Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ខ្ញុំចង់ទៅនៅក្នុងគុក!! បុរសម្នាក់ប្លន់ធនាគារ យកតែ ១ដុល្លារគត់ និងប្រាប់បុគ្គលិកធនាគារឱ្យហៅប៉ូលិសមកចាប់ខ្លួនគេទៀតផង

spot_img

បើលោកអ្នកគិតថា គ្មានអ្នកណាម្នាក់ចង់ចូលទៅដេកក្នុងគុកនោះ លោកអ្នកអាចនឹងគិតខុសហើយ ព្រោះមានមនុស្សចំនួនមិនតិចទេ ដែលត្រូវការចង់ចូលទៅនៅក្នុងគុកដោយមូលហេតុផ្សេងៗពីគ្នា ដូចគ្នានឹងរឿងរ៉ាវរបស់បុរសម្នាក់នេះដែរ…

ដូណាល់ សាន-តា-ខ្រូ-ហ្សេ បុរសវ័យ ៦៣ឆ្នាំ មកពីរដ្ឋយូថា បានសម្រេចចិត្តប្លន់ធនាគារ Wells Fargo Bank ក្នុងទីក្រុង សាល-លេក-ស៊ី-ធី ដោយការហុចក្រដាសសរសេរ ១សន្លឹកទៅឱ្យបុគ្គលិកធនាគារ។ ក្នុងក្រដាស ១សន្លឹកនោះសរសេរថា “សូមមេត្តាអត់ទោសឱ្យខ្ញុំផងដែលធ្វើបែបនេះ តែនេះគឺជាការប្លន់! សូមមេត្តាឱ្យលុយមកខ្ញុំ ១ដុល្លារ អរគុណ!”

បុគ្គលិកធនាគារគិតថា នេះគឺជារឿងកំប្លែងលេង តែពួកគេបានធ្វើតាមសំណូមពររបស់ដូណាល់ដោយមិនស្ទាក់ស្ទើរឡើយ និងរីករាយក្នុងការអនុញ្ញាតឱ្យគាត់ចាកចេញទៅវិញជាមួយលុយ ១ដុល្លារនោះតាមសម្រួលទៀតផង។

តែរឿងរ៉ាងវាមិនមែនចប់ត្រឹមប៉ុនហ្នឹងទេ ព្រោះដូណាល់ខ្លួនឯងជាអ្នកប្រាប់ទៅបុគ្គលិកទាំងនោះទៀតថា គាត់បានប្លន់លុយធនាគារ ហើយសូមឱ្យពួកគេទូរស័ព្ទហៅប៉ូលិស។ បន្ទាប់ពីនោះ គាត់ក៏អង្គុយនៅកន្លែងទទួលភ្ញៀវ រង់ចាំឱ្យប៉ូលិសមកចាប់ខ្លួនគាត់។

ក្នុងអំឡុងពេលរង់ចាំប៉ូលិស អ្នកគ្រប់គ្រងធនាគារបានសម្រេចចិត្តនាំបុគ្គលិក ចូលទៅពួននៅក្នុងបន្ទប់ធ្វើការដើម្បីសុវត្ថិភាព និងចាក់សោទ្វារទៀតផង។ ចំណែកចោវ័យចំណាស់ ក៏អង្គុយរអ៊ូថា ហេតុអីបានប៉ូលិសក្រមកចាប់ខ្លួនគាត់ម្ល៉េះ?

ពេលនោះដូណាល់ បានស្រែកប្រកាសប្រាប់ទៅបុគ្គលិកធនាគារទាំងអស់ថា ពួកគេសំណាងល្អហើយដែលខ្លួនគាត់គ្មានកាំភ្លើង…តែបន្ទាប់ពីនោះមុនយូរប៉ុន្មាន ប៉ូលិសក៏មកដល់ និងចាប់ឃាត់ខ្លួនបុរសវ័យ ៦៣ឆ្នាំរូបនោះ ដោយមិនបានដឹងថា នេះគឺជាផែនការ ដែលគាត់ត្រូវការឡើយ ព្រោះគាត់ត្រូវការឱ្យប៉ូលិសចាប់ខ្លួន ដើម្បីឱ្យគាត់បានចំណាយពេលចុងក្រោយនៃជីវិតចូលទៅរស់នៅក្នុងពន្ធនាគាររបស់រដ្ឋ។ គាត់ថែមទាំងបានប្រាប់ទៅប៉ូលិសទៀតថា បើសិនគាត់ត្រូវដោះលែងចេញមកពេលណា គាតនឹងទៅប្លន់ធនាគារផ្សេងទៀត និងយកលុយឱ្យច្រើនជាងហ្នឹងទៀត ដើម្បីឱ្យបានត្រឡប់ទៅរស់នៅក្នុងគុកម្ដងទៀត (អូហូ! មានចឹងដែរហ្ន៎?!)។

ចំណែកអាជ្ញាធរបានរាយការណ៍ថា ការពិត គាត់ទើបតែត្រូវចាប់ខ្លួនកាលពីសប្ដាហ៍កន្លងទៅ ពីបទបើកបររថយន្តដោយធ្វេសប្រហែស និងត្រូវបានដកហូតបណ្ណបើកបរទៀតផង។ មើលទៅវាហាក់ដូចជាថា គោលបំណងរបស់គាត់ គឺធ្វើម៉េចឱ្យមានការបញ្ជូនខ្លួនគាត់ទៅនៅក្នុងគុកឱ្យបាន ដោយមកទល់ពេលនេះ អាជ្ញាធរមិនទាន់បានដឹងពីមូលហេតុពិតប្រាកដរបស់គាត់នៅឡើយថា តើបណ្ដាលមកពីហេតុអ្វី?៕

spot_img
×