលខេត្តព្រះសីហនុ ព្រមទាំងថ្នាក់ដឹកនាំស្ថាប័នពាក់ព័ន្ធដទៃទៀត បានជូនដំណើរ ក្រុមប្រតិភូយុវជនអាស៊ាន កាលពីរសៀលថ្ងៃចន្ទ ទី១៣ ខែវិច្ឆិកា នាកំពង់ផែអន្តរជាតិក្រុងព្រះសីហនុ។
ប្រតិភូនាវាយុវជនអាស៊ីអាគ្នេយ៍ និងប្រទេសជប៉ុន(SSEAYP) លើកទី៤៤ មកពី១១ប្រទេស ដែលទើបបញ្ចប់ទស្សនៈកិច្ច ៤ថ្ងៃនៅកម្ពុជា រួមមាន៖ ព្រះរាជាណាចក្រកម្ពុជា- ព្រះរាជាណាចក្រថៃ- ឡាវ- ឥណ្ឌូណេស៊ី-ម៉ាឡេស៊ី- ប្រ៊ុយណេ- ដារូសាឡឹម- មីយ៉ានម៉ា ឬភូមា- ហ្វីលីពីន- សឹង្ហបូរី ឬសាំងហ្គាពួរ- វៀតណាម និងប្រទេសជប៉ុន។
ក្រោយបញ្ចប់ទស្សនៈនៅកម្ពុជា នាវា NIPPoN MARU បានចាកចេញពីកំពង់ផែអន្តរជាតិក្រុងព្រះសីហនុ ឆ្ពោះទៅកាន់ព្រះរាជាណាចក្រថៃ កាលពីរសៀលថ្ងៃទី១៣ ខែវិច្ឆិកា។
នាឱកាសជូនដំណើរ ប្រតិភូនាវាយុវជន អាស៊ីអាគ្នេយ៍ និងជប៉ុន លើកទី៤៤ លោក ហ៊ុន ម៉ានី សមាជិករដ្ឋសភា និង ជាប្រធានសហភាពសហព័ន្ធយុវជនកម្ពជា មានប្រសាសន៍ថា ដំណើរទស្សនៈកិច្ចនេះ បង្ហាញពីសក្ខីភាព រិតចំណងសាមគ្គីភាព មិត្តភាព និងកិច្ចសហប្រតិបត្តិការ របស់ប្រទេសទាំង១១ តាមរយៈការផ្លាស់ប្ដូរ នូវបទពិសោធន៍ ប្រពៃណី ទំនៀមទំលាប់ វប្បធ័ម ចំណេះដឹងទូទៅ និងពិភាក្សាគ្នាទៅលើបញ្ហាផ្សេងៗ ដើម្បីចែករំលែកបទពិសោធន៍ និងចំណេះដឹងឲ្យគ្នាទៅវិញទៅមកបានទូលំទូលាយ៕ ដោយ៖ ដែន សីមា