រឿងរ៉ាវមិនគួរឱ្យជឿមួយនេះ បានកើតឡើងនៅក្នុងប្រទេសចិន នៅពេលបុរសជរាម្នាក់ដែលត្រូវឡានបុកស្លាប់កាលពី ១១ឆ្នាំ បែរជា “មានជីវិតឡើងវិញ”។ សាច់ញាតិស្រឡាំងកាំង លាយឡំនឹងត្រេកអរ និងអះអាងថា គឺពិតជារូបគាត់ហ្នឹងហើយ តែនាំគ្នានឹកឆ្ងល់ថា ចុះកាលនោះ ពួកយើងបូជាអ្នកណាគេ?!

វេបសាយត៍ មី-រើរ-មី-ឌៀ បានរាយការណ៍ថា អាជ្ញាធរគ្រប់គ្រងការប្រើប្រាស់ច្បាប់នៅក្នុងមណ្ឌលហ៊ូណាន ដែលកំពុងដើរល្បាត បានប្រទះឃើញបុរសវ័យចំណាស់ពនេចរម្នាក់ កំពុងអង្គុយរងាញ័រញាក់នៅលើចិញ្ចើមថ្នល់ និងព្យាយាមយកថង់ប្លាស្ទិកមកគ្របដណ្ដប់រាងកាយ។ នៅពេលឃើញបែបនេះ អាជ្ញាធរក៏សម្រេចចិត្តបញ្ជូនរូបគាត់ទៅឯស្ថានីយសង្គ្រោះបន្ទាន់ដែលនៅក្បែរនោះ។ ក្រោយពីត្រួតពិនិត្យទិន្នន័យរួចហើយ មន្ត្រីនៅទីនោះក៏បានដឹងថា បុរសជរាម្នាក់នេះមាននាមត្រកូល “ចូវ” តែការបង្ហាញខ្លួនរបស់គាត់នៅពេលនេះ បានសាងនូវភាពជ្រួលច្របល់កោលាហលមិនស្ទើរឡើយ។
តាមរបាយករណ៍របស់អាជ្ញាធរ បានបញ្ជាក់ថា បុរសសែចូវ រូបនេះមានឈ្មោះពេញថា ចូវ ខាំងឡុង ត្រូវបានកត់ត្រាក្នុងកំណត់ហេតុថា “ស្លាប់ដោយសារគ្រោះថ្នាក់ចរាចរណ៍” តាំងពីឆ្នាំ២០១២។ ក្រោយពីមានជំងឺខាងផ្លូវចិត្ត និងត្រូវបានបញ្ជូនទៅព្យបាលនៅឯមន្ទីរពេទ្យឆុងឈីង គាត់បានរត់គេចចេញពីមន្ទីរពេទ្យតាមទ្វារក្រោយដោយមិនមានអ្នកណាឃើញ។ ខាងក្រុមគ្រួសារ ក៏បានតាមស្វែងរកអស់រយៈពេលប្រមាណជា ២០ថ្ងៃ រហូតដល់បានជួបនឹងសាកសពរបស់គាត់ ដេកស្លាប់នៅក្នុងព្រៃស្មៅជិតមន្ទីរពេទ្យ។

យ៉ាងណាក៏ដោយ ពីដំបូងខាងក្រុមគ្រួសារ មិនអាចបញ្ជាក់អត្តសញ្ញាណច្បាស់ថា សាកសពនោះ គឺពិតជារូបគាត់ឡើយ តែដោយសាររូបរាង កម្ពស់កម្ពរ និងមុខមាត់ មើលទៅដូចគ្នានឹងលោកតាចូវ ទីបំផុតខាងក្រុមគ្រួសារក៏បង្ខំចិត្តទទួលស្គាល់ថា សាកសពនោះ គឺពិតជាលោកតាចូវមែន ទើបបញ្ឈប់ការស្វែងរក និងនាំយកសាកសពនោះទៅធ្វើពិធីបុណ្យតាមប្រពៃណីទៅ។
រហូតដល់ពេលវេលាកន្លងផុតទៅ ១១ឆ្នាំ បងប្រុសលោកតាចូវ ស្រាប់តែបានទទួលដំណឹងពីការរកឃើញលោកតាចូវ ក៏ប្រញាប់ប្រញាល់ទៅមន្ទីរពេទ្យភ្លាម ដើម្បីអះអាងបញ្ជាក់ថា គឺពិតជាលោកតាចូវ មែន ឬមិនមែន? លុះទៅដល់មន្ទីរពេទ្យ គាត់ក៏បានជួបនឹងបុរសជរាម្នាក់ អាយុ ៧០ឆ្នាំ ស្គមស្ដើង និងមិនអាចនិយាយអ្វីបានទាំងអស់ តែមានមុខមាត់ដូចគ្នាបេះបិទនឹងប្អូនប្រុសរបស់គាត់ ដែលបានស្លាប់ទៅនោះ បេះបិទតែម្ដង។ ទោះជានិយាយមិនបានមែន តែសំណាងល្អណាស់ ដែលលោកតាចូវ នៅចំណាំបងប្រុសរបស់ខ្លួនបាន…គាត់ប្រញាប់សរសេរឈ្មោះរបស់បងប្រុសដោយដៃរញីរញ័ររបស់គាត់ភ្លាម។

សមាជិកក្នុងគ្រួសារម្នាក់និយាយថា៖“គាត់មិនអាចនិយាយ ឬស្រែកបានទេ តែសំណាងល្អណាស់ ដែលគាត់រៀនចេះអាន និងសរសេរបាន កាលពីគាត់នៅក្មេង”។
ទោះជា “ការរស់ឡើងវិញ” របស់លោកតាចូវ បានក្លាយជាដំណឹងល្អសម្រាប់ក្រុមគ្រួសារគាត់មែន តែក្នុងពេលជាមួយគ្នា វាក៏ធ្វើឱ្យកើតមានសំណួរមួយឡើងថា តើក្នុងគ្រោះថ្នាក់ចរាចរណ៍កាលពី ១១ឆ្នាំមុននោះ “តើសាកសពដែលបានបូជានោះ ជានរណាគេ?” និងសង្ឃឹមថា អាជ្ញាធរនឹងស៊ើបអង្កេតបន្ត ដើម្បីបញ្ជាក់ពីអត្តសញ្ញាណរបស់សាកសពអនាមិកនោះបានមិនខាន៕


