Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អ្នកនាំពាក្យក្រសួងការងារ បង្ហាញថា មានក្រុមជនឆបោកជាច្រើន ប្រឌិតសាច់រឿងជាអន្ទាក់ ឆបោកកម្មករ-ពលករកម្ពុជានៅក្រៅប្រទេស សូមប្រយ័ត្ន !

spot_img

ភ្នំពេញ ៖ លោក ហេង សួរ រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅថ្ងៃអាទិត្យ ទី១២ ខែមីនា ឆ្នាំ២០២៣ បានអំពាវនាវដល់ប្រជាពលរដ្ឋខ្មែរនៅប្រទេសកូរ៉េខាងត្បូង ថៃ និងជប៉ុន ឱ្យមានការប្រុងប្រយ័ត្នចំពោះការឆបោកពីបុគ្គលមួយចំនួន ដែលតាំងខ្លួនជាសមាគមនេះ សមាគមនោះ ឬស្និទ្ធនឹងមន្ត្រីរាជរដ្ឋាភិបាល ជាដើម… ប្រឌិតរឿងរ៉ាវឆបោកយកលុយពីបងប្អូនដែលកំពុងបំពេញការងារនៅក្រៅប្រទេស។

ក្រុមជនឆបោកទាំងនោះ ភាគច្រើនធ្វើខ្លួនជាបុគ្គលស៊ីវិល័យ ហ៉ឺហា ហើយប្រាប់ពលរដ្ឋខ្មែរនៅប្រទេសកូរ៉េ ថៃ និងជប៉ុន នូវសាច់រឿងផ្សេងៗ ដូចជា ÷

១- ក្រុមគេកំពុងរៀបចំពុះដីឡូតិ៍នៅកន្លែងត្រូវប៉ាន់មួយកន្លែង ប៉ុន្តែពេលបងប្អូនសួររកឯកសារ និងផ្លូវច្បាប់ គឺអត់មានអ្វីទាំងអស់, គេឆ្លើយដោះសារថា គេកំពុងរត់ការ ប្រសិនជាបងប្អូនរង់ចាំដល់ពេលឯកសារចេញជាផ្លូវការ គឺបែកព័ត៌មានជាសាធារណៈអស់ហើយ ហើយពេលនោះលែងចំណេញហើយ។ ដូច្នេះត្រូវតែចូលហ៊ុន ឬប្រមូលលុយជាសំងាត់សិន។ រឿងនេះ ប្រសិនជាបងប្អូនទិញដីឡូត៍តាមគម្រោងគេ ឬចូលហ៊ុនជាមួយគេ គឺដូចបងប្អូនឲ្យលុយគេចាយលែងអ៊ីចឹង ព្រោះថា ធាតុពិតគេរកស៊ីខ្យល់សោះ។ វាមានហានិភ័យខ្ពស់ណាស់ សូមបងប្អូនប្រយ័ត្ន។

២- ក្រុមគេកំពុងបង្កើតមុខរបរថ្មីមួយ ដែលមានអ្នកនេះ អ្នកនោះនៅពីក្រោយ បង្កើតហើយ ដឹងតែចំនេញច្រើនហ្មង។ ពេលយើងសួររកឯកសារ គេថតស្រ្គីន នូវរូបភាពដែលគេកំពុងចុះបញ្ជីជាមួយក្រសួងពាណិជ្ជកម្មខ្មែរ មានពេលខ្លះក៏មានឯកសារកំពុងចុះបញ្ជីនៅប្រទេសកូរ៉េឲ្យបងប្អូនមើលដែរ។ ពេលបងប្អូនសួរគេម្តងទៀត គេបង្ហាញរូបភាពថា បានចុះបញ្ជីជាមួយខាងនេះ ខាងនោះជិតរួចហើយ។ ប្រសិនជាបងប្អូនសួរនាំបន្តទៀត គេថា ចុះបញ្ជីរួចហើយ ប៉ុន្តែកំពុងតែសុំសិទ្ធិផ្តាច់មុខ។ល។ ក្រុមគេថតស្គ្រីនឱ្យបងប្អូនមើល គេចំណាយថវិកាអស់តែបន្តិចបន្តួចប៉ុណ្ណោះ ប៉ុន្តែគេយករូបភាពទាំងអស់នោះ ទៅប្រមូលលុយសន្សំពីបងប្អូនបានរាប់សិបម៉ឺនដុល្លារ, ហើយមានករណីខ្លះ គឺបានដល់រាប់លានដុល្លារ បន្ទាប់មកពួកគេរត់បាត់។

៣- ក្រុមគេថា មានទំនិញ ឬផលិតផលល្អ កំពុងលក់ដាច់ខ្លាំងណាស់ គេត្រូវការដើមទុនបន្ថែមដើម្បីពង្រីកទីផ្សារ។ គេថា គេស្គាល់យើង អានិតយើង ទើបបបួលយើងឲ្យចូលវិនិយោគជាមួយគ្នា ដូចជាឱ្យយើងធ្វើជាភ្នាក់ងារចែកចាយរបស់គេ ប៉ុន្តែយើងត្រូវតម្កល់លុយ និងកាត់ស្តុកច្រើនៗ។ល។ តាមពិត នេះជាទម្រង់ Marketing Networking ដែលអ្នកចុងដៃ គឺដឹងតែវេទនាហើយ។

៤- ក្រុមគេថា គេចងការលុយហើយឱ្យការប្រាក់ខ្ពស់ជាងទីផ្សារ, ប្រសិនជាបងប្អូនមានសល់ប្រាក់សន្សំ គឺសុំដាក់នៅគេទៅ ហើយគេលើកទឹកចិត្តបងប្អូនឱ្យទៅខ្ចីមិត្តភក្តិបន្ត ដើម្បីយកលុយមកចងការជាមួយគេ ដើម្បីបានស៊ីក្បាលកាក់។ នៅពេលដែលបងប្អូនប្រមូលបានច្រើនរាប់សិបម៉ឺន គឺគេអាចរត់បាត់ រីឯអ្នកវេទនា និងត្រូវប្រឈមជាមួយមិត្តភក្តិប្តឹង គឺបងប្អូននេះឯង។

ការប្រឌិតសាច់រឿងឆបោករបស់ក្រុមជនឆក់បោក អាចនៅមានរូបភាពជាច្រើនទៀត ដូចជា ការប្រមូលតុងទីន។ល។ និង។ល។ យើងដឹងមិនអស់ទេ ដូច្នេះ ការសរសេរនេះ គ្រាន់តែជាការរំឮកដើម្បីឱ្យបងប្អូនមានការប្រុងប្រយ័ត្នចៀសវាងចាញ់បោកជនខិលខូចតែប៉ុណ្ណោះ៕ រក្សាសិទ្ធិដោយ ៖ ពិសិដ្ឋ CEN

spot_img
×