វាសនាមនុស្សយើងម្នាក់ៗ គឺមើលមិនឃើញនោះទេ ហេតុដូច្នេះ សូមកុំអស់សង្ឃឹមឲ្យសោះ ព្រោះមិនប្រាកដថា បច្ចុប្បន្នកាលយើងក្រលំបាក ហើយទៅថ្ងៃអនាគតយើងនឹងនៅតែបែបនេះទៀតនោះទេ ដរាបណា យើងមានការតស៊ូ និងមានឱកាសបានសិក្សារៀនសូត្រ ទទួលបានចំណេះវិជ្ជា ដែលជាស្ពានចម្លងយើងឈានទៅរកភាពជោគជ័យក្នុងជីវិត។
ជាក់ស្តែង ដូចដែលប្រិយមិត្តជាច្រើន បានទទួលជ្រាបរួចហើយ ពីកញ្ញា រ៉ុន សុភី ដែលជាក្មេងដើររើសអេត និងរស់នៅលើភ្នំសំរាម បានក្លាយជាបុគ្គលិកការិយាល័យធ្វើការនៅអូស្ត្រាលី ក្រោយបញ្ចប់ការសិក្សាថ្នាក់មូលដ្ឋាននៅ Trinity College និងថ្នាក់បរិញ្ញាបត្រនៅ University of Melbourne ក្នុងឆ្នាំ ២០២២ ដោយសារតែគុណបំណាច់ដ៏ធំធេង ពីអង្គការមូលនិធិកុមារកម្ពុជា (CCF) របស់លោក ស្កុត នីសុន និងការខិតខំសិក្សារៀនសូត្ររបស់នាង។
គួររំលឹកថា កាលពីជាង១០ ឆ្នាំមុន គ្មាននរណាម្នាក់អាចនឹកស្មានថា ក្មេងស្រីដែលមានក្លិនខ្លួនស្អុយ ស្លៀកខោមិនខោអាវមិនអាវ ហើយផ្ញើជីវិតនៅលើទីលានចាក់សំរាមរូបនេះ អាចមានសម្រស់ស្រស់ស្អាត និងព្រមទាំងរៀនពូកែ រហូតបានអាហារូបករណ៍ទៅសិក្សានៅឯសកលវិទ្យាល័យដ៏ល្បីមួយនៅប្រទេសអូស្រ្តាលីនោះឡើយ។ ប៉ុន្តែជាសំណាងល្អ ដែលសុភី បានជួបនឹងលោក Scott Neeson ជានាយកអង្គការមូលនិធិកុមារកម្ពុជា គ្រាដែលលោកចុះចែកអាហារ និងសួរសុខទុក្ខក្មេងៗ នៅតំបន់គំនរសំរាមស្ទឹងមានជ័យ ហើយពេលនោះហើយ ដែលបានប្រែវាសនា សុភី ក្នុងអាយុ ១១ ឆ្នាំ ឲ្យមានឪកាសបានរៀនសូត្រនឹងគេ នៅក្នុងអង្កការនេះតែម្តង។ ជាក់ស្តែង កាលពី២០១៨ យុវតីរូបនេះក្នុងវ័យ២១ឆ្នាំ បានទទួលអាហារូបករណ៍ពីសកលវិទ្យាល័យ Melbourne ប្រទេសអូស្រ្តាលី លើជំនាញពាណិជ្ជករ ក្រោមការជ្រុំជ្រែងពីអង្គការនេះផងដែរ។
បច្ចុប្បន្ន កញ្ញា រ៉ុន សុភី មានអាយុ ២៦ ឆ្នាំ ហើយ ស្ថិតក្នុងគ្រួសារ ដែលមានបងប្អូន ៧ នាក់ ដោយនាងជាកូនទី២។ ទោះជាយ៉ាងណា ឪពុកម្ដាយរបស់នាង មិនមានលទ្ធភាពអ្វីធំដុំក្នុងការប្រកបរបរចិញ្ចឹមជីវិតទេ គឺមានតែការជួយជ្រោមជ្រែងពីកូនៗប៉ុណ្ណោះ ជាពិសេសកញ្ញាផ្ទាល់ ដែលខិតខំបំពេញការងារ ដើម្បីផ្គត់ផ្គង់ការចាយវាយសម្រាប់ខ្លួនឯងផង និងផ្ញើមកគ្រួសារផង៕ រក្សាសិទ្ធិដោយ៖ លឹម ហុង




