Thursday, March 28, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

តាមរយៈការសាងសង់ផ្លូវមួយខ្សែ តំបន់ភ្នំវល្លិ៍អតីតទីតាំងការពារដ៏រឹងមាំរបស់ខ្មែរក្រហម នឹងប្រែក្លាយទៅជាតំបន់ទេសចរណ៍កាន់តែមានសក្ដានុពល

spot_img

ខេត្តកែប ៖ អតីតតំបន់ខ្មែរក្រហមដ៏រឹងមាំមួយ ត្រូវបានអភិវឌ្ឍន៍ប្រែក្លាយឱ្យទៅជាតំបន់ទេសចរណ៍ប្រវត្តិសាស្រ្ត កសិ-ទេសចរណ៍ និងធម្មជាតិ ដោយចាប់ផ្ដើមពីការស្ថាបនាផ្លូវខេត្តលេខ ១៣៣៣ ប្រភេទក្រាលកៅស៊ូ DBST ប្រវែង ១១គីឡូម៉ែត្រ បំបែកចេញពីផ្លូវជាតិលេខ៣៣ ឆ្លងកាត់៤ភូមិ និងបន្តឆ្លងកាត់រង្វង់មូលភូមិចំការបី រហូតដល់ព្រំប្រទល់ស្រុកដំណាក់ចង្អើរ ខេត្តកែប និងស្រុកកំពង់ត្រាច ខេត្តកំពត, រួចហើយឆ្ពោះទៅកាន់តំបន់ភ្នំវល្លិ៍, ទីនោះហើយ ជាអតីតតំបន់ខ្មែរក្រហមបង្កសង្គ្រាមរ៉ាំរ៉ៃជាមួយរដ្ឋាភិបាលស្របច្បាប់។

ពិធីបើកដ្ឋានសាងសង់ផ្លូវដើម្បីឆ្ពោះទៅកាន់តំបន់អភិវឌ្ឍន៍ភ្នំវល្លិ៍នេះ រៀបចំធ្វើឡើងនៅភូមិចំការបី ឃុំពងទឹក ស្រុកដំណាក់ចង្អើរ ខេត្តកែប នាថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៣ ក្រោមវត្តមាន លោក សំ សារីន ប្រធានក្រុមប្រឹក្សាខេត្តកែប និងលោកបណ្ឌិត សោម ពិសិដ្ឋ អភិបាលខេត្ត កែប ។

លោក សោម ពិសិដ្ឋ អភិបាលខេត្ត កែប បានថ្លែងឱ្យដឹងថា នេះជាសមិទ្ធផលថ្មីលើទឹកដីអតីតតំបន់សង្គ្រាមបង្ហូរឈាមរវាងខ្មែរ និងខ្មែរ និងជាតំបន់ការពារដ៏រឹងមាំរបស់ក្រុមខ្មែរក្រហម ដែលបច្ចុប្បន្នត្រូវបានផ្លាស់ប្ដូរមុខមាត់ថ្មី ទៅជាតំបន់ ទេសចរណ៍ដ៏មានសក្ដានុពល ពិសេសហេដ្ឋារចនាសម្ព័ន្ធផ្លូវខ្វាត់ខ្វែង។

ផ្លូវខ្វាត់ខ្វែងនោះ គឺគេនឹងបានឃើញផ្លូវអន្តរភូមិ ដែលនឹងលេចរូបរាងឆាប់ៗនេះ តភ្ជាប់រវាងភូមិភ្នំលាវ ភូមិចំការបី ភូមិចំការចេក និងភូមិអន្ទង់ស ដើម្បីជួយសម្រួលដល់ការធ្វើដំណើរ និងការដឹកជញ្ជូននានារបស់បងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន និងសាធារណជនទូទៅ ក្រោមម្លប់សន្តិភាពនៃការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា។

ប្រជាពលរដ្ឋដែលរស់នៅតំបន់ភ្នំវល្លិ៍ បានគាំទ្រ អបអរសាទរ ចំពោះការស្ថាបនាផ្លូវមួយខ្សែនេះ, ពួកគាត់លើកឡើងថា នៅពេលផ្លូវនេះស្ថាបនារួចរាល់ វាពិតជាបានជួយសម្រួលដល់ការលំបាករបស់អ្នកភូមិ ដោយសារដំបន់នេះ ជាកន្លែងដាំដំណាំ ដូចនេះទាមទារឲ្យមានផ្លូវល្អស្អាត សម្រាប់ដឹកកសិផល យកទៅលក់នៅលើទីផ្សារ, លើសពីនេះក៏ជាការលើកទឹកចិត្តដល់អ្នកភូមិ ឱ្យរឹងរឹតតែស្រឡាញ់ភូមិឋានរបស់ខ្លួនកាន់តែខ្លាំងឡើង៕ រក្សាសិទ្ធិដោយ ៖ ពិសិដ្ឋ CEN

spot_img
×