ប្រិយមិត្តជាច្រើន បានទទួលជ្រាបរួចហើយ ពីហេតុការណ៍ដ៏មិននឹកស្មានដល់មួយ គ្រាដែលអ្នកកាន់កាមេរ៉ាថត ពីការប្រគុំតន្រ្តីមួយនៅលើទឹកដីខេត្តបាត់ដំបង កាលពីពេលថ្មីៗនេះ ចៃដន្យ ស្រាប់តែបានធ្លាក់ពីលើឆាកដ៏រន្ធត់ ខណៈពេលកំពុងថតការឡើងបកស្រាយបទចម្រៀង ពីតារាចម្រៀងលោក គូម៉ា។
ពិតណាស់ ក្រោយពីបានឃើញរូបភាពដ៏រន្ធត់នេះ មហាជនក៏បានធ្វើការរិះគន់ ទៅលើតារាចម្រៀងប្រចាំផលិតកម្មថោនរូបនេះ យ៉ាងចាស់ៗដៃ ដោយបានលើកឡើងថាជាមនុស្សអត់ចិត្ត អត់បេះដូង ព្រោះថា ពេលឃើញអ្នកកាន់កាមេរ៉ា ធ្លាក់ពីលើឆាកស្រស់ៗនៅនឹងមុខ តែមិនស្ទុះស្ទាជួយសង្គ្រោះ បែរជានៅបន្តច្រៀងហាក់គ្មានរឿងអ្វីកើតឡើងសោះអ៊ីចឹង!។
ទោះជាយ៉ាងណា ក្រោយទទួលរងមតិរិះគន់ ពីមហាជន ទីបំផុត លោក គូម៉ា ក៏បានចេញវីដេអូតាមរយៈបណ្តាញសង្គម TikTok ដោយជាដំបូង បាននិយាយបែបនេះថា រូបលោកមានអារម្មណ៍សប្បាយចិត្ត ចំពោះការរិះគន់មួយនេះ ព្រោះការរិះគនេះបានបង្កប់នូវស្រឡាញ់ពីមហាជន។
បន្ទាប់មក លោក គូម៉ា ក៏បានបកស្រាយ ដោយលើកយកហេតុផលទាំងនេះឲ្យមហាជនបានដឹងថា តាមពិតទៅ ស្ថានភាពនៅពេលនោះ គឺក្រោយអ្នកកាន់កាមេរ៉ា ធ្លាក់ រូបលោកក៏មានអារម្មណ៍ច្របូកច្របល់យ៉ាងខ្លាំង ប៉ុន្តែ បានអះអាងថា នៅពេលនោះ គឺមានបងប្អូនក្រុមការងារ ៤-៥ នាក់ បានស្ទុះមកជួយសង្គ្រោះគាត់ភ្លាមៗតែម្តង។ លោក គូម៉ា ក៏បានឲ្យដឹងទៀតថា មូលហេតុដែលរូបលោកមិនឈប់ច្រៀង លោតចុះជួយ គឺដោយសារតែការប្រគុំតន្រ្តីនៅយប់នោះ គឺជាការផ្សាយផ្ទាល់ ហេតុនេះក្រុមការងារ ក៏បានឲ្យសញ្ញាមកថា ច្រៀងបន្តធម្មតាទៅ។
ទោះជាយ៉ាងណា លោកបន្ថែមថា ក្រោយសម្តែងចប់ លោកក៏បានសួរសុខទុក្ខអ្នកកាន់កាមេរ៉ារងគ្រោះ ហើយរហូតមកដល់ភ្នំពេញ គឺរូបលោកក៏នៅតែបន្តចង់ដឹងពីស្ថានភាពរបស់គាត់ថា តើគាត់មានការប៉ះពាល់ក្បាល ឬបាក់ឆ្អឹងត្រង់ណាដែរទេ ប៉ុន្តែ ជាដំណឹងដ៏ល្អ គាត់មិនមានអ្វីប៉ះពាល់ធ្ងន់ធ្ងរនោះទេ។
តែយ៉ាងណាមិញ បន្ថែមលើមូលហេតុ មិនចុះជួយ ដោយសារកម្មវិធីផ្សាយផ្ទាល់ ក៏មានបងប្អូនអ្នកលេងបណ្តាញសង្គម ដាក់បន្ថែមហាក់ចំៗថា៖ «ជាប់ចាក់ឌីស ខ្លាចខ្មាសគេ, ខាងអ្នកចាក់ឌីសអត់បិទ»៕ រក្សាសិទ្ធិដោយ៖ លឹម ហុង








@kumasinger អរគុណបងប្អូនខ្លាំងបំផុតសម្រាប់ទឹកចិត្តអាណិតស្រលាញ់នឹងយកចិត្តទុកដាក់មកលើក្រុមការងារ🙏🙏🙏
♬ original sound – KuMa ( គូម៉ា )