តាមកាសែត SCMP បុរសម្នាក់បានត្រូវចាប់ខ្លួន ក្រោមបទចោទប្រកាន់ថា បានលួចបង្កប់កាមេរ៉ាដើម្បីថតយកទិដ្ឋភាពរួមរ័ក្សក្នុងសណ្ឋាគាររបស់អតិថិជន។
ប្រព័ន្ធកាមេរ៉ា ត្រូវបានលាក់កំបាំងជិតក្នុងបន្ទប់សណ្ឋាគារ ដើម្បីថតយករូបភាពឯកជនទាំងឡាយ រួចលក់លើបណ្តាញអនឡាញ ។
ហេតុការណ៍បានបែកធ្លាយ គ្រាដែលគូស្នេហ៍ពីរនាក់ត្រៀមរៀបការបានមកស្នាក់នៅសណ្ឋាគារនេះ កាលពីខែមេសាកន្លងមក ហើយក៏បានរកឃើញកាមេរ៉ានេះ ។
តាមនោះគូស្នេហ៍ពីររូបនេះ ធ្លាប់បានគេប្រាប់ពីករណីលួចបង្កប់កាមេរ៉ានៅសណ្ឋាគារ ហេតុនេះពួកគេនាំគ្នាត្រួតពិនិត្យយ៉ាងល្អិតល្អន់ ហើយក៏សំឡឹងឃើញនៅលើពិដានគ្រែដេកមានរន្ធតូចមួយ ។ បន្ទាប់ពីត្រួតពិនិត្យជាក់លាក់មក គេក៏រាយការណ៍ប្រាប់ទៅប៉ូលិស ។ ប៉ូលិសបានមកត្រួតពិនិត្យមើល ហើយឃើញថាវាជា webcam ដែលបញ្ជូនរូបភាពថតបានទៅកាន់កន្លែងមួយផ្សេង ។ ប៉ូលិសនៅបានរកឃើញកាមេរ៉ាមួយទៀតក្នុងបន្ទប់ផ្សេង ។
កាមេរ៉ាបង្កប់លើពិដានបន្ទប់ ។
សណ្ឋាគារបានបដិសេធថាខ្លួនពុំមានធ្វើបែបនេះឡើយ ប៉ូលិសក៏ប្រើបច្ចេកទេសតាមដាន ហើយរកឃើញកន្លែងជនល្មើសរស់នៅ ក្រោយការសួរចម្លើយបុរសនោះសារភាពថា ព្រោះខ្លួនជំពាក់លុយគេ ទើបខ្លួនបែកគំនិតរកលុយសងគេឲ្យបានលឿនបំផុត ។ ជនល្មើសសារភាពថា ខ្លួនរកលុយបានប្រមាណ ២០០០យាន់ (ប្រហែល ៣៥០ដុល្លារ) បច្ចុប្បន្នប៉ូលិសកំពុងកសាងសំណុំរឿងបញ្ជូនជនល្មើសទៅតុលាការ ៕ ចន្ទ្រា