មនុស្សមួយហ្វូងធំ បានបញ្ចេញកំហឹង និងសម្រេចកាត់ទោសដោយផ្ទាល់ដៃរបស់ពួកគេភ្លាមៗ ដោយចាប់សម្រាតខោអាវមន្ត្រីប៉ូលីសម្នាក់ និងវាយដុំគាត់យ៉ាងសាហាវ នៅជាប់នឹងសាកសពស្ត្រីម្នាក់ដែលគាត់បានបាញ់សម្លាប់ ។
ហេតុការណ៍នេះបានកើតឡើងនៅ Anambra, ប្រទេសនីហ្សេរីយ៉ា ។ តាមរយៈរូបភាពបានបង្ហាញឲ្យឃើញមន្ត្រីម្នាក់អង្គុយនៅលើដី ក្នុងស្ថានភាពខ្លួនប្រាណននលគក និងឈាមហូរស្រោចក្បាលតែម្តង ។
ប៉ូលីសរូបនោះត្រូវបានឃើញអង្គុយជាប់នឹងសពស្ត្រីម្នាក់ ដែលគាត់បានបាញ់រហូតស្លាប់ បន្ទាប់ពីកើតមានជម្លោះជាមួយនាង ។
យោងតាមសាក្សីជាច្រើន មន្ត្រីរូបនោះធ្វើការជាសន្តិសុខប្តូរវេន នៅធនាគារមួយ បានកើតមានជម្លោះជាមួយស្ត្រីរងគ្រោះ ដែលបានបើករថយន្តដឹកប្រេងមួយ ។ នៅពេលការឈ្លោះប្រកែកគ្នាកាន់តែខ្លាំងឡើង ប៉ូលីសរូបនេះក៏បានដកកាំភ្លើង និងបាញ់សម្លាប់នាងភ្លាមៗតែម្តង ។
ភ្លាមៗនោះ មនុស្សមួយក្រុមធំ ក៏បានលើកគ្នាវាយប្រហារមន្ត្រីនេះ ។ ពួកគេបានចាប់សម្រាតខោអាវ និងរុញគាត់ទៅនឹងដី ជាប់នឹងសាកសពស្ត្រីរងគ្រោះ ។ ពួកគេបន្ទាប់មក ក៏បានវាយដុំច្រឡំធាក់គាត់យ៉ាងសាហាវ ។
នៅពេលដែលក្រុមការងាររបស់មន្ត្រីរូបនេះ បានមកដល់ ពួកគេក៏គ្រប់គ្រងបំបែកហ្វូងមនុស្សបញ្ចេញកំហឹង និងជួយសង្គ្រោះគាត់ ។
ទោះយ៉ាងណា មន្ត្រីរូបនេះត្រូវបានចាប់ខ្លួន ពីបទចោទប្រកាន់សម្លាប់ស្ត្រីម្នាក់ ។ ប៉ូលីសក៏បានកោះហៅមនុស្សជាច្រើនផងដែរ ដែលជាប់ពាក់ព័ន្ធនឹងករណីប្រើអំពើហិង្សាប្រឆាំងនឹងមន្ត្រីរូបនេះ ។ ហើយរហូតមកទល់ពេលនេះ មនុស្ស ១៨ នាក់ ត្រូវបានចោទប្រកាន់ពីបទប្រើអំពើហិង្សា ៕ ឧត្តម