ការប្រហារជីវិត គឺជាការដាក់ទោសកម្រិតខ្ពស់បំផុតរបស់ច្បាប់ តែក៏មានអ្នកទោសជាច្រើននាក់ដែរ ដែលត្រូវបានប្រហារហើយ តែមិនស្លាប់។ គឺជារឿងរ៉ាវដែលមិនគួរឱ្យជឿទាល់តែសោះ តែវាបានកើតឡើងរួចមកហើយកាលពីអតីតកាល។ តើវាចម្លែកយ៉ាងណាខ្លះនោះ សូមតាមដានដូចតទៅ…
១០. Elizabeth Proctor – ឆ្នាំ១៦៩២
ក្នុងឆ្នាំ១៦៩២ អេលីហ្សាប៊ែត ផ្រុកទ័រ (Elizabeth Proctor) និងប្ដីរបស់នាង ឈ្មោះ ចន ត្រូវបានសម្រេចថា ជាមេធ្មប់ប្រើប្រាស់មន្តអាគមខ្មៅងងឹត។ ក្រោយពីត្រូវចាប់ឃុំខ្លួនរួចមក ទាំង ២នាក់ ត្រូវបានសម្រេចក្តីដោយគណៈមន្ត្រីខាងច្បាប់ ជាមួយអ្នកជាប់ចោទជាច្រើននាក់ទៀត។ បន្ទាប់សាកសួរសាក្សីដែលជាអ្នកជិតខាងផ្ទះរបស់ពួកគេហើយ Elizabeth និងស្វាមី ក៏ត្រូវកាត់ក្តីថា មានកំហុសពិតប្រាកដមែន! និងត្រូវតែកាត់ទោសប្រហារជីវិត តែដោយសារតែពេលនោះ Elizabeth កំពុងមានផ្ទៃពោះ និងដោយក្តីមេត្តាផងនោះ តុលាការក៏ពន្យារពេលការប្រហារជីវិតនៅថ្ងៃទី១៩ សីហា ឆ្នាំ១៦៩២។ នៅឆ្នាំ១៦៩៣ ខែមករា Elizabeth ក៏ផ្តល់កំណើតកូនប្រុសនៅក្នុងគុក ដែលនាងបានដាក់ឈ្មោះឱ្យថា ចន តាមឈ្មោះស្វាមីរបស់នាង។ ដោយមិនដឹងពីហេតុផលច្បាស់លាស់ថាយ៉ាងណានោះទេ Elizabeth មិនត្រូវបានប្រហារជីវិតឡើយ និងត្រូវបានដោះលែងព្រមៗគ្នាជាមួយជនជាប់ចោទដទៃទៀត រួមទាំងអស់ ១៥៣នាក់ ដោយតុលាការបានក្រឡាស់ការសម្រេចក្តី និងប្រាប់ថា នាងត្រូវគេចោទប្រកាន់ និងឆ្លើយដាក់ទៅវិញ។
តែរឿងដែលគួរឱ្យចាប់អារម្មណ៍នោះគឺ បន្ទាប់ពីការសម្រេចក្តីលើកដំបូងរួចមក អ្នកទោស ១៩នាក់ត្រូវបានព្យួរក (ស្រី ១៤នាក់ និងប្រុស ៥នាក់) មានបុរសម្នាក់ដែលបានរើបម្រះតតាំងមិនព្រមឱ្យព្យួរក ក៏ត្រូវប្រហារដោយការដាក់ដុំថ្មដ៏ធំមួយសង្កត់ពីលើខ្លួនរហូតដល់ស្លាប់ និង ៥នាក់ទៀតត្រូវឃុំឃាំងរហូតស្លាប់នៅក្នងគុក មុននឹងអ្នកទោសឯទៀតត្រូវបានដោះលែង៕

៩. ចន ហេនរី ចច លី (John Henry George Lee) – កើតឆ្នាំ១៨៦៤ ដល់១៩៤៥
នៅឆ្នាំ១៨៨៤ អេមម៉ា ឃី-សេ (Emma Keyse) ត្រូវបានធ្វើឃាតយ៉ាងសាហាវឃោរឃៅនៅក្នុងផ្ទះរបស់នាង បំពង់ករបស់នាងត្រូវបានអារផ្តាច់ដោយកាំបិត ហើយផ្ទះត្រូវបានដុតកម្ទេចចោល។ ពេលនោះ ចន ហេនរី ចច ដែលជាអ្នកបម្រើនៅក្នុងផ្ទះ បានក្លាយជាជនសង្ស័យទី១ ភ្លាមតែម្តង និងក្រោយមកត្រូវបានកាត់ក្តីថា ជាអ្នកសម្លាប់ អេមម៉ា និងត្រូវបានសម្រេចក្តីឱ្យប្រហារជីវិតដោយការព្យួរក។ ថ្ងៃដែលត្រូវប្រហារជីវិត គឺថ្ងៃទី២៣កុម្ភៈ១៨៨៥។ តែខណៈដែលគេកំពុងជិតត្រូវគេព្យួរកហើយនោះ គន្លឹះទ្វារបិទបើក ដែល ចន ហេនរី ចច លី ជាន់ពីលើនោះ បែរជាមិនដំណើរការ និងមិនមែនតែ ១ដង ឬ២ដងនោះទេ តែដល់ទៅ ៣ដងឯណោះ!!។ គេក៏ត្រូវបញ្ជូនខ្លួនត្រឡប់ទៅក្នុងគុកវិញ និងកាត់បន្ថយទោសមកនៅត្រឹមជាប់គុក ១ជីវិតវិញ។ ឯរឿងដែលគួរឱ្យចាប់អារម្មណ៍នោះគឺ បន្ទាប់ពីជាប់គុកបាន ២៣ឆ្នាំ (ខណៈមានអាយុ ៤១ឆ្នាំ) ចរន្តសង្គមបានដាក់សម្ពាធឱ្យរដ្ឋាភិបាល រើយករឿងក្តីរបស់ ចន ហេនរី ចច លី មកពិនិត្យឡើងវិញ ហើយរូបគេក៏ត្រូវបានដោះលែងនៅក្នុងខែធ្នូ ឆ្នាំ១៩០៧។ មិនមែនដោយសារតែគេប្រព្រឹត្តខ្លួនជាអ្នកទោសល្អនៅក្នុងគុកនោះទេ តែដោយសារតែការប្រហារជីវិតគេ មិនទទួលបានជោគជ័យដល់ទៅ ៣ដងនោះឯង។

៨. វីល្លៀម ឌៀល (William Duell) – កើតឆ្នាំ១៧២៤
ក្នុងឆ្នាំ១៧៤០ ខណៈដែល William Duell អាយុគ្រប់ ១៦ឆ្នាំ គេត្រូវក្លាយខ្លួនជាជនល្មើសពីបទរំលោភសម្លាប់ក្មេងស្រីម្នាក់ក្នុងទីក្រុងឡុងដ៍។ គេត្រូវបានសម្រេចក្តីឱ្យប្រហារជីវិតដោយការព្យួរក ជាមួយមិត្តភក្តិរបស់គេ ៤នាក់ទៀត។ ក្នុងសម័យនោះ សាកសពរបស់អ្នកទោសទាំងអស់នឹងត្រូវបញ្ជូនទៅឱ្យសាលាពេទ្យ ដើម្បីទុកធ្វើការវះកាត់សិក្សាស្រាវជ្រាវ ហើយសាកសពរបស់ វីល្លៀម ក៏ដូចគ្នាដែរ បន្ទាប់បានព្យួរករួច សាកសពរបស់គេក៏ត្រូវបញ្ជូនទៅឯសាលាពេទ្យ។ បន្ទាប់ពីគ្រូពេទ្យដោះខោអាវចេញពីសាកសពគេអស់ហើយ ក៏បានដឹងថា គេនៅមានដង្ហើមនៅឡើយ! បន្ទាប់ពីនោះ ២ម៉ោងមកទៀត វីល្លៀម ក៏ដឹងខ្លួនឡើង ហើយក្រោកអង្គុយដូចមនុស្សប្រក្រតី។ យប់នោះ គេត្រូវបានដោះលែងឱ្យមានសេរីភាពភ្លាមតែម្តង។

៧.ហ្សូ-លី-ខា ខាត-ខូ-ដា Zoleykhah Kadkohda – កើតឆ្នាំ១៩៧៧
ក្នុងឆ្នាំ១៩៩៧ Zoleykhah ខណៈមានអាយុ ២០ឆ្នាំ នាងក៏ត្រូវបានចាប់ខ្លួន និងត្រូវសង្ស័យថា បានប្រព្រឹត្តអំពើផិតក្បត់មានសាហាយ។ តុលាការបានកាត់សេចក្តីភ្លាមៗតែម្តងថា នាងមានកំហុស និងបញ្ជាឱ្យប្រហារជីវិតដោយការគប់នឹងដុំថ្ម។ នាងត្រូវបានគេកប់ត្រឹមចង្កេះ បន្ទាប់ពីនោះពួកអ្នកស្រុកក៏នាំគ្នាសម្រុកគប់ដុំថ្មដាក់នាង រហូតទាល់នាងនៅស្ងៀមលែងកម្រើក ធ្វើឱ្យគ្រប់គ្នាគិតថា នាងបានស្លាប់បាត់ទៅហើយ ទើបបញ្ជូននាងទៅឯបន្ទប់តម្កល់សព តែក្រោយពីនោះបន្តិច ដង្ហើមរបស់នាងក៏ចាប់ផ្ដើមមានឡើងវិញម្តងទៀត និងត្រូវបានគេបញ្ជូនទៅមន្ទីរពេទ្យភ្លាមតែម្តង។ អាការរបស់នាងចាប់ផ្តើមល្អឡើងវិញជាបណ្តើរៗ និងប្រក្រតីឡើងវិញនៅពេលក្រោយមក។ អ្វីដែលគួរឱ្យចាប់អារម្មណ៍គឺ តុលាការនៃប្រទេសអ៊ីរ៉ង់ បានលើកយករឿងការប្រហារជីវិតនាង មកជំនុំជម្រះឡើងវិញម្តងទៀត និងសម្រេចដោះលែងនាង ឱ្យមានសេរីភាពនៅថ្ងៃទី២៦ វិច្ឆិកា ឆ្នាំ១៩៩៧។

៦. វីន-សេ-ស្លៅ ម៉ូ-ហ្គេល (Wenseslao Moguel)
នៅថ្ងៃទី១៨ មីនា ឆ្នាំ១៩១៥ វីន-សេ-ស្លៅ ម៉ូ-ហ្គេល ត្រូវបានចាប់ខ្លួន ខណៈពេលកំពុងតស៊ូក្នុងហេតុការណ៍បដិវត្តន៍មួយនៅប្រទេសមិកស៊ិកកូ រូបគេត្រូវបានសម្រេចឱ្យប្រហារជីវិតដោយមេទ័ពរបស់ក្រុមយោធាដែលចាប់ខ្លួនគេនោះ។ ភ្លាមៗនោះ វីន-សេ-ស្លៅ ម៉ូ-ហ្គេល ត្រូវបានបាញ់សម្លាប់ ៩គ្រាប់ និង ១គ្រាប់ចុងក្រោយនោះ ត្រូវបានបាញ់បែបភ្ជង់ជាប់នឹងក្បាលរបស់គេទៀតផង តែគួរឱ្យអស្ចារ្យខ្លាំងណាស់ ដែលគេមិនស្លាប់ និងអាចរត់គេចខ្លួនចេញពីទីនោះមកបាន។ រូបថតនេះ ត្រូវបានថតនៅក្នុងឆ្នាំ១៩៣៧ ខណៈដែលគេកំពុងផ្តល់បទសម្ភាសន៍ក្នុងកម្មវិធីវិទ្យុ រីបលីយ៍ ប៊ីលីហ្វ អ៊ីត អ័រ ណត់ Ripley’s Believe it or not និងកំពុងចង្អុលប្រាប់ពីស្នាមរបួស ដែលរូបគេត្រូវបានក្រុមយោធាបាញ់ក្នុងចម្ងាយដ៏ជិតបំផុត។
នៅមានបុគ្គលដែលមានជីវិតអមតៈ ៥នាក់ទៀត ដែលមច្ចុរាជមិនអាចយកជីវិតពួកគេបាន សូមរង់ចាំតាមដានបន្ត…














