ជឿថាប្រិយមិត្តជាច្រើន បានទស្សនា និងក៏ដូចសម្តែងការខឹងសម្បារមិនស្ទើរនោះទេ ក្រោយពីបានឃើញវីដេអូបុរសម្នាក់ បានថតសិស្សស្រីម្នាក់ ដោយបាននិយាយថា កាលពីថ្ងៃទី៩ ខែមីនា ឆ្នាំ២០២៣ សិស្សស្រីរូបនោះត្រូវបានគ្រូសាលាបឋមសិក្សាភ្នំដំបង ក្នុងសង្កាត់អូរតាវ៉ៅ ខេត្តបៃលិន ដាក់ទណ្ឌកម្មឲ្យឈរនៅមុខថ្នាក់រៀន ចាប់ពីម៉ោង ៧ ព្រឹក រហូតម៉ោង១១ថ្ងៃត្រង់ ដោយចោទប្រកាន់ឡូឡាបង្កការរំខាន នៅក្នុងថ្នាក់រៀន។
ទោះជាយ៉ាងណា ក្រោយករណីនេះបានផ្ទុះបង្កការរិះគន់ឡើងក្តៅគគុក នៅទីបំផុត លោកគ្រូបន្ទុកថ្នាក់ ដែលមានឈ្មោះ ទួន ប៊ុនលី បានចេញមុខបំភ្លឺ និងបានប្រាប់ឲ្យដឹងថា ជុំវិញការចោទប្រកាន់ថា បានធ្វើទារុណកម្មដ៏ធ្ងន់ធ្ងរបែបនេះ គឺមិនមែនជាការពិតនោះទេ ហើយវីដេអូដែលបង្ហាញទិដ្ឋភាពសិស្សស្រីដែលឈរនៅខាងក្រៅថ្នាក់ នៅពេលនោះ គឺមិនមែនជាអំឡុងពេលនៃការដាក់វិន័យនោះដែរ ប៉ុន្តែគ្រាន់តែជាសកម្មភាពបុរសជាឪពុក ថតបង្ហាញប៉ុណ្ណោះ។
លោកគ្រូរូបនេះ បានបកស្រាយរឿងហេតុទាំងស្រុង ឲ្យមហាជនបានដឹងថា ក្នុងអំឡុងថ្ងៃនោះ លោកបានដាក់វិន័យទៅលើកូនសិស្សទាំងប្រុសទាំងស្រី រហូតប្រមាណ ៣០ នាក់ ទាក់ទងរឿងសិស្សទាំងនោះនាំគ្នាជជែកឡូឡា ដែលបង្កការរំខានប៉ះពាល់ដល់ថ្នាក់រៀនដទៃ ខណៈរូបលោកមិននៅក្នុងថ្នាក់ ប៉ុន្តែ ត្រូវបានប្រធានថ្នាក់ដែលមានភាពច្បាស់លាស់ រាយការណ៍ ហើយរូបលោក ក៏បានហៅអ្នកដែលមានឈ្មោះ ឲ្យឡើងឈរទាំងអស់គ្នាតែម្តងទៅ។
ទោះជាយ៉ាងណា លោកក៏បានបញ្ជាក់ថា ការដាក់វិន័យឲ្យឈរនេះ គឺមិនមែនឲ្យឈរជាប់រហូត ៤ ម៉ោង ទេ គឺអាចឲ្យបត់ដៃបត់ជើង និងចេញលេងធម្មតា ប៉ុន្តែ ពេលចូលថ្នាក់រៀនវិញ គឺត្រូវឈរបន្ត។ លោកគ្រូបន្តថា ការដាក់វិន័យនេះ ក៏ក្នុងលក្ខខណ្ឌជម្រុញឲ្យសិស្សមានការខិតខំរៀនសូត្រផងដែរ គឺប្រសិនបើសិស្សរូបណាឆ្លើយសំនួរ ឬធ្វើលំហាត់បានល្អ នឹងអាចអង្គុយចុះវិញបាន ប៉ុន្តែ សម្រាប់សិស្សស្រីខាងលើ ក្នុងចំណោម១០នាក់ផ្សេងទៀត ដែលមិនអាចធ្វើបានល្អ ក៏ត្រូវបន្តឈររហូតដល់ម៉ោងចេញទៅផ្ទះ។
ប៉ុន្តែ អ្វីដែលធ្វើឲ្យគាត់មិននឹកស្មានដល់នោះ គឺនៅរសៀលថ្ងៃទី៩ ខែមីនា ឆ្នាំ២០២៣ ស្រាប់តែឪពុកបាននាំកូនស្រី មកឈរនៅមុខថ្នាក់រៀន ថតបង្ហោះ និងចោទប្រកាន់ខុសពីការពិតបែបនេះទៅវិញ។
លោកគ្រូ ទួន ប៊ុនលី ក៏បានឲ្យដឹងបន្ថែមថា ថ្នាក់របស់លោក មានកូនសិស្សច្រើន ហើយពួកគេតែងជជែកឡូឡា មិនសូវស្តាប់បង្គាប់គ្រូទេ ជាពិសេស គឺនៅពេលដែលរូបលោកមិនមានវត្តមាននៅក្នុងថ្នាក់។ ដោយសារតែការមិនស្តាប់បង្គាប់នេះ លោកក៏តែងធ្វើការដាក់វិន័យឲ្យឈរបែបនេះ តែមិនជ្រុលហួសហេតុដូចអាណាព្យាបាលចោទប្រកាន់នោះទេ។
ពិតណាស់ ដូចដែលយើងគ្រប់គ្នាបានដឹងហើយថា គ្រូជំនាន់ដើម ល្បីកាចៗណាស់ គឺសិស្សដឹងតែត្រង់ជើងភ្លឹង ដោយម្នាក់ៗគោរពគ្រូ ស្តាប់បង្គាប់គ្រូ និងគោរពវិន័យសាលាណាស់។ តែទោះជាយ៉ាងណា ក៏មិនមែនមានន័យថា ចង់ឲ្យគ្រូសម័យបច្ចុប្បន្ន ប្រើរំពាត់ ឬហិង្សាដូចគ្រូជំនាន់ដើមនោះទេ ប៉ុន្តែ បើធូររលុងពេក វាហាក់ដូចសាលាគ្មានវិន័យ គ្មានការអប់រំតឹងរ៉ឹង ដែលនាំឲ្យសិស្សមិនខ្លាច ធ្វើអ្វីតាមតែទំនើងចិត្ត ហើយលទ្ធផលចុងក្រោយ ក្លាយជាទំពាំងមិនល្អ ទៅប្រព្រឹត្តទង្វើដែលសង្គមស្អប់ខ្ពើម បែរស្តីបន្ទោសថាមកពីគ្រូ៕ រក្សាសិទ្ធិដោយ៖ លឹម ហុង



