វីដេអូថ្មីមួយដែលកំពុងរីករាលដាលនៅលើបណ្តាញសង្គម បង្ហាញទិដ្ឋភាពសិស្សស្រីម្នាក់ ត្រូវបានគ្រូដាក់ទណ្ឌកម្មឲ្យឈររហូត ៤-៥ ម៉ោង បានបង្កឲ្យមានការវែកញែកចម្រូងចម្រាស់ ក្នុងនោះមានមតិភាគច្រើនមិនពេញចិត្តចំពោះទង្វើរបៀបនេះរបស់គ្រូឡើយ។
បើតាមប្រភពវីដេអូចែករំលែក បានឲ្យដឹងថា កាលពីថ្ងៃទី៩ ខែមិនា ឆ្នាំ២០២៣ គ្រូនៅសាលាបឋមសិក្សាភ្នំដំបង ក្នុងសង្កាត់អូរតាវ៉ៅ ក្រុងបៃលិន ខេត្តបៃលិន បានដាក់ទណ្ឌកម្មសិស្សស្រីម្នាក់ ឲ្យឈរចាប់តាំងពីម៉ោង ៧ ព្រឹក រហូតដល់ម៉ោង ១១ ថ្ងៃត្រង់ ដោយចោទប្រកាន់សិស្សស្រីនោះឡូឡានៅក្នុងថ្នាក់រៀន។
អ្នកបង្ហោះវីដេអូក៏បានបញ្ជាក់ឲ្យដឹងថា លើសពីនេះ គ្រូក៏បានគំរាមលុបឈ្មោះមិនឲ្យរៀនរហូត នៅពេលសិស្សស្រីរូបនោះ ប្រកែកថាមិនបានជជែកឡូឡា និងមិនព្រមឈរ។
ក្រោយពីបានឃើញ និងលឺមូលហេតុបែបនេះ មហាជនពិតមិនអាចទទួលយកបានឡើយ។ ក្នុងនោះ មានមតិជាច្រើនបានលើកឡើងយ៉ាងដូច្នេះថា៖ «លោកគ្រូគ្មានសិទ្ធធ្វើទារុណកម្មទេ មានសិទ្ធត្រឹមអប់រំណែនាំប៉ុណ្ណោះ, បើពិន័យត្រឹម 15នាទី ល្មម តែបើឲ្យគ្នាឈរច្រើនម៉ោងបែបនេះជ្រុលពេកហើយ, ឈរយូរបែបនេះ បើសិនក្មេងមានបញ្ហាសុខភាពដូចជាខ្សោយបេះដូង អាចដួលសន្លប់ នេះជា child abuse ។ នៅអាមេរិក បើតាមខ្ញុំដឹង សិស្សមានកំហុសប៉ុណ្ណឹង គ្រូអោយទៅអង្គុយកន្លែងនៅបន្ទប់ដាច់ពីគេ ឬក្នុង principal office ប្រហែលមូយម៉ោងទៅបីបួនម៉ោង ហើយធ្វើ class work»។
តែទន្ទឹមនឹងនោះ ក៏មានអ្នកលេងមួយចំនួន បានលើកយកការដាក់ទណ្ឌកម្មរបស់គ្រូសម័យមុន មកប្រាប់ឲ្យដឹងថា «ប៉ុណ្ណឹងនៅស្ទើរណាស់ កាលជំនាន់ខ្ញុំ លើសហ្នឹង១០ដង គ្រូឲ្យលុតជង្គង់និងសំបកខ្នុរផងមិចទៅ,…»។
ទោះជាយ៉ាងណា គេក៏សំណូមពរដល់មន្ទីរអប់រំខេត្ត សូមជួយពិនិត្យលើករណីនេះផង ព្រោះថាការដាក់ទារុណកម្មធ្ងន់ធ្ងរបែបនេះ វាធ្វើឲ្យប៉ះពាល់សិទ្ធិទទួលបានការអប់រំយ៉ាងខ្លាំង។ ពិតមែនហើយ ការដាក់វិនយ័ គឺការត្រឹមត្រូវ ក៏ប៉ុន្តែបើជ្រុលពេក គឺជាការមិនសមប្រពៃឡើយ!៕ រក្សាសិទ្ធិដោយ៖ លឹម ហុង



