Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

គូម៉ា ពន្យល់ និងឆ្លើយតបចំពោះការរិះគន់ រឿងមិនជួយអ្នកកាន់កាមេរ៉ា ដែលធ្លាក់ពីលើឆាក

spot_img

ភ្នំពេញ ៖ តារាចម្រៀងលោក គូម៉ា បានចេញមុខពន្យល់ហេតុការណ៍ និងបកស្រាយមតិរិះគន់មកលើរូបលោក ដែលមិនបានអើពើជួយរូបអ្នកកាន់កាមេរ៉ា ថតការប្រគំតន្ត្រីមួយដែលធ្លាក់ពីលើឆាក ខណៈពេលកំពុងថតការឡើងបកស្រាយបទចម្រៀងពីតារាចម្រៀង។

តារាចម្រៀងក្នុងផលិតកម្មថោនលោក គូម៉ា ក៏បានចេញមុខធ្វើការឆ្លើយតបវិញភ្លាមៗ ដោយនៅក្នុងនោះលោកបានចាត់ទុកការរិះគន់នេះ គឺកើតចេញដោយសារតែការមិន ដឹងរឿងច្បាស់ក្នុងពេលដែលលោកក៏បានបង្ហាញអារម្មណ៍សប្បាយចិត្ត ចំពោះការរិះគន់មួយនេះ ព្រោះវាកើតចេញពីការអាណិតស្រឡាញ់ពីមហាជន។
តាមរយៈវីដេអូដែលបានបង្ហោះនៅលើបណ្តាញសង្គម TiKToK តារាចម្រៀងលោក គូម៉ា បានលើកឡើងថា វីអូដែលមហាជនបានឃើញនេះ គឺជាវីដេអូដែលលោកបានទៅសម្តែងនៅក្នុងខេត្តបាត់ដំបង កាលពីពេលថ្មីៗនេះ។

លោកបញ្ជាក់ថា តាមរយៈរូបភាពវីដអូនេះ ក៏មានឃើញមតិលើកឡើងខុសៗគ្នា ដោយនៅក្នុងនោះ ក៏មានមតិរិះគន់មកលើរូបលោកថា ហេតុអ្វីមិនព្រមជួយគាត់(អ្នកកាន់កាមេរ៉ា) ហើយហេតុអ្វីបានជាលោកមិនព្រមឈប់ច្រៀងសិន និងមានមតិលើកឡើងមួយចំនួនទៀត ដែលលើកឡើងមកលើរូបលោក។
លោកបន្ថែមថា មតិទាំងអស់នោះ លោកពិតជាមានចិត្តសប្បាយរីករាយ ដោយសារមតិពួកគាត់នាពេលនេះ គឺបង្កប់ដោយក្តីស្រឡាញ់ និងបង្កប់នូវភាពចង់ជួយនៅពេលឃើញសកម្មភាពក្រុមការងារធ្លាក់ក្នុងស្ថានភាពបែបនេះ។
យ៉ាងណាបើតាមលោក គូម៉ា រឿងហេតុនេះ គឺបងប្អូនខ្លះពួកគាត់មិនទាន់ដឹងរឿងច្បាស់ ដែលបានកើតឡើងនាពេលយប់នោះ ហេតុនេះលោកក៏បានធ្វើជាវីដេអូនេះ ដើម្បីបកស្រាយរឿងហេតុខាងលើឲ្យបងប្អូនបានយល់ច្បាស់។

តារាចម្រៀងលោក គូម៉ា បានលើកឡើងថា ការពិតរូបលោកក៏មិនខុសពីបងប្អូនទាំអស់គ្នាដែរ នៅពេលដែលឃើញក្រុមការងារអ្នកកាន់កាមេរ៉ា ធ្លាក់ពីលើឆាកភ្លាម គឺអារម្មណ៍របស់លោកមានភាពច្របូកច្របល់យ៉ាងខ្លាំង។ ប៉ុន្តែនៅពេលដែលគាត់ធ្លាក់ពីលើឆាកភ្លាម ក៏មានក្រុមការងារ៤ទៅ៥នាក់ បានស្ទុះមកជួយគាត់ ហើយការប្រគំតន្រ្តីនាយប់នោះ គឺជាការប្រគំតន្ត្រីដែលមានការ Live ផ្ទាល់ អញ្ចឹងក្រុមការងារក៏គាត់បានឲ្យសញ្ញាមកលោក ឲ្យបន្តការសម្តែងទៀត ទាំងអារម្មណ៍លោកនៅតែមានភាពច្របូកច្របល់ គិតដល់រឿងហេតុកើតឡើងនេះ។
លោកបន្ថែមថា រហូតពេលលោកសម្តែងចប់ លោកក៏បានសំដៅទៅរកស្តង់ដែលក្រុមការងារកំពុងសម្រាក ហើយលោកក៏បានឃើញក្រុមការងារជាច្រើននាក់ កំពុងយកចិត្តទុកដាក់ និងសួរនាំពីស្ថានភាពគាត់នាពេលនោះ។ ដោយសារស្ថានភាពគាត់ នៅមានការឈឺចង្កេះនោះ ក្រុមការងារក៏បញ្ជូនគាត់មកសម្រាកនៅក្រោយឆាក ហើយអំឡុងពេលនោះ លោកក៏បានផ្លាស់សម្លៀកបំពាក់ ហើយដើរទៅសួរគាត់ដោយផ្ទាល់មាត់ម្តងទៀត នៅទីកន្លែងដែលគាត់កំពុងសម្រាក។

លោកបញ្ជាក់ថា អំឡុងពេលនោះលោកក៏បាននិយាយលើកទឹកចិត្តគាត់ ហើយលោកក៏បានផ្តល់ជាថវិកាខ្លះសម្រាប់គាត់ផងដែរ ខណៈពេលក្រោយហេតុការណ៍បានកើតឡើង គឺមិនមែនតែលោកឡើយ ពោលគឺក្រុមការងារទាំងអស់ មានការយកចិត្តទុកដាក់គាត់យ៉ាងខ្លាំង។
លោក គូម៉ា បន្ថែមថា រហូតពេលលោកមកដល់ភ្នំពេញ ហើយនោះលោកក៏នៅចង់ដឹងពីស្ថានភាពរបស់គាត់ដដែល ហើយក្រុមការងារក៏បានយកគាត់មកពិនិត្យ និងថតដើម្បីបញ្ជាក់ឲ្យច្បាស់ថា គាត់មានការប៉ះពាល់ក្បាល ឬបាក់ឆ្អឹងត្រង់ណាដែរទេ ហើយ ជាដំណឹងដ៏ល្អគាត់មិនមានអ្វីប៉ះពាល់ធ្ងន់ធ្ងរឡើយ៕ រក្សាសិទ្ធិដោយ ៖ សំណាង SV

spot_img
×