យាយដល់រឿងរបររកស៊ីរត់ម៉ូតូឌុប ជាពិសេសក្រុមកាងបេន នោះបងប្អូនមហាជនជាច្រើន ច្បាស់ជាបានដឹងរួចហើយ ព្រោះថា ក្រុមនេះបានគ្រប់គ្រងទីកន្លែងចំណតរបស់ពួកគេ ពិសេសតាមបេនឡាន ឬ ក្លឹប ដោយមិនអនុញ្ញាតឲ្យអ្នករត់ម៉ូតូផ្សេងណា ក្រៅពីបក្ខពួកខ្លួន មកដណ្តើមម៉ូយរបស់ពួកគេនោះទេ ហើយប្រសិនបើហ៊ានមកដណ្តើម នោះប្រាកដជាមានរឿងហេតុកើតឡើង ដែលអាចត្រូវដំបងទីប ឬការព្រួតវាយពីសំណាក់ពួកគេជាក់ជាមិនខាន។
ជាក់ស្តែង ដូចករណីនេះជាដើម បានធ្វើឲ្យមហាជនសម្តែងការហួសចិត្ត និងគួរឲ្យស្អប់ជាខ្លាំង នៅពេលដែលបានឃើញបុរសអ្នករត់កង់បីម្នាក់ ដែលជាបងធំកាន់កាប់បេន នៅផ្លូវកប់ស្រូវ (ល្បឿនលឿន) បានកាន់អាវុធមុតស្រួចទំនងជាដាវ គំរាមរកចង់កាប់ទៅលើអ្នករត់កង់បីម្នាក់ ដែលមករត់នៅក្បែរនោះ ហើយបានហៅភ្ញៀវ ពីកន្លែងបេនរបស់ខ្លួនគ្រប់គ្រង។
ក្រោយពីបានឃើញបែបនេះ មហាជនបានបញ្ចេញមតិលើកឡើងថា «នេះគេហៅថាដណ្តើមគ្នារស់ មិនមែនចែកគ្នារស់ទេ»។ ក្នុងនោះ អ្នករត់កង់បីម្នាក់ ដែលធ្លាប់ជួបពួកកាងបេនរកវាយ បានចែករំលែកឲ្យដឹងថា៖ «ខ្ញុំជាអ្នករត់កង់បីដែរខ្ញុំស្គាល់ហើយ។នៅភ្នំពេញយើង គឺវាតែអញ្ចឹង។ យើងមកពីខេត្ត ឬក៏មកពីណា មករត់ចំកន្លែងគេ គឺគេមិនឲ្យរត់ទេ ថែមទាំងត្រូវគេរកវ៉ៃទៀតផង ក្រៅតែពីបក្ខពួកគេគឺមិនបានទេ, មានយូរហើយឲ្យតែរ៉ឺម៉កគេប្លែក មកចតបានតិច ថាទឹកដីខ្លួន ហៅគ្នាមកកាង»។
ទោះជាយ៉ាងណា ជាមួយទង្វើមានប្រើអាវុធមុតស្រួច ក្នុងបំណងកាងកំហែងផលប្រយោជន៌បែបនេះ មហាជនក៏សូមស្នើដល់សមត្ថកិច្ច មេត្តាហៅយកទៅវាស់កម្ពស់ម្តងទើបរាង ព្រោះថា ជនម្នាក់នេះមិនមែនស្ទាវទំនើងទេ គឺចាស់ទំនើងតែម្តង មើលតែចរឹកដូចឃើញស្រាប់ហើយ៕ រក្សាសិទ្ធិដោយ៖ លឹម ហុង



